អានតួអត្ថបទ
កម្ពុជា

សង្គ្រោះជាតិ ​ប្ដឹង​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ​​ករណី​​បក​ស្ទីកឃ័រ​​បក្ស​​ ក្នុង​​ថ្ងៃ​​ឃោសនា​​បោះឆ្នោត​

គណបក្ស​​សង្គ្រោះ​​ជាតិ​​បាន​សម្រេច​​ដាក់​ពាក្យ​​ប្ដឹង​​អាជ្ញាធរ​​ខណ្ឌ​ដូនពេញ ​ទៅ​កាន់​​គណៈកម្មាធិការ​​​រៀបចំ​ការ​បោះ​ឆ្នោត​​រាជ​​ធានី​​ភ្នំពេញ ​ករណី​​ដែល​​អាជ្ញាធរ​​បាន​​ចុះ​​កាត់ ​ដក​​ស្លាក ​​និង​​បក​​ស្ទីក​ឃ័​រ​​របស់​​គណបក្ស ​កាល​ពី​​ថ្ងៃទី ​២៧​​ឧសភា ​ដែល​​ស្ថិត​នៅ​ក្នុង​​ថ្ងៃ​​ឃោសនា​​បោះឆ្នោត​​។ ​សម្រាប់​​គណបក្ស​ប្រឆាំង ​នេះ​​គឺ​ជា​​ការ​រំលោភ​​ច្បាប់​បោះ​ឆ្នោត​។

សន្តិសុខ​ខណ្ឌ​ដូនពេញ ​ចុះ​កាត់​ផ្ទាំង​ឃោសនា​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ចេញ​ពី​បង្គោ​ល​ភ្លើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​កាល​ពី​ថ្ងៃទី ​២៧ ​ឧសភា ​ឆ្នាំ ​២០១៧​។​
សន្តិសុខ​ខណ្ឌ​ដូនពេញ ​ចុះ​កាត់​ផ្ទាំង​ឃោសនា​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ចេញ​ពី​បង្គោ​ល​ភ្លើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​កាល​ពី​ថ្ងៃទី ​២៧ ​ឧសភា ​ឆ្នាំ ​២០១៧​។​ @FN
ផ្សាយពាណិជ្ជកម្ម

ពាក្យបណ្តឹង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ឡើងភ្លាមៗ ពោលគឺ​បន្ទាប់ពី​អាជ្ញាធរ​ខណ្ឌ​ដូន​ពេញ បាន​ចុះទៅ​បក និង​ដកយក​ស្លាក​ឃោសនា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែលមាន​បិទ​​នៅលើ​បង្គោល​ភ្លើង​និង​ដើមឈើ។ ពាក្យបណ្តឹង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​ទម្រង់ ១២០២​ បាន​លើកឡើងថា ទង្វើ​របស់​អាជ្ញាធរ​បា​ន​ធ្វើ​លើសពី​ខ្លឹមសារ​ច្បាប់ ត្រង់​មាត្រា ៦៩ នៃ​​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ/សង្កាត់ ដែល​បាន​ហាម​មិន​ឲ្យ​លើក ឬ​បិទ ​តែ​នៅ​បរិវេណ​ឬ​អាគារ​រដ្ឋ​តែប៉ុណ្ណោះ។

 
គួរ​ជំរាបជូន​ថា កាលពី​ថ្ងៃទី២៧ឧសភា អាជ្ញាធរ​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ ជា​អភិបាលខណ្ឌ បាន​ចុះទៅ​កាត់ និង​ដក​ស្លាក​ឃោសនា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដោយ​អាជ្ញាធរ​បាន​អះអាងថា សង្គ្រោះ​ជាតិ បាន​បំពាន​ច្បាប់​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​បាន​ហាម​មិន​ឲ្យ​គណបក្សនយោបាយ​យក​ស្លាក​ទៅ​បិទ​នៅតាម​ដើមឈើ និង​​បង្គោល​ភ្លើង​ជាដាច់ខាត។ ប៉ុន្តែ​លោក ហង់ ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​បាន​លើក​ឡើង​​ថា ​នីតិវិធី​នៃ​ការឃោសនាបោះឆ្នោត គ.ជ.ប បាន​ហាមប្រាម​មិន​​ឲ្យ​​មាន​​ការ​បិទ​​ស្ទីក​ឃ័​រ​ និង​​បដា​​តែ​​នៅ​តាម​​អគារ​​របស់​​រដ្ឋ​​តែ​ប៉ុណ្ណោះ​។ ក៏ប៉ុន្តែ​ចំពោះ​ការបិទ​ផ្សាយ​នៅតាម​ដើមឈើ និង​បង្គោល​ភ្លើង​នោះ គឺ គ.ជ.ប មិនមែនជា​អ្នកចេញ​បម្រាម​នោះឡើយ។

ជុំវិញ​ករណីនេះ បន្ទប់​ស្ថានការណ៍​សម្រាប់​ការបោះឆ្នោត ដែលជា​បណ្តុំ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ដើម្បី​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​បាន​ចាត់ទុកថា ករណីនេះ គឺជា​ការ​រិត​ត្បិត​​សិទ្ធិសេរីភាព​ក្នុងការ​ឃោសនាបោះឆ្នោតរ​បស់​គណបក្សនយោបាយ​នៅតាម​ទី​សាធារ​ណៈ។​
លោក ​សំ គ​ន្ធា​មី អ្នកនាំពាក្យ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការបោះឆ្នោត​នេះ បាន​វាយតម្លៃ​ជា​បឋម​​ថា យុទ្ធនាការ​ឃោស​នានា​ប៉ុន្មាន​ថ្ងៃ​មកនេះ មិនមាន​ភាពស្មើគ្នា​នោះទេ នោះ​បើ​គិត​ទាំង​ប្រព័ន្ធ​​ឃោសនា និង​ការបិទ​ផ្សាយ​ខិតប័ណ្ណ​នៅតាម​ទីសាធារណៈ​នេះ។

សូម​បញ្ជាក់​ថា ករណីនេះ ក៏​កំពុង​កើតឡើង​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ខណ្ឌ​សែន​សុខ ស្ថិតនៅ​ភាគ​ខាងលិច​ទីក្រុង​ភ្នំពេញ​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ