អានតួអត្ថបទ
កម្ពុជា-នយោបាយ

ចលនា​ប្រមូល​ផ្តុំ​​ពីរ​នឹង​​កើត​​ឡើង​​នៅ​កូរ៉េខាងត្បូង​ ចំ​ពេ​ល​មាន​ទស្សនកិច្ច​លោក ​ហ៊ុន សែន​

ពលករខ្មែរ​ដែល​កំពុង​រស់នៅ​និង​ធ្វើការ​នៅក្នុង​ប្រទេសកូរ៉េខាងត្បូង​ចំនួនពីរ​ក្រុម ​បាន​អះអាង​ថា ​ពួកគេ​និង​ប្រមូលផ្តុំគ្នា​ នៅ​ថ្ងៃទី ​២៤​ វិច្ឆិកា ​ខាងមុខនេះ​ ដោយ​មួយ​ក្រុម​គឺ​ដើម្បី​ស្វាគមន៍​ដំណើរ​​របស់​លោក​​នាយក​រដ្ឋមន្ត្រី ​​ហ៊ុន សែន​​ ទៅ​​ចូលរួម​​កិច្ច​ប្រជុំ​​កំពូល​​ អាស៊ាន​​-​​កូរ៉េខាង​ត្បូង​​។ ​​ប៉ុន្តែ​​យុវជន​​មួយ​​ក្រុម​​ទៀត​​បាន​​ប្រកាស​​ថា​​ នឹង​​ធ្វើ​បាតុកម្ម​​ប្រឆាំង​​និង​​លោក​​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន ​សែន​​ ​ដើម្បី​​ទាមទារ​​ឲ្យ​​មាន​ការ​​ស្តារ​​លទ្ធិប្រជាធិបតេយ្យ​​នៅ​​កម្ពុជា​​ឡើង​​វិញ​​។​ 

បាតុកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី នៅ​ឆ្នាំ​២០១៨
បាតុកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី នៅ​ឆ្នាំ​២០១៨ REUTERS
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សារអំពាវនាវ​មួយ​របស់​លោក​ យឹម​ ស៊ីណន​ ប្រធាន​ចលនា​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​​ប្រចាំ​​នៅ​​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​ បាន​អះអាង​ថា ​ពួកគេ​នឹង​ធ្វើ​បាតុកម្ម​​ដ៏​ធំ​​មួយ​​នៅក្នុង​ទីក្រុង​ភូសាន​ ប្រទេស​កូរ៉េខាងត្បូង​ នៅថ្ងៃទី ​២៤​ វិច្ឆិកា ​ខាង​មុខ​នេះ​​។​ ជា​បាតុកម្ម​ដើម្បី​ប្រឆាំង​និង​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេសកម្ពុជា​ឡើង​វិញ​។ ​ក្នុង​នោះ ​រួម​មាន​​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​លើ​លោក ​កឹម សុខា ​និង​ស្តារ​ឲ្យ​អតីត​គណ​បក្ស​​សង្គ្រោះជាតិ​រស់​ឡើង​វិញ​។

ប៉ុន្តែ​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ លោក សុខ ឥសាន​ បាន​ចំអ​កឲ្យ​បាតុកម្ម​នេះ​វិញ​​ថា​ និង​មិន​ទទួល​បាន​ជោគជ័យ​នោះទេ​ ខណៈដែល​យុវជន​ដែល​គាំទ្រ​គណបក្ស​កាន់​អំណាច​ នៅ​ក្នុង​ប្រទេសកូរ៉េខាត្បូង​ ក៏​នឹង​ជួប​ជុំគ្នាផង​ដែរ​ ដើម្បី​ស្វាគមន៍​វត្តមាន​របស់​​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​។​ លោក​ សុខ ឥសាន​ បាន​ចាត់​ទុក​ចលនា​យុវជន​ដែល​​គាំទ្រ​អតីត​គណបក្សប្រ​ឆាំង​នៅ​លើទឹកដី​កូរ៉េខាង​ត្បូង​ថា​ ជា​ក្រុម​តូចតាច​ ដែល​មិន​ខុស​​ពី​​បាតុកម្ម​នៅ​តាម​បណ្តាប្រទេស​នានា ​តួយ៉ាង​ ដូចជា​ សហរដ្ឋអាមេរិក​ បារាំង ​ឬ​ប្រទេស​​ជប៉ុន​នោះឡើយ ​ដែល​នឹង​មិន​មាន​ឥទ្ធិពល​អ្វី​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ឡើយ​។

គួរ​ជំរាបជូន​ថា ​បើមិនមានការ​ប្រែប្រួល​ទេ​ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ នឹង​ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា ​ទៅ​ចូលរួម​កិច្ច​ប្រជុំកំពូល​អាស៊ាន​-​កូរ៉េខាងត្បូង​ ចាប់​ពីថ្ងៃទី​ ២៤​ ដល់​​ថ្ងៃទី ​២៧​ វិច្ឆិកា ​ខាងមុខ​នេះ ​ដែល​ប្រព្រឹត្ត​ទៅ​នៅឯ​ទីក្រុង​ភូសាន​ ប្រទេស​កូរ៉េខាង​ត្បូង​។

ទោះ​​ជា​យ៉ាង​នេះ​ក្តី​ អ្វី​ជា​ការ​កត់​សំគាល់​ បាតុកម្ម​របស់​ចលនា​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំនៅ​ក្នុង​ប្រទេសកូរ៉េខាងត្បូង​ នៅ​ថ្ងៃទី​ ២៤​ វិច្ឆិកា ​ខាងមុខនេះ​ ធ្វើឡើង​ស្រប​ពេល​​ដែល​សហភាព​អឺរ៉ុប​ កំពុង​ដាក់​សម្ពាធ​មកលើ​រដ្ឋាភិបាល​កម្ពុជា ​ឲ្យ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា​ឡើង​វិញ ​និង​ស្របពេល​ដែល​លោក ​សម រង្ស៊ី ​អតីត​ប្រធាន​​គណបក្ស​សង្គ្រោះជាតិ​ បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​អតីត​គណបក្ស​សង្រ្គោះជាតិ​ទាំង​អស់​ ពង្រឹងការតស៊ូ ​ប្រឆាំង​និង​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ចាប់ពី​ថ្ងៃទី ​១២​ វិច្ឆិកា ​ដល់​ថ្ងៃ ​១២ ​ធ្នូ ខាងមុខ​។ ​ជាអ្វីដែល​លោក សម រង្ស៊ី ​បាន​អះអាងថា ​គឺ​ស្រប​រយៈ​ពេល​​ឱសាវាទ​ដែល​សហភាព​អឺរ៉ុប​បាន​ដាក់​មកលើ​រដ្ឋាភិបាល​កម្ពុជា ​ឲ្យ​ទម្លាក់​ចោល​ជា​ស្ថាពរ​​នូវ​រាល់ការ​ចោទ​ប្រកាន់​មកលើ​ថ្នាក់​ដឹកនាំ​និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ទាំង​អស់​ និង​ដើម្បី​បើក​ផ្លូវ​ឲ្យ​អតីត​គណបក្ស​សង្គ្រោះជាតិដំ​ណើរការ​ឡើង​វិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ