អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​ប្រឆាំង​ងាក​មក​តតាំង​នៅ​សភា ​មុន​ស្វែង​រក​ការ​ចរចារ​នយោបាយ​

ប្រធាន​​ក្រុម​​អ្នក​តំណាង​រាស្ត្រ​​គណបក្ស​​សង្គ្រោះ​ជាតិ ​លោក​ សុន ឆ័យ ​បាន​​ឲ្យ​​ដឹង​ថា​ គណបក្ស​​​គណបក្ស​​សង្គ្រោះ​​ជាតិ ​គ្រោង​​នឹង​​កោះ​ហៅ​​រដ្ឋ​មន្ត្រី​​ចំនួន​៤​រូប ​ឲ្យ​​ទៅ​​បំភ្លឺ​​នៅ​​ចំពោះ​​មុខ​​រដ្ឋសភា​​ជា​ថ្មី ​នៅ​​ដើម​ខែ​​តុលា​​ខាង​មុខ​។ ​ស្រប​ពេល​​ជា​មួយ​គ្នា​នេះ ​ក្រុម​​អ្នក​​តំណាង​​រាស្ត្រ​​គណបក្ស​ប្រឆាំង ​ក៏​​នឹង​​ចូល​ខ្លួន​​ទៅ​​ការពារ​​សេចក្តី​ស្នើ​​វិ​សោធនកម្ម​​ច្បាប់​​ចំនួន​​៣ ​ប្រសិន​បើ​​មាន​ការ​​កោះ​ហៅ​​ពី​​រដ្ឋសភា។​ អ្វី​​ជា​កា​រ​​កត់​សំគាល់ ​នេះ​​គឺ​ជា​​ការ​ផ្តើម​​បំពេញ​​កា​តព្វ​កិច្ច​​របស់​​ក្រុម​​អ្នក​តំណាងរាស្ត្រ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ឡើង​វិញ ​បន្ទាប់ពី​​ខក​ខាន​​​មួយ​​រយៈ​​ពេល បន្ទាប់​ពី​មាន​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​លោក ​កឹម សុខា។

ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ​ដឹកនាំ​ដោយ​លោក​ សុន ឆ័យ​ ក្នុង​ពេល​ទៅ​សួរ​សុខ​ទុក្ខ​សមាជិក​របស់​ខ្លួន​ដែល​កំពុង​ជាប់​ឃុំ​នៅ​​ពន្ធនាគារព្រៃសរ​ កាល​ពី​ថ្ងៃទី​ ២០​ កញ្ញា​ ឆ្នាំ២០១៦​។​
ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ​ដឹកនាំ​ដោយ​លោក​ សុន ឆ័យ​ ក្នុង​ពេល​ទៅ​សួរ​សុខ​ទុក្ខ​សមាជិក​របស់​ខ្លួន​ដែល​កំពុង​ជាប់​ឃុំ​នៅ​​ពន្ធនាគារព្រៃសរ​ កាល​ពី​ថ្ងៃទី​ ២០​ កញ្ញា​ ឆ្នាំ២០១៦​។​ @Facebook
ផ្សាយពាណិជ្ជកម្ម

ក្រៅពី​ការចូល​ខ្លួន​ទៅ​ការពារ​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន៣ស្តីពី​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​ហើយ​នោះ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏មាន​គម្រោង​កោះអញ្ជើញ​រដ្ឋមន្ត្រី​ចំនួន៤រូប ទៅ​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ​រដ្ឋសភា​ផងដែរ នៅ​ដើមខែ​តុលា​ខាងមុខនេះ។ នេះ​បើតាម​ការបញ្ជាក់​ពី លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។
លោក សុន ឆ័យ បានបញ្ជាក់​បន្ថែមថា រដ្ឋមន្ត្រី​ទាំង៤រូប ដែល​គណបក្ស​គ្រោង​នឹង​កោះ​អញ្ជើញ​​ឲ្យ​ទៅ​បំភ្លឺ​នៅក្នុង​រដ្ឋសភា​ខាងមុខ រួមមាន រដ្ឋមន្ត្រី​ការពារជាតិ លោក ទៀ បាញ់, រដ្ឋ​មន្ត្រី​​ក្រសួងកសិកម្ម​លោក វេ​ង សាខុន, រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉ម ប៊ុនហេង, និង​​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស​វ​ឌ្ឍ​នា ដែលជា​ការកោះអញ្ជើញ​សារជាថ្មី។ ការ​កោះ​អញ្ជើញ​នេះ នឹងធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ តាមរយៈ​ប្រធានរដ្ឋសភា។

អ្វី​ជាការ​កត់សំគាល់ នេះ​គឺជា​ការផ្តើម​បំពេញ​កាតព្វកិច្ច​សាជាថ្មី​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​យន្តការ​សភា បន្ទាប់ពី​គណបក្ស​នេះ បានធ្វើ​ពហិកា​មួយរយៈ​ពេល​ខ្លី ក្រោយពី​មានការ​ប៉ុនប៉ង​ចាប់ខ្លួន​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​ខែកក្កដា ឆ្នាំ២០១៦មក។ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​៥៥រូប បាន​ខកខាន​ក្នុងការ​ចូលរួម​ប្រជុំ​រដ្ឋសភា​ពេញអង្គសំខាន់ៗ នឹង​បានប្រកាសថា នឹង​​ចូល​ទៅ​ធ្វើការ​នៅក្នុង​សភា​ជាធម្មតា​វិញ ល្គឹកណា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា វិល​ទៅ​រក​​ប្រក្រតីភាព​ឡើងវិញ។ ប៉ុន្តែ​កន្លងមក ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​មួយ​ចំនួន ក៏បាន​ទៅ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ផងដែរ តាមរយៈ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​​នៃ​រដ្ឋសភា និង​កិច្ចប្រជុំ​គណៈកម្មការ​តាម​ជំនាញ​របស់​រដ្ឋសភា។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ម្សិលមិញ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លោក ហ៊ុន សែន បាន​បង្ហើប​ថា មានតែ​យន្តការ​រដ្ឋសភា​មួយគត់ ដែលជា​ច្រក​សម្រាប់​គណបក្សប្រឆាំង​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​​ចរចារ ឬ​ដោះស្រាយ​បញ្ហានយោបាយ​ដែល​កំពុង​តានតឹង​នេះ។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​បាន​បញ្ជាក់ដែរថា រដ្ឋសភា​នឹង​អនុវត្ត​ទៅតាម​ច្បាប់ ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​មួយ នៅ​ថ្ងៃទី២៨កញ្ញា​ខាងមុខ ដើម្បី​ពិនិត្យមើល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លើ​វិសោធនកម្ម​ច្បាប់​ចំនួន៣ គឺ​ច្បាប់​ស្តីពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម, ច្បាប់​ស្តីពី​ការធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​នៃ​អង្គ​ចៅ​ក្រម​​និង​ព្រះរាជអាជ្ញា, និង​ច្បាប់​ស្តីពី​ការរៀបចំ​ប្រព័ន្ធតុលាការ។ ជា​សំណើ​ធ្វើ​វិសោធនកម្ម ដែល​​គណបក្សប្រឆាំង​បានដាក់​ទៅ​រដ្ឋសភា​កាលពី​ខែសីហា​កន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ