គណបក្សប្រឆាំងងាកមកតតាំងនៅសភា មុនស្វែងរកការចរចារនយោបាយ
ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានឲ្យដឹងថា គណបក្សគណបក្សសង្គ្រោះជាតិ គ្រោងនឹងកោះហៅរដ្ឋមន្ត្រីចំនួន៤រូប ឲ្យទៅបំភ្លឺនៅចំពោះមុខរដ្ឋសភាជាថ្មី នៅដើមខែតុលាខាងមុខ។ ស្របពេលជាមួយគ្នានេះ ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ក៏នឹងចូលខ្លួនទៅការពារសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួន៣ ប្រសិនបើមានការកោះហៅពីរដ្ឋសភា។ អ្វីជាការកត់សំគាល់ នេះគឺជាការផ្តើមបំពេញកាតព្វកិច្ចរបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិឡើងវិញ បន្ទាប់ពីខកខានមួយរយៈពេល បន្ទាប់ពីមានការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២០
ក្រៅពីការចូលខ្លួនទៅការពារសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួន៣ស្តីពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជាហើយនោះ ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏មានគម្រោងកោះអញ្ជើញរដ្ឋមន្ត្រីចំនួន៤រូប ទៅឆ្លើយបំភ្លឺនៅចំពោះមុខរដ្ឋសភាផងដែរ នៅដើមខែតុលាខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពី លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
លោក សុន ឆ័យ បានបញ្ជាក់បន្ថែមថា រដ្ឋមន្ត្រីទាំង៤រូប ដែលគណបក្សគ្រោងនឹងកោះអញ្ជើញឲ្យទៅបំភ្លឺនៅក្នុងរដ្ឋសភាខាងមុខ រួមមាន រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់, រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន, រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង, និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ដែលជាការកោះអញ្ជើញសារជាថ្មី។ ការកោះអញ្ជើញនេះ នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ តាមរយៈប្រធានរដ្ឋសភា។
អ្វីជាការកត់សំគាល់ នេះគឺជាការផ្តើមបំពេញកាតព្វកិច្ចសាជាថ្មីរបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅក្នុងយន្តការសភា បន្ទាប់ពីគណបក្សនេះ បានធ្វើពហិកាមួយរយៈពេលខ្លី ក្រោយពីមានការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កាលពីខែកក្កដា ឆ្នាំ២០១៦មក។ ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលមាន៥៥រូប បានខកខានក្នុងការចូលរួមប្រជុំរដ្ឋសភាពេញអង្គសំខាន់ៗ នឹងបានប្រកាសថា នឹងចូលទៅធ្វើការនៅក្នុងសភាជាធម្មតាវិញ ល្គឹកណាស្ថានភាពនយោបាយនៅកម្ពុជា វិលទៅរកប្រក្រតីភាពឡើងវិញ។ ប៉ុន្តែកន្លងមក ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងមួយចំនួន ក៏បានទៅបំពេញកាតព្វកិច្ចរបស់ខ្លួនផងដែរ តាមរយៈកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងកិច្ចប្រជុំគណៈកម្មការតាមជំនាញរបស់រដ្ឋសភា។
យ៉ាងណាក៏ដោយ កាលពីថ្ងៃម្សិលមិញ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានបង្ហើបថា មានតែយន្តការរដ្ឋសភាមួយគត់ ដែលជាច្រកសម្រាប់គណបក្សប្រឆាំងដើម្បីប្រើប្រាស់ក្នុងការចរចារ ឬដោះស្រាយបញ្ហានយោបាយដែលកំពុងតានតឹងនេះ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ដែរថា រដ្ឋសភានឹងអនុវត្តទៅតាមច្បាប់ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំមួយ នៅថ្ងៃទី២៨កញ្ញាខាងមុខ ដើម្បីពិនិត្យមើលសំណើរបស់គណបក្សសង្គ្រោះជាតិ លើវិសោធនកម្មច្បាប់ចំនួន៣ គឺច្បាប់ស្តីពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ច្បាប់ស្តីពីការធ្វើវិសោធនកម្មលក្ខន្តិកៈនៃអង្គចៅក្រមនិងព្រះរាជអាជ្ញា, និងច្បាប់ស្តីពីការរៀបចំប្រព័ន្ធតុលាការ។ ជាសំណើធ្វើវិសោធនកម្ម ដែលគណបក្សប្រឆាំងបានដាក់ទៅរដ្ឋសភាកាលពីខែសីហាកន្លងទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ