អានតួអត្ថបទ
កម្ពុជា-នយោបាយ

សភា​នឹង​យក​សំណើ​​បក្ស​កាន់​អំណាច​ទៅ​សម្រេច​នៅ​សប្តាហ៍​ក្រោយ ​​ដោយ​ចោទ​បក្ស​ប្រឆាំងថា​គ្មាន​ភាព​ស្មោះ​ត្រង់​

គណៈកម្មាធិការ​​អចិន្ត្រៃយ៍​​នៃ​​រដ្ឋសភា​​បាន​សម្រេច​​លើក​យក​​សំណើ​សុំ​​ធ្វើ​​វិសោធនកម្ម ​បទបញ្ជា​ផ្ទៃ​ក្នុង​​រដ្ឋសភា​​ប្រការ ​៤៨ថ្មី (បី)​ទៅ​​​សម្រេច​​​នៅ​​ក្នុង​​​កិច្ច​​ប្រជុំ​​​សភា​​ពេញ​​អង្គ​​​នៅ​​​ថ្ងៃទី​​៣១ ​​មករា ​​ខាង​មុខ ​​ដោយ​​ចោទ​ប្រកាន់​​គណបក្ស​ប្រឆាំង​​ថា ​គ្មាន​​ភាព​ស្មោះត្រង់​។ ​សេចក្តី​សម្រេច​​នេះ ​បាន​ធ្វើ​​ឡើង ​បន្ទាប់​ពី​​សមាជិក​​គណៈ​ក​ម្មា​ធិ​ការ​​អចិន្ត្រៃយ៍​​នៃ​​រដ្ឋសភា​​ចំនួន​១២​រូប ​បាន​​បើក​​កិច្ច​ប្រជុំ ​កាល​ពី​​ព្រឹក​​ថ្ងៃទី ​២៣ ​មករា​។

លោក ឈាង វុន សមាជិកគណៈកម្មាធិការ​អចិន្តៃយ៍នៃ​រដ្ឋសភា ​និង​ជាតំ​ណាងរាស្ត្រ​គណបក្ស​ប្រជាជនកម្ពុជា​ ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​​នៅ​​រដ្ឋសភា ​​ថ្ងៃទី​​ ២៣ ​​មករា​ ​ឆ្នាំ ​​២០១៧​។​​
លោក ឈាង វុន សមាជិកគណៈកម្មាធិការ​អចិន្តៃយ៍នៃ​រដ្ឋសភា ​និង​ជាតំ​ណាងរាស្ត្រ​គណបក្ស​ប្រជាជនកម្ពុជា​ ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​​នៅ​​រដ្ឋសភា ​​ថ្ងៃទី​​ ២៣ ​​មករា​ ​ឆ្នាំ ​​២០១៧​។​​ @Seng thai
ផ្សាយពាណិជ្ជកម្ម

បើ​គ្មាន​ការប្រែប្រួល​ទេ រដ្ឋសភាជាតិ​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី៣១មករា​ខាងមុខ ដើម្បី​សម្រេច​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ត្រង់​ប្រកា៤៨ថ្មី (បី)លុបចោល​តំណែង​ប្រធាន​ក្រុម​មតិ​ភាគតិច​នៃ​រដ្ឋសភា​រប​ស់លោក កឹមសុខាដែលមាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី។ សេចក្តីសម្រេច​នេះ គឺធ្វើឡើង​តាម​សំណើ​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន៥៥រូប ដែល​បាន​ចោទប្រកាន់​គណបក្សប្រឆាំង​ថា គ្មាន​ភាពស្មោះត្រង់​ក្នុងការ​ចរចារ។

លោក ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិ​ន្តៃ​យ៍​នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្ស​​ប្រជាជន​កម្ពុជា បាន​ប្រាប់​ក្រុមអ្នកកាសែត​នៅក្រោយ​កិច្ចប្រជុំ​នេះ ដោយបាន​ចោទ​ប្រកាន់​គណបក្សប្រឆាំង​ថា គ្មាន​ភាពស្មោះត្រង់​នោះទេ។ គណបក្សប្រឆាំង​តែងតែ​ប្រើ​ប្រាស់​​យន្តការ​នេះ ដើម្បី​ចាប់បង្ខំ​ឲ្យ​គណបក្សកាន់អំណាច​ដោះលែង​អ្នកទោស​របស់ខ្លួន ដោយ​បាន​រំលោភ​ទៅលើ​អំណាច​របស់​តុលាការ។

សូមបញ្ជាក់ថា កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​កាលពី​ព្រឹក​មិញ បានធ្វើ​ឡើង​នៅ​មួយ​សប្តាហ៍​ប៉ុណ្ណោះ ក្រោយពី​ការព្រមាន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​នេះ។ តាមរយៈ​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច Fresh News មកពី​ប្រទេស​ស្វី​ស លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ការលុបចោល​តំណែង​ប្រធាន​ក្រុម​មតិ​ភាគតិច​នៃ​រដ្ឋសភា​រប​ស់លោក កឹម សុខា នេះ គឺ​ដើម្បី​កុំ​ឲ្យ​ភាគី​គណបក្សប្រឆាំង​ប្រើប្រាស់​យន្តការ​នេះ ជា​ច្រក​មួយ ដើម្បី​ចរចា​ឲ្យ​មានការ​ដោះ​លែង​​អ្នកទោសដែល​តាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់ទុកថា គឺជា​ការបំពាន​ដល់​​អំណាច​តុលាការ​នៅក្នុង​ប្រទេស​កម្ពុជា។ លោកនាយក​រដ្ឋមន្ត្រី​បានលើកឡើង​ដែរ​ថា “យើង​ត្រូវតែ​ធ្វើ​វិសោធនកម្ម​ប្រការ៤៨ថ្មី (បី)ហើយ​វិល​ទៅប្រើ​ប្រការ៤៨ (ពីរ) នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​វិញ។

សូម​បញ្ជាក់ដែរថា កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​នៅថ្ងៃនេះ ក៏មាន​ការ​ចូល​រួម​​ពី​សមាជិកសភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន២រូប​ផងដែរ ប៉ុន្តែ​ពួកគេ មិនអាច​រារាំង​សេចក្តីសម្រេច​របស់​សមា​ជិ​ក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ចំនួន១០រូប មកពី​គណបក្ស​កាន់អំណាច​នោះទេ។

លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​រដ្ឋសភា​បានចាត់ទុក​សំណើ​​នេះ​ថា គឺជា​ការដើរថយក្រោយ​នៃ​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា។ បើទោះជា​យ៉ាងនេះ​ក្តី​លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ​ថា តើ​ក្រុម​អ្នកតំណាងរាស្ត្រ​របស់ខ្លួននឹងចូលរួម​ប្រជុំ​សភាពេញអង្គ នៅ​ថ្ងៃទី៣១ មករា ខាង​មុខ​នេះ​​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ