ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
general

ប្រតិភូ​អឺរ៉ុប​៖ ​នីតិវិធី​នៃ​ការ​ដក​ ឬ ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ​ត្រូវ​ស៊ី​ពេល​១២​ខែ​

media  
ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក George Edgar @សហការី

ប្រតិភូ​​សហភាព​​អឺរ៉ុប​​ប្រចាំ​​​កម្ពុជា ​កាល​ពី​​ថ្ងៃទី ​៧ ​តុលា ​បាន​​ចេញ​មក​​ពន្យល់​​ពី​​នីតិវិធី​​​នៃ​​ការ​សម្រេច​​ដក ​ឬ ​មិន​​ដក ​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ ​(EBA) ​ពី​​ប្រទេស​​ណា​មួយ​​ថា ​ជា​​នីតិវិធី​​ដែល​​ត្រូវ​​ស៊ី​ពេល​៦​ខែ​​ពីរ​ដង ​បន្ទាប់​ពី​​មាន​​សេចក្តី​សម្រេច​​ពី​​គណៈកម្មការ​​អឺរ៉ុប​។ ​ការ​ពន្យល់​​នេះ ​គឺ​ធ្វើ​ឡើង ​តាម​រយៈ​សេចក្តី​ប្រកាស​​ព័ត៌មាន​​របស់​​ស្ថាន​ទូត​​សហភាព​​អឺរ៉ុប​​ប្រចាំ​​កម្ពុជា ​បន្ទាប់​ពី​​មាន​ការ​​លើក​ឡើង​ផ្សេងៗ​គ្នា​​ជុំវិញ​​នីតិវិធី​​នៃ​​ការ​ដក ​ឬ ​មិន​​ដក ​ប្រព័ន្ធ​​អនុ​គ្រោះ​​ពន្ធ​​ពី​​កម្ពុជា​។ 

«បន្ទាប់ពី​មាន​សេចក្តីសម្រេច​ពី​គណៈកម្មការ​អឺរ៉ុប នីតិវិធី​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្តោះអាសន្ន នឹង​ចាប់ផ្តើម​ជាមួយ​រយៈពេល​ពិនិត្យ​តាមដាន​ជា​ផ្លូវការ​ចំនួន ៦ខែ»។ «បន្ទាប់ពី​រយៈពេល​នេះ នឹងមាន​រយៈពេល៦ខែ​ទៀត សម្រាប់​រៀបចំ​របាយការណ៍ ស្តីពី​លទ្ធផល​រកឃើញ និង​បញ្ចប់​នីតិវិធី​នេះ ជាមួយនឹង​ការចេញ​សេចក្តីសម្រេច​មួយទៀត​ថា តើ​ត្រូវ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ឬ​អត់»។ នេះ​បើតាម​ការពន្យល់​របស់​ប្រតិភូ​សហ​ភាព​​​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា តាមរយៈ​សេចក្តី​ប្រកាស​​ព័ត៌មាន​​មួយ ​ចុះ ថ្ងៃទី ៧ តុលា​។ ​ការ​ពន្យល់​​​នេះ ​គឺ​​បន្ទាប់​ពី​​មាន​ការ​​លើក​ឡើង​ផ្សេងៗ​គ្នា ​ជុំវិញ​​នីតិវិធី​​នៃ​​ការ​ដក ​ឬ ​មិន​ដក ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា។

សម្រាប់​ប្រទេស​កម្ពុជា រហូតមក​ទល់នឹង​ពេលនេះ នៅ​មិនទាន់មាន​សេចក្តីសម្រេច​ណាមួយ​ពី​គណៈកម្មការ​អឺរ៉ុប ទាក់ទង​នឹង​ការព្យួរ ឬ ការដកហូត​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​នៅឡើយ​ទេ។ ប៉ុន្តែ កាលពី​ថ្ងៃទី ៥ តុលា កន្លងទៅ លោកស្រី Cecilia Malstrom ស្នងការ​អឺរ៉ុប​សម្រាប់​ពាណិជ្ជកម្ម បាន​ជូនដំណឹង​ជា​លើកចុងក្រោយ​ដល់​ប្រទេស​កម្ពុជា​ថា «សហភាព​អឺរ៉ុប​កំពុង​អនុវត្ត​ដំណើរការ​សម្រាប់​ការដកហូត នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ដោយសារ​គ្មាន​ការកែលម្អ​ច្បាស់លាស់ និង​ជាក់ស្តែង​ណាមួយ ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា។ ហើយ​ថា ដំណើរការ​នេះ នឹង​នាំ​ទៅ​រក​​ការ​ព្យួរ ឬ​ដកហូត នូវ​ការអនុគ្រោះ​ពាណិជ្ជកម្ម ដែល​កម្ពុជា​ទទួលបាន​នាពេល​បច្ចុប្បន្ន​»​។

ប្រទេស​កម្ពុជា បានទទួល​ផលចំណេញ​ប្រមាណ​ជា៦០០លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំ​ៗ ​ពី​កិច្ចព្រមព្រៀង​អនុគ្រោះ​ពន្ធ ឬ EBA (Everything But Arms) ដែល​សហភាព​អឺរ៉ុប បានផ្តល់​ឲ្យ​កម្ពុជា និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ផ្សេងទៀត នូវ​ឱកាស​នាំ​គ្រប់​ផលិតផល​ទាំងអស់ (លើកលែងតែ​អាវុធ) ចូលទៅក្នុង​ទីផ្សារ​រួម​តែមួយ​របស់​សហភាព​អឺរ៉ុប ដោយ​មិន​ជាប់​ពន្ធគយ និង​មិន​ជាប់​កូតា។ ការទទួលបាន​ផលប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ គឺ​ត្រូវ​ផ្អែកលើ​ការគោរព​របស់​ប្រទេស ដែល​ទទួលបាន​ផល​ទាំងនោះ ចំពោះ​គោលការណ៍​ដែល​មានចែង​នៅក្នុង​អនុសញ្ញា​ជា​មូលដ្ឋានចំនួន១៥របស់​អង្គការ​សហ​ប្រ​ជា​ជាតិ ​និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ស្តីពី សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ។ សេចក្តី​ប្រកាស​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​បាន​ចាត់ទុកថា ការចាប់ផ្តើម​ដំណើរការ​រៀបចំ​អនុវត្ត​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បែបនេះ បាន​ឆ្លុះបញ្ចាំង​ពី​ការព្រួយបារម្ភ​ធ្ងន់ធ្ងរ​ជុំវិញ​ស្ថានការណ៍​វិវឌ្ឍន៍​នៅក្នុង​ប្រទេស​កម្ពុជា ទាក់ទិន​នឹង​ការគោរព​សិទ្ធិ និង​សេរីភាព ដែល​មានចែង​ក្នុង​អនុសញ្ញា​ទាំងនេះ។

តែ​យ៉ាងណាក៏ដោយ សហភាព​អឺរ៉ុប បាន​គូសបញ្ជាក់​ជាថ្មី​ថា ស្ថាប័ន​នេះ​នៅតែ​បន្ត​បើក​ច្រក​សន្ទនា​ដោយ​ចំហ​ជាមួយ​ប្រទេស​កម្ពុជា ហើយ​ប្រសិនបើ​ប្រទេស​កម្ពុជា​ចាត់វិធាន​​ការ​ជា​បន្ទាន់ ​ដើម្បី​​កែ​ប្រែ​​ស្ថានការណ៍ ​ដែល​នាំ​ឲ្យ​មានការ​ចាប់ផ្តើម​នីតិវិធី​ដក​ប្រព័ន្ធ​អនុ​គ្រោះ​​ពន្ធ​​នេះ សហភាព​អឺរ៉ុប នឹងធ្វើ​ការពិចារណា​ជាថ្មី​អំពី​ស្ថានភាព​នេះ។ យ៉ាង​ណា​ក៏​ដោយ កាលពី​ថ្ងៃទី ៧ តុលា ពី​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បានប្រកាស​ជំហរ​ថា កម្ពុជា​មិនត្រូវ​យក​អធិបតេយ្យ​របស់​ជាតិ ទៅ​ប្តូរ​នឹង​ជំនួយ ឬ ការ​​គំរាម​​ណាមួយ​ពី​បរទេស​នោះទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ