លោក ហ៊ុន សែន ផ្តល់កាដូពិសេសផ្ទួនៗឲ្យកម្មករ មុនពេលចុះជួបដល់រោងចក្រ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកមិញនេះ បានប្រកាសផ្តល់កាដូពិសេសដល់កម្មករ-កម្មការិនីរោងចក្រកាត់ដេរ ឲ្យជិះរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃ ក្នុងរយៈ២ឆ្នាំ។ ក្រៅពីកាដូពិសេសនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសដែរថា ចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ កម្មករនឹងទទួលបានសេវាគាំពារផ្នែកសុខភាពដោយឥតគិតថ្លៃ ត្បិតរាល់ការបង់ថ្លៃលើសេវានេះ គឺជាបន្ទុករបស់ថៅកែរោងចក្រ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៥៥
គឺចាប់ពីថ្ងៃទី២០ខែសីហានេះតទៅ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ កម្មករ-កម្មការិនីរោងចក្រកាត់ដេរទាំងអស់នៅកម្ពុជា នឹងត្រូវបានអនុញ្ញាតឲ្យជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃរយៈពេល២ឆ្នាំ។ កម្មករ-កម្មការិនី អាចទទួលបានសេវាពិសេសនេះ ដោយគ្រាន់តែបង្ហាញកាតសម្គាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ។ នេះបើតាមការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើគណនេយ្យហ្វេសបុក (Facebook) ផ្លូវការរបស់លោក នៅថ្ងៃទី ២០ សីហា នេះ ខណៈដែលលោកបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ-កម្មការិនី ជាង៤ពាន់នាក់ នៅទីក្រុងកោះពេជ្យ។ បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការផ្តល់ជូននេះ នឹងជួយសម្រួលដល់ការចំណាយមួយចំនួនរបស់ កម្មករ-កម្មការិនី នៅក្នុងប្រទេសកម្ពុជា។
ក្រៅពីការផ្តល់ការដូពិសេសនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសដែរថា ចាប់ពីខែមករា ឆ្នាំ ២០១៨ ខាងមុខនេះតទៅកម្មករ-កម្មការិនី ទាំងអស់ នឹងទទួលបានថ្លៃសេវាផ្នែកគាំពារសុខភាព ដោយភាគីនិយោជកគឺជាអ្នកទទួលខុសត្រូវបង់ថ្លៃ១០០%។ ហើយថា ចាប់ពីឆ្នាំ ២០១៩ តទៅ កម្មករ-កម្មការិនី នឹងទទួលបានប្រាក់ចូលនិវត្តន៍ ដូចគ្នានឹងមន្ត្រីរាជការរដ្ឋផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានកម្មករនិយោជិតជាង៧៤ម៉ឺននាក់ បាននឹងកំពុងបម្រើការងារនៅក្នុងវិស័យកាត់ដេរសំលៀកបំពាក់និងដេរស្បែកជើង ដោយបានផ្តល់ប្រាក់ឈ្នួលប្រមាណជិត២ពានលានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកាត់ដេរកម្ពុជាបានចាត់ទុកដំណឹងនេះថា គឺជាដំណឹងល្អសម្រាប់កម្មករ-កម្មការិនីកម្ពុជា ពិសេសនៅក្នុងឱកាសរដូវភ្លៀងបែបនេះ។ លោកបានចាត់ទុកថា នេះក៏ជាផ្នែកមួយនៃការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍របស់កម្មករ-កម្មការិនី រោងចក្រកាត់ដេរ ក្នុងពេលបច្ចុប្បន្ននេះដែរ។
សូមបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ទីក្រុងភ្នំពេញមានរថយន្តក្រុងសាធារណៈប្រមាណជា៦០គ្រឿង កំពុងដាក់ឲ្យដំណើររត់លើកំណាត់ផ្លូវចំនួន៣ខ្សែចាប់ពីវេលាម៉ោង៥កន្លះព្រឹក រហូតដល់ម៉ោង៨កន្លះយប់។ ហើយចាប់ពីដើមខែកញ្ញាខាងមុខនេះតទៅ អាជ្ញាធរនឹងបន្ថែមខ្សែរត់ចំនួន២ខ្សែបន្ថែមទៀត បន្ទាប់ពីអាជ្ញាធរ ឬ រដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងភ្នំពេញ ទើបតែទទួលបានអំណោយរថយន្តក្រុងចំនួន ១០០គ្រឿង ពីរដ្ឋាភិបាលចិន។
អ្វីជាការកត់សំគាល់ដែរ ការប្រកាសពីការផ្តល់ជូនកាដូផ្ទួនៗពីប្រមុខរដ្ឋាភិបាលកម្ពុជាទៅដល់កម្មករ-កម្មការិនីនៅពេលនេះ បានធ្វើឡើងស្របពេលដែលប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសពីគម្រោងជួបសំណេះសំណាលជាមួយកម្មករនៅរាល់ថ្ងៃអាទិត្យ និងចុះសួរសុខទុក្ខដល់រោងចក្រនៅរៀងរាល់ថ្ងៃពុធ។ គោលបំណង នៃការជួបជុំនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខ លក្ខខណ្ឌការងារ ទំនាក់ទំនងរវាងកម្មករ និយោជិតជាមួយនិយោជក និងសំណូមពរនានា ដើម្បីសម្រួលឲ្យកម្មករនិយោជិតកាន់តែមានលក្ខខណ្ឌការងារល្អ និងមានផលិតភាពការងារប្រសើរជាងមុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ