ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/01 12h00 GMT
general

ផលិតករ​ភាព​យន្ត​លោក ​James​ Ricketson ​បាន​ទៅ​ដល់​អូស្ត្រាលី ​ក្រោយ​បណ្តេញ​ចេញ​ពី​កម្ពុជា​

media  
លោក ​James​ Ricketson ​បាន​ជួប​ជុំ​គ្រួសារ​វិញ ​ក្រោយ​ទទួល​បា​ន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​កម្ពុជា ​កាល​ពី​ថ្ងៃទី ​២១ ​កញ្ញា​ ឆ្នាំ ​២០១៨​​​។ @REUTERS

ផលិតករ​​ភាពយន្ត​​អូស្ត្រាលី ​លោក ​James Rickeson ​បាន​​ទៅ​ដល់​​ប្រទេស​​អូស្ត្រាលី​​ហើយ ​កាល​ពី​ថ្ងៃ​អាទិត្យ ​​បន្ទាប់​ពី​​​អាជ្ញាធរ​​កម្ពុជា​​បាន​​បណ្តេញ​ចេ​ញ​​កាល​ពី​​យប់​​ថ្ងៃ​​សៅ​រិ៍​។ ​លោក ​James ​Rickeson ​ត្រូវ​បាន​​តុលាការ​​កម្ពុជា​​កាត់​ទោស ​ឲ្យ​​ជាប់​ពន្ធនាគារ​​រយៈ​ពេល​៦​ឆ្នាំ​​ពី​បទ ​ចារកម្ម ​ប៉ុន្តែ​​ត្រូវ​បាន​​លើក​លែង​ទោស​​វិញ ​កាល​ពី​​ថ្ងៃ ​សុក្រ​ ទី​២១ ​កញ្ញា​​បន្ទាប់​ពី​សរសេរ​លិខិត​សុំទោស​​។ ​ 

ផលិតករ​ភាពយន្ត​អូស្ត្រាលី លោក James Rickeson បាន​ទៅដល់​ទីក្រុង​ស៊ីដនី ទឹកដី​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃអាទិត្យ ទី២៣ កញ្ញា បន្ទាប់ពី​លោក​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​បណ្តេញចេញ កាលពី​យប់​ថ្ងៃ​សៅ​រិ៍ ទី២២ កញ្ញា។ លោក​ត្រូវបាន​ស្វាគមន៍​ដោយ​មិត្ត​ភ័ក្តិ និង​ក្រុមគ្រួសារ​របស់លោក នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ស៊ីដនី កាលពី​ថ្ងៃអាទិត្យ។

លោក James Rickeson វ័យ៦៩ឆ្នាំ ត្រូវបាន​តុលាការ​កម្ពុជា​កាត់ទោស ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល៦ឆ្នាំ​ពីបទ «ចារកម្ម» និង​ប្រមូលយក​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា។ ប៉ុន្តែ​លោក​ត្រូវបាន​លើកលែងទោស​វិញ កាលពី​ថ្ងៃ​សុក្រ ទី២១កញ្ញា ដោយ​ប្រមុខរដ្ឋស្តីទី​លោក សាយ ឈុំ តាម​ការស្នើសុំ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ បន្ទាប់ពី​ទទួលបាន​ការលើកលែង​ទោស លោក James Rickeson ត្រូវ​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ សម្រេច​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា កាលពី​វេលា​ម៉ោង ៩យប់ ថ្ងៃ​សៅ​រិ៍ ទី ២២ កញ្ញា។ នេះ​បើតាម​ការបញ្ជាក់​ពី លោក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ។ លោក​បានបញ្ជាក់​ពី​មូលហេតុ​នៃ​ការបណ្តេញចេញ​នេះ គឺ​ផ្អែកលើ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ដែល​រាល​ជនបរទេស​ដែល​ប្រព្រឹត្ត​ខុសច្បាប់​នៅ​កម្ពុជា គឺ​ត្រូវតែ​បណ្តេញចេញ។

ការបណ្តេញ​ផលិតករ​ភាពយន្ត​អូស្ត្រាលី លោក James Ricketson ចេញពី​កម្ពុជា​នេះ ត្រូវបាន​ក្រុម​អ្នកធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​រិះគន់ និង​បាន​សម្តែង​ការសោកស្តាយ ព្រោះ​លោក James Ricketson ជា​ជនបរទេស​ដែល​បាន​ជួយ​ដល់​កុមារ​ក្រីក្រ​កម្ពុជា​ជាច្រើន​នាក់ ដែល​រស់​នៅលើ​គំនរ​សម្រាម ក្នុង​រយៈពេល​ជាង២០ឆ្នាំ​មកនេះ។ យ៉ាងណាក៏ដោយ នៅពេល​ទៅដល់​ទឹកដី​ប្រទេស​អូស្ត្រាលី​ភ្លាម លោក James Ricketson ដែល​ត្រូវ​បានទទួល​ស្វាគមន៍​ពី​មិត្ត​ភ័ក្តិ និង​ក្រុមគ្រួសារ​នោះ បានផ្តល់​បទ​សម្ភាស​ដ​ល់​អ្នកកាសែត​ថា លោក​នឹង​វិល​ត្រលប់​មកកាន់​ប្រទេស​កម្ពុជា​វិញ ក្នុង​ពេល​ឆាប់ៗ​នេះ តាម​លទ្ធភាព​ដែល​លោក​អាចធ្វើ​ទៅបាន។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទី​ភ្នាក់​ងារ​​ព័ត៌មាន ​Reuters ​។

លោក James Rickeson ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន កាលពី​ថ្ងៃទី ៣ មិថុនា ឆ្នាំ​២០១៧ ក្រោយពី​លោក​បាន​បង្ហោះ​ដ្រូ​ន​ដើម្បី​ថត​សកម្មភាព​ក្បួន​ដង្ហែ​ឃោសនា​បោះ​ឆ្នោត​​ជ្រើស​រើស​ក្រុមប្រឹក្សា ឃុំ - សង្កាត់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅក្បែ​ស្ពាន​​ជ្រោយ​ចង្វារ។ បន្ទាប់ពី​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ជាង១ឆ្នាំ លោក​បាន​សរសេរ​​លិខិត​​ស្នើ​សុំ​​លើកលែង​ទោស​​ពី​​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ