អានតួអត្ថបទ
កម្ពុជា-នយោបាយ

ឯកអគ្គរាជទូត​ជប៉ុន​ដែល​បញ្ចប់​អាណត្តិ​ ចង់​ឃើញ​ប្រជាជនកម្ពុជា​រួបរួម​គ្នា​ និង​មាន​ស្ថិរភាព​ជា​និរន្តរ៍​

ឯកអគ្គរាជទូត​​​ជប៉ុន​​​ប្រចាំ​​នៅ​​កម្ពុជា ​លោក ​គូ​ម៉ា​ម៉ា​រូ ​យូ​ជិ ​នឹង​​បញ្ចប់​​បេសកម្ម​កា​ទូត​​រយៈ​ពេល​​៣​ឆ្នាំ​​នៅ​​កម្ពុជា ​នៅ​​ចុង​ខែ​​កញ្ញា​​ឆ្នាំ​២០១៦​នេះ ​ហើយ​​ឯកអគ្គរាជទូត​​ថ្មី​​នឹង​​អញ្ជើញ​​មក​​ដល់​។​ ប៉ុន្តែ​​មុន​ពេល​​បញ្ចប់​​ការងារ​​កា​ទូត​​រយៈពេល​៣​ឆ្នាំ​​នៅ​​កម្ពុជា​​នេះ ​លោក​​ចង់​ឃើញ ​ប្រជា​ជន​​​កម្ពុជា​​​រួប​រួម​គ្នា​​និង​​មាន​​ស្ថិរភាព​​ជា​​និរន្តរ៍ ​រួម​​ជា​មួយ​និង​​ការ​អភិវឌ្ឍ​​ទាំង​​សេដ្ឋកិច្ច ​សង្គម​ និង​​នយោបាយ​។ ​អ្វី​​ជា​ការ​​កត់​សំគាល់ ​ការ​អំពាវ​នាវ​​នេះ ​បាន​ធ្វើ​​ឡើង ​ខណៈ​ដែល​​គណបក្ស​ធំៗ​ពីរ​​នៅ​​កម្ពុជា ​កំពុង​​ប្រឈម​មុខ​​ដាក់​គ្នា​។

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក គូម៉ាម៉ារូ យូជិ ​ត្រៀម​បញ្ចប់​បេសកម្ម​កា​ទូត​រយៈ​ពេល​៣​ឆ្នាំ​នៅ​កម្ពុជា​នា​ចុង​ខែ​កញ្ញា​ឆ្នាំ​២០១៦។
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក គូម៉ាម៉ារូ យូជិ ​ត្រៀម​បញ្ចប់​បេសកម្ម​កា​ទូត​រយៈ​ពេល​៣​ឆ្នាំ​នៅ​កម្ពុជា​នា​ចុង​ខែ​កញ្ញា​ឆ្នាំ​២០១៦។ @សហការី
ផ្សាយពាណិជ្ជកម្ម

ការលើកឡើង​របស់​ឯក​អគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ធ្វើឡើង​តាមរយៈ​លិខិត​មួយ​ច្បាប់ ផ្ញើ​ទៅកាន់​ប្រជាពលរដ្ឋ​កម្ពុជា ចុះ​ថ្ងៃទី១៦កញ្ញា​ឆ្នាំ២០១៦ មុន​ការបញ្ចប់​បេសកម្ម​កា​ទូត​​រយៈពេល៣ឆ្នាំ​នៅ​កម្ពុជា។ នៅក្នុង​លិខិត​កម្រាស់៣ទំព័រ​នេះ លោក គូ​ម៉ា​ម៉ា​រូ យូ​ជិ ឯកអគ្គរាជ​ទូត​ជប៉ុន​​ប្រចាំ​​នៅ​កម្ពុជា ចង់ឃើញ​ប្រជាជន​កម្ពុជា​រួបរួមគ្នា និង​មាន​ស្ថិរ​ភាពជា​និរន្តរ៍ រួម​ជាមួយនិង​ការអភិវឌ្ឍ​ទាំង​សេដ្ឋកិច្ច សង្គម និង​នយោបាយ។ ការលើកឡើង​របស់​លោក​​​ឯកអគ្គរាជទូត មិន​សំដៅ​ទៅលើ​ស្ថានភាព​ណាមួយ​នៅ​កម្ពុជា​នោះទេ ក៏ប៉ុន្តែ​បាន​លើក​​ឡើង​​ដោយ​​ផ្អែក​ទៅ​លើ​​បទពិសោធន៍​​នៃ​​ការ​ឆ្លង​កាត់​​ភ្លើង​សង្គ្រាម​​រយៈ​ពេល​៧១​ឆ្នាំ​​របស់​ប្រទេស​​​​ជប៉ុន​​មក​នេះ​។

 
លោក គូ​ម៉ា​ម៉ា​រូ យូ​ជិ បាន​លើកឡើងថា “ប្រជាជន​ជប៉ុន​ជាច្រើន​តែងតែ​រំលឹក​ឡើងវិញ​ពីបទ​ពិសោធន៍​ក្រោយ​សង្គ្រាម​របស់ខ្លួន នៅពេលដែល​ឃើញ​ប្រទេស​កម្ពុជា​កំពុងតែ​ប្រឈម​បញ្ហា​លំបាក​នៅក្រោយ​សង្គ្រាម។ ប៉ុន្តែ​ប្រទេស​ជប៉ុន​បានបញ្ចប់​សង្គ្រាម​រយៈពេល៧១ឆ្នាំ​ហើយ ចំណែក​ប្រទេស​កម្ពុជា​វិញ មិនទាន់​ឆ្លងកាត់​ពេលវេលា​ច្រើន​ឆ្នាំ​ដូច​ប្រទេស​ជប៉ុន​នោះទេ។ ដូច្នេះហើយ នេះ​គឺជា​មូលហេតុ​មួយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​ជប៉ុន មាន​អារម្មណ៍​ដិត​ដាន​​ខ្លាំង​ជាមួយនិង​ប្រទេស​កម្ពុជា ហើយក៏​ចាប់ផ្តើម​គិតថា តើ​ខ្លួន​អាច​ចូលរួម​ជួយ​អ្វី​បាន​ខ្លះ​ដល់​​ប្រទេស​​កម្ពុជា?
ប៉ុន្តែ​​យ៉ាងណាក៏ដោយ ការលើកឡើង​របស់​ឯក​អគ្គរាជទូត​ជប៉ុន លោក គូ​ម៉ា​ម៉ា​រូ យូ​ជិ ដែល​គេ​ចាត់ទុកថា ជា​អ្នកកា​ទូត​ចាស់​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​នេះ គឺ​ចំ​ពេលដែល​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា កំពុង​ឡើង​កំដៅ។ នោះ​គឺជា​ការប្រឈមមុខ​ដាក់​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា។

លោក គូ​ម៉ា​ម៉ា​រូ យូ​ជិ បាន​លើកឡើងថា លោក​មានបំណង​ប្រាថ្នា​ឲ្យ​ប្រទេស​កម្ពុជា​អាច​ដោះ​ស្រាយ​​បញ្ហា​ដែល​នៅ​សេសសល់​ពី​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ និង​បោះជំហាន​បន្តិចម្តងៗឆ្ពោះទៅកាន់​ការរួបរួម​គ្នា​រវាង​ប្រជាជន​និង​ប្រជាជន និង​មាន​ស្ថិរ​ភាពជា​និរន្តរ៍ រួម​ជាមួយនិង​ការអភិវឌ្ឍ​ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម និង​នយោបាយ។ លោក គូ​ម៉ា​ម៉ា​រូ យូ​ជិ នឹង​បញ្ចប់​បេសកម្ម​កា​ទូត​នៅ​កម្ពុជា​នៅ​ចុងខែ​កញ្ញា​ឆ្នាំ២០១៦នេះ បន្ទាប់ពី​លោក​បានមក​បំពេញការងា​រ​នេះ តាំងពី​ខែ​មីនា​​ឆ្នាំ២០១៣មក។ ក្នុង​រយៈពេល៣ឆ្នាំនេះ លោក​បាន​ជួប​ជាមួយ​ប្រជាជន​កម្ពុជា និង​បណ្តា​ភ្ញៀវ​មកពី​ប្រទេស​ជប៉ុន​ជាច្រើន ព្រមទាំង​បាន​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា ពិធី​សម្ពោធ​​បើក​ការដ្ឋាន និង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៃ​គម្រោង​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន ដែល​មិនអាច​រៀបរាប់​អស់។

សូម​បញ្ជាក់ដែរថា ជប៉ុន គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ចំនួន៣៩ដែល​បានចេញ​សេចក្តី​ថ្លែងការណ៍​ព្រួយបារម្ភ​ពី​ស្ថានភាព​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​នៅ​កម្ពុជា ក្នុង​កិច្ចប្រជុំ​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លើក​ទី៣៣ ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​​សឺ​ណែវ​ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី ១៤ កញ្ញា​កន្លងទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ