អានតួអត្ថបទ
កម្ពុជា

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ទទូច​ឲ្យ​កម្ពុជា ​បន្ត​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​បាញ់​សម្លាប់​លោក​ កែម ឡី​

អង្គការ​​ឃ្លាំមើល​​សិទ្ធិ​មនុស្ស​​អន្តរជាតិ ​Human​ Right ​Watch ​(HRW) ​និង​​អង្គការ​​អន្តរជាតិ​​ចំនួន​២​ផ្សេង​ទៀត ​បាន​ចេញ​​សេចក្តី​ថ្លែងការណ៍​​រួមគ្នា​​មួយ ​កាល​ពី​​ថ្ងៃទី​២៣​មីនា ​ដោយ​​ទទូច​​សុំ​​ឲ្យ​​រដ្ឋាភិបាល​​កម្ពុជា ​បន្ត​​ការ​ស៊ើប​អង្កេត​​លើ​​ករណី​​ឃាត់​កម្ម​​បាញ់​សម្លាប់​​លោក ​កែម​ ឡី ​អ្នក​វិភាគ​​នយោបាយ​​នៅ​​កម្ពុជា​។ ​សេចក្តី​ថ្លែងការណ៍ ​បាន​​ធ្លា​ក់​មក ​នៅ​​ប៉ុន្មាន​​ម៉ោង​​ក្រោយ​ពី​​តុលាការ​ក្រុង​​ភ្នំពេញ ​កាត់​ទោស​​ជន​សង្ស័យ​​ម្នាក់​​ឈ្មោះ ​ជួប ​សម្លាប់ ​ដាក់​​ពន្ធនាគារ​​​អស់​​មួយ​ជីវិត​។

ជនជាប់ចោទបាញ់សម្លាប់លោក កែម ឡី មិនផ្លាស់ប្តូរជំហរ ខណៈតុលាការគ្រោងប្រកាសសាលក្រមនៅថ្ងៃទី ២៣ មីនា (រូបភាំពពីកាមេរ៉ាសុវត្ថិភាព)
ជនជាប់ចោទបាញ់សម្លាប់លោក កែម ឡី មិនផ្លាស់ប្តូរជំហរ ខណៈតុលាការគ្រោងប្រកាសសាលក្រមនៅថ្ងៃទី ២៣ មីនា (រូបភាំពពីកាមេរ៉ាសុវត្ថិភាព)
ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍​រប​ស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Right Watch) គណៈ​កម្មការ​​អ្នកច្បាប់​អន្តរជាតិ (ICJ) និង​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ​បាន​ធ្វើឡើង​រួមគ្នា កាលពី​ថ្ងៃទី២៣ មីនា ដោយបាន​បង្ហាញ​មន្ទិល​សង្ស័យថា ការកាត់ទោស​លើ​ករណី​ឃាត់​កម្ម​បាញ់សម្លាប់​លោក កែម ឡី បាន​បន្សល់ទុក​នូវ​សំណួរ​ជា​ច្រើន​។ ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ អង្គការ​អន្តរជាតិ​ទាំង៣ បានស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​​កម្ពុជា គួរតែ​ស៊ើបអង្កេត​ករណីនេះ​ឡើងវិញ ជាពិសេស​ទាក់ទង​ទៅនឹង​គន្លឹះ​សំខាន់ៗ​នៃ​ចន្លោះប្រហោង​ដែល​ត្រូវ​បានបង្ហាញ​នៅក្នុង​អង្គ​សវនាការ​កាលពី​ថ្ងៃទី ០១ មីនា។

 
គួរ​ជំរាបជូន​ថា ប្រតិកម្ម​របស់​អង្គការ​អន្តរជាតិ​ផ្នែក​សិទ្ធិមនុស្ស​ទាំងនេះ បានធ្វើ​ឡើង ក្រោយ​ពី ​តុលាការក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី២៣ មីនា បាន​កាត់ទោស​ជនសង្ស័យ​តែ​ម្នាក់​គត់ ឈ្មោះ អឿ​ត អាង ដែល​អះអាងថា ឈ្មោះ ជួប សម្លាប់ ដាក់ពន្ធនាគារ​អស់​មួយជីវិត ពីបទ​កាន់កាប់​អាវុធ​ខុសច្បាប់ និង​ឃាតកម្ម​គិតទុក​ជាមុន។ ជា​សេចក្តីសម្រេច​ដែល​ធ្វើឡើង បន្ទាប់ពី​តុលាការ​​ក្រុងភ្នំពេញ បាន​បើក​សវន​ការកាត់ទោស កាលពី​ថ្ងៃទី០១ មីនា ហើយ​ដែល​អ្នក​ជំនាញ​​ផ្នែក​សិទ្ធិមនុស្ស​បាន​រិះគន់ថា ការបង្ហាញ​ភស្តុតាង​របស់​អាជ្ញាធរ​កម្ពុជា មិនបាន​បង្ហាញ​ព័ត៌មាន​គ្រប់គ្រាន់ អំពី​ការស៊ើបអង្កេត​លើ​ករណី​នោះទេ។

លោក ឃី​ង​ស្លី អា​ប៊​ត (Kingsley Abbott) ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ច្បាប់​អន្តរជាតិ​របស់​គណៈ​កម្មកា​រ​​អ្នកច្បាប់​អន្តរជាតិ (ICJ) ដែល​បាន​ចូលរួម​នៅក្នុង​ដំណើរការ​កាត់ក្តី​នេះ បាន​ថ្លែងថា ដំណើរការ​ស៊ើបអង្កេត​ហាក់បីដូចជា មាន​កង្វះខាត​លើ​ទិដ្ឋភាពសំខាន់ៗជាច្រើន​ចំណុច។ លោក​អា​ប៊​ត​បាន​បន្តថា ជនរងគ្រោះ​ពីបទ​ឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ​នេះ រួមមាន ភរិយា និង​កូនៗ​របស់​លោក កែម ឡី នឹងមិន​ទទួលបាន​យុត្តិធម៌​ពិតប្រាកដ​នោះទេ លុះត្រាតែ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ មិន​លំអៀង និង​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​កំណត់ថា តើ​មាន​ជនសង្ស័យ​ដទៃទៀត ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះដែរ​ឬទេ។ ចំណែក​លោក ហ្វីល រ៉ូ​ប៊ឺ​ត​សុន (Phil Robertson) នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែងថា អាជ្ញាធរ​​កម្ពុជា បាន​បរាជ័យ​ក្នុងការ​ស៊ើបអង្កេត​លើ​ករណី​ចន្លោះប្រហោង​ជាក់ស្ដែង​ជាច្រើន នៅក្នុង​ករណីនេះ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ នៅក្នុង​សេចក្តីសម្រេច​កាលពី​ថ្ងៃទី ២៣មីនា តុលាការក្រុង​ភ្នំពេញ​បាន​​បំបែក​​សំណុំ​ស៊ើបអង្កេត​ឃាត់​កម្ម​បាញ់សម្លាប់​លោក​កែម ឡី នេះ ទៅលើ​មនុស្ស​ពីរ​នាក់​ទៀត ដែល​ក្នុងនោះ​រួមមាន​អ្នកផ្ដល់​អាវុធ និង​អ្នក​ដែល​បាន​នាំ​ឲ្យ​ជួប សម្លាប់ ស្គាល់​លោក កែម ឡី​ជាដើម។ គិត​ត្រឹម​ថ្ងៃ​សៅ​រិ៍​ទី២៥មីនា នៅ​មិនទាន់មាន​ប្រតិកម្ម​តប​ត​ពី​តុលាការ​កម្ពុជា ឬ​ក្រសួងយុត្តិធម៌​កម្ពុជា​ទៅនឹង​សេចក្តីថ្លែងការណ៍​នេះ​ទេ។

សូមបញ្ជាក់ថា ក្រៅពី​ប្រតិកម្ម​របស់​អង្គការ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិធំៗទាំង៣ខាងលើនេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ចំនួន៦៦ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​កាលពី​ថ្ងៃទី​២៣​មីនា ដោយ​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ឡើងវិញ​ដែរ។ ក្រុម​អង្គការ​សង្គម​​ស៊ីវិល​​បាន​​លើកឡើងថា ការស៊ើបអង្កេត និង​ការផ្តល់​សក្ខីកម្ម​ជុំវិញ​ការសម្លាប់​លោក កែម ឡី ​នៅមាន​ការសង្ស័យ​ជាច្រើន​ដែល​ពួកគេ​មិនអាច​ទទួលយក​បានទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ