ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
general

ប្រតិកម្ម​ចម្រុះ​៖ ​ករណីលោ​ក​ កឹម ​សុខា ​គឺជា​ការ​បោះ​ជំហាន​ថ្មី​មួយ ​ក្នុង​ការ​ផ្សះផ្សា​និង​កសាង​ឯកភាព​ជាតិ​

media  
អ្នក​គាំទ្រ​លោក កឹម សុខា នៅ​ខាង​មុខ​ផ្ទះ​លោក​​ក្នុង​ខណ្ឌ​ទួល​គោក ​រាជ​ធានី​ភ្នំពេញ ​ RFI-PHEARAK

ប្រតិកម្ម​ចម្រុះ​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់ ​នៅ​ថ្ងៃទី ​១០​ វិច្ឆិកា​នេះ ​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​បន្ធូរបន្ថយ​កាតព្វកិច្ច​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​លើ​ករណី​របស់​លោក ​កឹម ​សុខា ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ​បើ​តាម​សេចក្តី​សម្រេច​ថ្មី​នេះ ​លោក​ កឹម ​សុខា ​អាច​មាន​សិទ្ធិ​ដើរ​ហើរ​បាន​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ប៉ុន្តែ​មិន​អាច​ធ្វើ​នយោបាយ​និង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​បាន​ឡើយ​។ ​វ៉ា ​សំណព្វ ​សូម​ស្រង់​នូវ​ប្រតិកម្ម​នានា​ជុំវិញ​ករណី​របស់​លោក​ កឹម សុខា ​នេះ​៖​ 

សម្រាប់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ បាន​ហៅ​ករណី​របស់​លោក ​កឹម សុខា​ នេះ​ថា ​គឺ​ជា​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅមុ​ខ​ដ៏មាន​កម្រិត​មួយ។​ តាម​រយៈ​ទំព័រ​ហ្វេស​បុក​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​ទី​ក្រុង​ភ្នំពេញ ​សហរដ្ឋ​អាមេរិក​បាន​កត់​សម្គាល់​នូវ​ជំហាន​ឆ្ពោះ​ទៅ​មុខ​ដ៏​មាន​កម្រិត​មួយ​នេះ ​ប៉ុន្តែ​បាន​ទទូច​យ៉ាង​ខ្លាំង​ក្លា ​ឲ្យ​អាជ្ញាធរ​កម្ពុជា ​ស្តារ​ឡើង​វិញ​ទាំង​ស្រុង ​នូវ​សេរីភាព​និង​សិទ្ធិ​នយោបាយ​របស់​លោក ​កឹម ​សុខា ​និង​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​ប្រឆាំង​នឹង​លោក​ ដែល​អ្នក​ជា​ច្រើន​បាន​មើល​ឃើញ​ថា ​មាន​ចរិត​នយោបាយ​។ ​ភ្ជាប់​ជាមួ​យនឹ​ងក​រណីរ​បស់​លោក ​កឹម ​សុខា នេះ​ ​សហរដ្ឋ​អាមេរិក​ក៏​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះលែង​ដោយ​ឥត​លក្ខខណ្ឌ​ ចំពោះអ្ន​កទាំង​ឡាយ​ណា ​ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ដោយ​ទំនើង​ចិត្ត ​និង​ខុសច្បាប់ ​ដោយ​រួមទាំ​ង​អ្នក​សារព័ត៌មាន ​សកម្មជន​សង្គម​ស៊ីវិល ​និង​អ្នក​គាំទ្រ ​ព្រម​ទាំង​សមាជិក​នៃ​គណបក្ស​នយោបាយ​ប្រឆាំង​នានា​ផង​។​

បន្ថែម​លើសារ​មួយ​នេះ ​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ លោក ​Patrick ​Murphy ​ថែម​ទាំង​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ជា​មួយ​លោក​ កឹម សុខា ​នៅលើ ​Twitter​ របស់​លោក ​ជា​មួយ​នឹង​សំណេរ​ថា ​នេះ​គឺ​ជាការ​បោះជំហាន​ដ៏​ត្រឹម​ត្រូវ​មួយ ​ប៉ុន្តែ​យើង​នៅតែ​បន្ត​អំពាវនាវ​ឲ្យមា​ន​ការ​ផ្តល់សិ​ទ្ធិ​សេរីភាព​ពេញ​លេញ​ដល់​លោក ​កឹម សុខា ​ឡើង​វិញ​។ ​លោក ​Murphy ​បាន​បញ្ចប់​សំណេរ​នៅ​លើ ​Twitter​ ថា ​លោក​បាន​ជួប​លោក ​កឹម​ សុខា នៅ​ក្នុងឆ្នាំ ​២០១៧ ​ហើយ​សង្ឃឹម​ថា ​នឹង​បាន​ជួប​លោក​ កឹម​ សុខា ​ជាថ្មី​នៅ​ក្នុង​ជីវិត​ជា​អ្នក​នយោបាយដ៏​ពេញលេញមួយ។

ក្រៅពីសហរដ្ឋអាមេរិក ​កូនស្រីប​ង្កើត​របស់លោ​ក ​កឹម សុខា ​គឺ​កញ្ញា ​កឹម មនោវិទ្យា​ ក៏​បាន​ចាត់​ទុក​ករណី​របស់លោក ​កឹម​​ សុខា ​ថា ​គឺ​ជាកា​រ​វិវត្តន៍​ថ្មី​មួយនៅ​ក្នុង​នយោបាយ​កម្ពុជា​។ ​ប៉ុន្តែ ​តាម​រយៈបទ​សម្ភាសន៍​ជាមួ​យទីភ្នាក់​ងារព័ត៌មាន ​Reuters ​កញ្ញា កឹ​ម ​មនោវិទ្យា​ នៅ​តែ​បន្ត​អំពាវនាវ​ទំលាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​ប្រឆាំង​នឹង​ឳពុក​របស់​នាង​ ហើយ​ត្រូវ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឲ្យ​ឳពុក​របស់​នាង​ឡើង​វិញ​។ ​កញ្ញា ​កឹម ​មនោវិទ្យា ​សង្ឃឹម​ជាមុ​ន​ថា ​តាម​រយៈក​រណីរ​បស់លោក ​កឹម សុខា ​នេះ ​ការ​វិវត្តន៍​ថ្មីៗ​ទៀត ​នឹង​កើត​មាន​ជាប​ន្ត​បន្ទា​ប់ទៀត​។ ​

ពី​ចំណែក ​លោក ​សម រង្ស៊ី ដែ​លពេល​នេះកំ​ពុង​ស្ថិត​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​វិញ ​ក៏​បាន​ទម្លាក់​សារ​នៅ​លើ​ទំព័រ ​Twitte​r របស់​លោក​ ដោយ​បាន​ចាត់​ទុក​ករណី​លោក ​កឹម​ សុខា ​នេះ​ថា ​គឺ​ជាកា​រ​បោះជំហាន​តូច​មួយប៉ុ​ណ្ណោះ។​ ប៉ុន្តែ​វា​គឺ​ជាកា​រ​សម្រេច​ចិត្ត​ដ៏​ត្រឹ​ម​ត្រូវ​ដើម្បី​ឆ្ពោះទៅ​រក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។​ បើ​តាម​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ប៉ុនប៉ង​ធ្វើ​មាតុភូមិនិវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា ​តែ​មិន​ទាន់​សម្រេច​រូបនេះ ​បាន​អំពាវ​នាវឲ្យ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន ​​សែន ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ទាំង​អស់​លើ​លោក ​កឹម សុខា ​ហើយ​ផ្តល់​សេរីភាព​ជូន​លោក​ កឹម សុខា ឡើងវិញ។​ បន្ថែម​លើ​នេះ​ រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​តែដ​ក​បំរាម​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបា​យរបស់​សមាជិក​អតីត​គណបក្ស​ប្រឆាំង​ និង​បើកផ្លូវ​ឲ្យអតីត​គណបក្ស​សង្គ្រោះជាតិ​រស់​ឡើង​វិញ​ផងដែរ​។

ទោះជា​យ៉ាងនេះ​ក្តី ​លោក គឹម សុខ ​អ្នកវិភាគ​នយោបាយ​នៅក្រៅ​ប្រទេស​ឯណោះ​វិញ​ បាន​ចាត់​ទុក​ករណីរបស់​លោក ​កឹម សុខា ​ពេល​នេះ​ថា គ្រាន់​តែជា​យុទ្ធសាស្ត្រ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ក្នុង​ការ​បន្ធូរជើងឲ្យ​លោក ​កឹម​ សុខា​ ដើរ​បាន​ឆ្ងាយ​ជាង​មុន​ប៉ុណ្ណោះ ​ពោល​គឺ​ពុំមែន​ជា​ការ​ដោះលែង​លោក ​កឹម សុខា​ ឡើយ​។​ បើ​តាម​អ្នកវិភាគ​ដែល​ធ្លាប់​ជាប់ពន្ធនាគារ​កម្ពុជា​រូបនេះ​ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន​ មិន​ប្រថុយ​ឲ្យ​លោក កឹម សុខា ​មា​នសេរីភាព​នយោបាយ​ពេញ​សមត្ថភាព​ទេ។ ​លោក គឹម ​សុខ​ បាន​លើក​ហេតុផល​ចំនួន​ពីរចំ​នុច ​ទី១. ​គឺ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ គ្រាន់​តែ​ព្យាយាម​រក​គន្លឹះ​បន្ថយ​សម្ពាធ​ពី​សហគមន៍អន្តរជាតិ​ តែ​នៅ​ទុក​ផ្លូវ​រក្សា​អំណាច និ​ង​ទី២​. គឺ​លោក​នាយ​ករ​ដ្ឋមន្ត្រី ហ៊ុន សែន​ ខ្លាច​ឥរិយាបថ​ការងារ​របស់​លោក កឹម ​សុខា​ ដែល​មាន​នយោបាយ​អនុគ្រោះ​ នាំមុខការបង្រួបបង្រួមកម្លាំងអ្នកប្រជាធិបតេយ្យនៅកម្ពុជា។

ទោះ​ជាយ៉ាងណាក៏ដោយ ​សម្រាប់លោក ​កឹម សុខា​ ខ្លួនឯង​វិញ ​ដែល​បាន​ចាត់​ទុកខ្លួន​ឯង​ថា​ ជា​បុគ្គល​ស្អាតស្អំម្នាក់​ ហើយ​ដែល​ត្រូវបាន​រងការឃុំខ្លួន​ទាំងគ្មាន​កំហុស២​ឆ្នាំមក​ហើយ​នោះ លោក​នៅតែ​បន្តទាមទារ​ឲ្យទម្លាក់ចោល​បទចោទ​ប្រកាន់មក​លើរូប​លោក​ដដែល​។ ​ជាមួយ​នឹង​សំណេរ​ខាងលើនេះ ​លោក កឹម ​សុខា ​រំពឹង​ថា​ សេចក្តី​សម្រេច​ក្នុងថ្ងៃ​នេះ ​គឺ​ជាជំហ៊ានទី១ ប៉ុន្តែ​រូបលោក​ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ ដែល​បាន​បាត់បង់​សិទ្ធិ​សេរីភាព​នយោបាយ​ នៅ​តែ​ត្រូវការ​ដំណោះស្រាយ​ និង​យុត្តិធម៌​ពិតប្រាកដ​មួយ។ ​ជាចុងក្រោយ​នេះ ​លោក កឹម សុខា​ បាន​អះអាង​ថា​ លោក​នឹង​ចេញ​ទៅជួប​ប្រជាពល​រដ្ឋនា​ពេល​ដ៏ខ្លី​ខាងមុខនេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ