អានតួអត្ថបទ
កម្ពុជា

លោក​ កឹម សុខា ​បន្ត​ពន្យល់​អ្នក​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក​ពី​ការ​សម្រេច​ចិត្ត​ចូល​ប្រជុំ​សភា

លោក ​កឹម សុខា ​បាន​​អះអាង​ថា ​ការ​សម្រេច​ចិត្ត​​ចូល​ប្រជុំ​​សភា​​របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ ​​កាល​ពី​​ឆ្នាំ​២០១៤ ​គឺ​ជា​​ការ​សម្រេច​ចិត្ត​​ខាង​​ផ្នែក​​នយោបាយ​។ ​នយោបាយ​​ដែល​​លោក ​​កឹម ​សុខា ​បាន​​ពន្យល់​ថា ​គឺ​ជា​​ការ​បត់​បែន​។ ​ក្រៅ​ពី​នេះ ​លោក ​កឹម ​សុខា ​ក៏​បាន​​លើក​ឡើង​​ដែរ​​ថា ​ការ​​ធ្វើ​ទុក្ខ​បុកម្នេញ​​មក​លើ​​រូប​លោក​​កាល​ពី​​ខែ​មិថុនា​​ឆ្នាំ​២០១៦ ​គឺ​ជា​​ចេតនា​​របស់​​ដៃ​គូ​​​នយោបាយ​​​លោក​ចង់​​រុញ​ច្រាន​​លោក​​ឲ្យ​​​ខ្ទៀត​ចេញ​​ពី​​​​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ។

លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ត្រូវ​បាន​ស្វាគមន៍​ដោយ​អ្នក​គាំទ្រ​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង ​ក្នុង​បេសកម្ម​លើ​ទឹក​ដី​​អាមេរិក​​ ថ្ងៃទី ​៧​ ឧសភា​ ឆ្នាំ ​២០១៧។
លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ត្រូវ​បាន​ស្វាគមន៍​ដោយ​អ្នក​គាំទ្រ​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង ​ក្នុង​បេសកម្ម​លើ​ទឹក​ដី​​អាមេរិក​​ ថ្ងៃទី ​៧​ ឧសភា​ ឆ្នាំ ​២០១៧។ @Facebook
ផ្សាយពាណិជ្ជកម្ម

ការសម្រេចចិត្ត​ចូលរួម​ប្រជុំ​សភា​របស់​គណបក្សប្រឆាំង​កាលពី​ឆ្នាំ២០១៤ ដើម្បី​ឈានទៅ​បញ្ចប់​​​ជម្លោះ​​នយោបាយ​ក្រោយ​ការបោះឆ្នោត បានធ្វើ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​​អន់ចិត្ត ហើយ​មួយចំនួនទៀត​បានសម្រេច​ចិត្ត​ងាក​ទៅ​គាំទ្រ​គណបក្ស​ផ្សេង​ទៅ​វិញ​។ ប៉ុន្តែ​នៅក្នុង​វេទិការ​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា ការសម្រេចចិត្ត​ចូលប្រជុំ​សភា​កាលណោះ គឺ​ជា​​ការបត់បែន​ខាង​ផ្នែក​នយោបាយ​មួយ។

 
គួរ​​ជំរាបជូន​ថា ការតស៊ូ​នយោបាយ​រវាង​គណបក្ស​ប្រឆាំង​និង​គណបក្សកាន់អំណាច​ក្រោយ​ការបោះឆ្នោត​ឆ្នាំ២០១៣ បានអូសបន្លាយ​អស់​រយៈ​ជាង១ឆ្នាំ។ កាលណោះ គណបក្សប្រឆាំង​បាន​ធ្វើ​​បាតុកម្ម​​ជា​​ទ្រង់ទ្រាយ​​ធំ​​នៅលើ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឲ្យ​មានការ​រាប់​សន្លឹក​ឆ្នោត​​ឡើង​វិញ​។ ប៉ុន្តែ​បាតុកម្ម​ត្រូវបាន​បង្ក្រាប ហើយ​ភាគី​ទាំងពីរ​បានសម្រេច​ចិត្ត​ចូល​តុ​ចរចារ​ ដើម្បី​ឈានទៅដល់​ការចុះ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ កាលពី​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៤​។ លោក កឹម សុខា បាន​លើកឡើងថា បើ​គ្មាន​បាតុកម្ម​ទេ ក៏​គ្មាន​ការ​ចរចា​រ​ដែរ ​ហើយ​​បើ​គ្មាន​ការចរចារ នោះ​ក៏​គ្មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​នាពេល​បច្ចុប្បន្ន​នេះដែរ។

ក្រៅ​ពី​បញ្ហា​ទាំងនេះ លោក កឹម សុខា ក៏បាន​លើកឡើង​ដែរ​ថា ការ​ធ្វើទុក្ខបុកម្នេញ​មកលើ​រូប​លោក​​កាលពី​​ខែ​មិថុនា​​ឆ្នាំ២០១៦ គឺជា​​ចេតនា​របស់​ដៃគូ​នយោបាយ​លោក ដើម្បី​រុញច្រាន​លោក​​​ឲ្យ​​​ចាក​ចេញពី​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ។ លោក​ថា គេ​គ្មាន​ចេតនា​ដើម្បី​ចាប់ខ្លួន​លោក​​​នោះ​ទេ។

សូម​បញ្ជាក់ដែរថា ប្រមុខ​បក្សប្រឆាំង លោក កឹម សុខា កំពុង​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​​សហរដ្ឋអាមេរិក ក្នុងនាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ក្រៅពី​ជួប​ជាមួយ​ឥស្សរជន និង​​​អ្នកនយោបាយ​ជាន់ខ្ពស់​នៅក្នុង​រដ្ឋបាល​របស់លោក ដូ ណាំ​ត្រាំ ហើយ លោក កឹម សុខា បាន​​​ដើរ​​​ជួប​​ជាមួយ​អ្នកគាំទ្រ​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដោយបាន​លើកឡើង​ពី​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា និង​ដំណើរ​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ខែ​មិថុនា និង​ការបោះឆ្នោតជាតិ​នៅ​ឆ្នាំ២០១៨ខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ