អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ កឹម សុខា ​ចាប់ផ្តើម​ចុះ​ពង្រឹង​មូលដ្ឋាន​ឡើង​វិញ ​ក្រោយ​ខកខាន​ជាង​កន្លះ​ឆ្នាំ​

លោក ​កឹម សុខា ​ប្រធាន​ស្តីទី​​គណបក្ស​​ស​ង្គ្រោះ​ជាតិ ​បាន​ចាប់​ផ្តើម​​ចុះ​​មូល​ដ្ឋាន​​សាជា​ថ្មី ​នៅ​​ថ្ងៃ​អាទិត្យ​​ចុង​​សប្តាហ៍​​នេះ ​ក្រោយ​ពី​​លោក​​បាន​ទទួល​​ការ​លើកលែងទោស​​ពី​​ព្រះ​​មហាក្សត្រ​​កាល​ពី​​ខែ​តុលា​​ឆ្នាំ២០១៦។ ​ខេត្ត​​ព្រះសីហនុ ​និង​​ខេត្ត​កំពត​​ដែល​​ស្ថិត​នៅ​​ភាគ​​និរតី​​នៃ​​​កម្ពុជា ​គឺ​ជា​​ទឹកដី​​ដំបូង​​គេ​​ដែល​​ប្រធាន​ស្តីទី​​គណបក្ស​ប្រឆាំង​​បាន​ធ្វើ​​ដំណើរ​​ទៅ​។​ ប៉ុន្តែ​​ដំណើរ​​ចុះ​​មូលដ្ឋាន​​លើក​​នេះ ​ហាក់​​បាន​ធ្វើ​​ឡើង​​ដោយ​ស្ងាត់ៗ ​ពោល​គឺ​​មិន​មាន​​ការ​​ជូន​​ដំណឹង​​​ជា​​សាធារណៈ​ដូច​មុនៗ​នោះ​ទេ។

លោក​ កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះជាតិ ​ក្នុង​ពេល​ជួប​ជា​មួយ​ថ្នាក់​ដឹកនាំ​ក្រុង ​ស្រុក ​នៃ​ខេត្ត​ព្រះសីហនុ ​កាល​ពី​ថ្ងៃទី ​២២ ​មករា​ ឆ្នាំ​២០១៧​។​
លោក​ កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះជាតិ ​ក្នុង​ពេល​ជួប​ជា​មួយ​ថ្នាក់​ដឹកនាំ​ក្រុង ​ស្រុក ​នៃ​ខេត្ត​ព្រះសីហនុ ​កាល​ពី​ថ្ងៃទី ​២២ ​មករា​ ឆ្នាំ​២០១៧​។​ @facebook
ផ្សាយពាណិជ្ជកម្ម

ដំណើរ​​ចុះ​ទៅ​​កាន់​​មូលដ្ឋាន​​របស់​លោក​ កឹម សុខា ​លើក​​នេះ​ ហាក់​​កំពុង​​ធ្វើ​ឡើង​​ដោយ​​ស្ងាត់​ៗ ​ដោយ​​ផ្ដោត​​តែ​​ទៅ​លើ​​ការ​ជួប​ជុំ​​ជា​មួយ​​ក្រុម​​មេដឹកនាំ​​ថ្នាក់​​ខេត្ត​ ក្រុង ​ស្រុក​ ដើម្បី​​ជ្រើស​រើស​​បេក្ខជន​​ឈរ​ឈ្មោះ​​សម្រាប់​​ការ​បោះឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ ​ប្រចាំ​​នៅ​​ខេត្ត​ព្រះ​សីហនុ​​តែ​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​​អ្វី​​ជា​ការ​​កត់​សំគាល់ ​នេះ​​គឺ​ជា​​ដំណើរ​​ចុះ​ទៅ​​កាន់​​មូលដ្ឋាន​​ជា​​លើក​​ទី​១​ហើយ​​របស់​លោក ​កឹម សុខា​ បន្ទាប់​ពី​​លោក​​បាន​ទទួល​​ការ​​លើក​​លែង​​ទោស​​​ពី​​ព្រះ​មហាក្សត្រ​​កាល​ពី​​ដើម​ខែ​តុលា​​ឆ្នាំ​២០១៦ ​នឹង​​ក្រោយ​ពី​​លោក​​បាន​​ឃុំ​ខ្លួន​ឯង​​នៅ​ក្នុង​​ទី​ស្នាក់​ការ​​បក្ស​​អស់​​រយៈពេល​​ជិត​​កន្លះ​​ឆ្នាំ ​ដើម្បី​​គេច​ចេញ​​ពី​​ការ​ចាប់​ខ្លួន​​របស់​​អាជ្ញា​ធរ​​កម្ពុជា ​ដែល​​បាន​​ចោទប្រកាន់​លោក​នៅក្នុង​សំណុំរឿង​ផ្លូវភេទ​ដ៏​ចម្រូងចម្រាស់​ជាមួយ​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ ចាប់តាំងពី​ខែឧសភា​ឆ្នាំមុន។

 
នៅក្នុង​ជំនួប​ផ្ទៃក្នុង​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ខេត្ត ក្រុង និង​ស្រុក ទូទាំង​ខេត្ត​ព្រះសីហនុ​នៅថ្ងៃនេះ លោក​កឹម សុខា បានផ្ដល់​ឱកាស​ដោយ​សេរី​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់​បញ្ចេញមតិ អំពី​ចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន​ក្នុង​ការងារ​ចំពោះមុខ​របស់​ពួកគេ។ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹងថា ដំណើរ​របស់លោក កឹម សុខា ទៅ​មូលដ្ឋាន​លើក​នេះ គឺ​ដើម្បី​ប្រមូលយក​ព័ត៌មាន​តែប៉ុណ្ណោះ ពោលគឺ​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់ ដើម្បី​ត្រៀម​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​នាពេលខាងមុខ។ ដំណើរ​របស់លោក កឹម សុខា លើក​នេះ នឹងមិន​មាន​ទេ ការជួបជុំ​វេទិកា​មហាជន, ឬ​ការ​ថ្លែង​សារ​នយោបាយ​នោះឡើយ។

សូម​ជំរាបជូន​ថា ទន្ទឹមនឹង​ដំណើរ​ឆ្ពោះទៅកាន់​មូលដ្ឋាន​របស់លោក កឹម សុខា លើក​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ក៏​គ្រោង​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី២៣មករា​ស្អែក​នេះ ដើម្បី​ពិនិត្យ​លើ​សំណើរ​សុំ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរ​ដ្ឋ​សភា តាម​សំណើរ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​លុបចោល​តំណែង​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​រដ្ឋសភា​ដែល​មាន​​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​របស់លោក កឹម សុខា នឹង​បាន​ព្រមាន​ថា បើ​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មិន​ចូលប្រជុំ​សភា​ទេ នោះ​គណបក្ស​ទាំងពីរ​នឹង​គ្មាន​ជំនួប​ចរចារ​ជាថ្មី​នោះ​ឡើយ។ ចំណែក​លោក កឹម សុខា កាលពី​ម្សិល​ម្ងៃ​បាន​ថ្លែងថា "បើ​គណបក្សកាន់អំណាច គេ​មិន​​ត្រូវការ​ជួបចរចា​ជាមួយ​យើង យើង​ត្រូវ​នាំគ្នា​ទៅ​និយាយ​ជាមួយ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន"វិញ។

សូម​បញ្ជាក់ដែរថា ក្រៅពី​ដំណើរ​ចុះទៅ​កាន់​មូលដ្ឋាន​របស់លោក កឹម សុខា នៅ​ខេត្ត​ព្រះ​សីហនុ និង​ខេត្តកំពត​នា​ថ្ងៃអាទិត្យ​នេះ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង និង​ថ្នាក់​ដឹក​នាំ​​ជាច្រើន​ទៀត ក៏​កំពុង​ដាក់​មុខព្រួញ​ចុះទៅ​កាន់​មូលដ្ឋានផ្សេងៗទៀត ដើម្បី​ឆ្ពោះទៅរក​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សាឃុំ-សង្កាត់​អាណត្តិ​ទី៤ នៅ​ថ្ងៃទី៤ មិថុនា ឆ្នាំ​២០១៧​ខាងមុខ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ