អានតួអត្ថបទ
កម្ពុជា

លោក​ កឹម សុខា ​បោះ​ពាក្យ​ឲ្យ​គណបក្ស​នយោបាយ​ប្រកួត​ប្រជែង​គ្នា​លើ​គោល​នយោបាយ​ជៀស​វាង​ប្រើ​ពាក្យ​អសុរោះ​

លោក ​កឹម សុខា ​ប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ​​នៅ​​ថ្ងៃទី​២៦​មីនា​​នេះ ​បាន​​បោះ​ពាក្យ​​ឲ្យ​​គណបក្ស​នយោបាយ​​ទាំង​អស់ ​ធ្វើ​ការ​​ប្រកួត​​ប្រជែង​​​គ្នា ​​លើ​​​គោល​​​នយោបាយ​​​​នៃ​​​​គណបក្ស​រៀងៗ​ខ្លួន​។ ​បើ​តាម​​ប្រធាន​​គណបក្ស​​ប្រឆាំង​​ថ្មី​​រូប​នេះ ​ការ​ប្រកួត​ប្រជែង​​លើ​​គោល​នយោបាយ​​នៃ​​​គណបក្ស​​នីមួយៗ ​គឺ​​ដើម្បី​​ជៀស​វាង​​ការ​វាយ​ប្រហារ​​​គ្នា​​ដោយ​​ពាក្យ​សម្តី​​អសុរោះ​។ ​ហើយ​អ្វីៗ ​គឺ​​ទុក​​ឲ្យ​​ប្រជាពលរដ្ឋ​​ជា​​អ្នក​សម្រេច​។ ​អ្នក​នាំ​ពាក្យ​​​គណបក្ស​កាន់​អំណាច​​​លោក ​សុខ ​ឥសាន ​បាន​​ស្វាគមន៍ ​តែ​​រក្សា​​សិទ្ធិ​​ក្នុង​ការ​​ទាមទារ​​ឲ្យ​​គណបក្ស​​ប្រឆាំង​​ដក​​​ពាក្យ​​ស្លោក​ “ដូរ​​មេឃុំ​​បម្រើ​​បក្ស ​ដាក់​​មេឃុំ​​បម្រើ​​រាស្ត្រ"​។​

លោក ​កឹម​សុខា ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ក្នុង​ពេល​ថ្លែង​ទៅ​កាន់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​នៅ​ក្នុង​ខេត្ត​សៀមរាប​ ថ្ងៃទី ​២៦ ​មីនា​ ឆ្នាំ២០១៧​។​
លោក ​កឹម​សុខា ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ក្នុង​ពេល​ថ្លែង​ទៅ​កាន់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​នៅ​ក្នុង​ខេត្ត​សៀមរាប​ ថ្ងៃទី ​២៦ ​មីនា​ ឆ្នាំ២០១៧​។​ @Facebook kem sokha
ផ្សាយពាណិជ្ជកម្ម

ខណៈដែល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​នៅសល់​មិន​ដល់២ខែ​ទៀត​នោះ​ផង ប្រធាន​​គណបក្ស​ប្រឆាំង​​លោក កឹម សុខា បាន​ណែនាំ​ទៅដល់​សមាជិក​​រប​ស់​លោក ឲ្យ​​ជៀស​វាង​​ការ​ប្រើប្រាស់​ពាក្យពេជន៍​អសុរោះ ដៀលត្មះ ឬ​វាយប្រហារ​គ្នា ដែល​បង្ករ​ឲ្យ​មានការ​ឈឺចាប់​រវាង​គ្នា​នឹង​គ្នា។ ជំនួស​ដោយ​ការប្រកួតប្រជែង​គ្នា​បែប​ប្រទូស​សារាយ​នេះ ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា បាន​អំពាវនាវ​ឲ្យ​គណបក្សនយោបាយ​ទាំងអស់ ធ្វើ​ការ​​ប្រកួត​ប្រជែង​​គ្នា​​តែ​​លើ “គោល​​នយោបាយ​​​នៃ​​គណបក្ស​រៀងៗ​ខ្លួន​"​។​

 
ការលើកឡើង​របស់លោក កឹម សុខា បាន​ធ្វើឡើង​ទំនងជា​សំដៅ​ដល់​ការចាប់ខ្លួន និង​ការ​ចោទប្រកាន់​ទៅលើ​សកម្មជន​គណបក្ស​ប្រឆាំង​ពី​សំណាក់​រដ្ឋាភិបាល​នាពេល​កន្លងមក។
លោក ​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​ការ​លើក​ឡើង​​​របស់លោក កឹម សុខា។ ប៉ុន្តែ​លោក​បាន​រក្សា​សិទ្ធិ​ក្នុងការ​ទាមទារ​ឲ្យ​គណបក្សប្រឆាំង លុប​​ចោល​​​ពាក្យ​ស្លោក “ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ។ បើតាម​លោក សុខ ឥសាន ពាក្យ​ស្លោក​​នេះ ​នឹង​​បង្ករ​​ឲ្យ​​មាន​ការ​​ប៉ះពាល់​​ដល់​​គណ​បក្ស​ផ្សេងៗ​ទៀត​។​​

គួរ​ជំរាបជូន​ថា កាលពី​ថ្ងៃទី២មីនា គណបក្ស​សង្គ្រោះ​ជាតិ​បានអនុម័ត​នូវ​គោលនយោបាយ​អាទិភាព៥ចំណុច ក្រោម​ពាក្យស្លោក “ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ” សម្រាប់​ការឃោសនាបោះឆ្នោត​ឃុំ​សង្កាត់​ចាប់ពី​ថ្ងៃទី២០ឧសភា​ដល់​ថ្ងៃទី២មិថុនា​ខាងមុខ ខណៈ​ដែល​​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច ក៏បាន​ដាក់ចេញ​នូវ​គោល​នយោបាយ​សំខាន់​ៗ​សម្រាប់​អភិវឌ្ឍ ឃុំ-សង្កាត់ ឆ្នាំ២០១៧-២០២២ ចំនួន១៣​ចំណុច នៅ​​ក្រោម​​ពាក្យ​​ស្លោក​​​ចំនួន​៣៥​។​ បើ​តាម​​លោក សុខ ឥសាន គោលនយោបាយ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​​​នឹង​​​ទទួលបាន​ការគាំទ្រ​ច្រើន ពី​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត។

បើ​តាម​លោក កឹម សុខា ប្រធាន​គណបក្សប្រឆាំង​វិញ ការប្រកួតប្រជែង​គ្នា​លើ “គោល​នយោបាយ​​នៃ​គណបក្សរៀងៗខ្លួន” ​គឺ​ដើម្បី​បាន​ផលប្រយោជន៍​ទៅដល់​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ។ “យើង​មិនត្រូវ​ប្រកួត​គ្នា​លើ​ពាក្យសម្ដី អសុរោះ ដៀលត្មះ វាយប្រហារ ឬ​ធ្វើ​ទុក្ខ​បុកម្នេញ បង្ក​ការឈឺចាប់​ឲ្យ​គ្នា​ទៀត​នោះឡើយ។ ហើយអ្វីៗគ្រាប់​យ៉ាង គឺ​ទុក​ជូន​ប្រជាពល​រដ្ឋ​​ខ្មែរ​ ដែលជា​ម្ចាស់ឆ្នោត គឺជា​​អ្នក​សម្រេច។ នេះ​​បើ​តាម​​ការ​ថ្លែង​របស់លោក កឹម សុខា នៅក្នុង​វគ្គ​ផ្សព្វផ្សាយ​ផ្ទៃក្នុង​នូវ​គោលនយោបាយ​អាទិភាព សម្រាប់​ការបោះឆ្នោត ឃុំ-សង្កាត់ នៅ​​ខេត្ត​សៀមរាប​ នា​​ព្រឹក​​ថ្ងៃទី២៦មីនា​នេះ។

សូមបញ្ជាក់ថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី៤ នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី២០ឧសភា ដល់​ថ្ងៃទី ២ មិថុនា​ខាងមុខ ខណៈដែល​ការបោះឆ្នោត​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ទី៤ មិថុនា​ឆ្នាំ២០១៧នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ