អានតួអត្ថបទ
កម្ពុជា

តុលាការ​ចេញ​ដីកា​កោះហៅ​លោក​ គឹម សុខ ​ខណៈ​មិត្តភ័ក្រ​២​នាក់​របស់​លោក​ត្រូវ​បាន​ឃាត់​ខ្លួន​

តុលាការក្រុង​ភ្នំពេញ នៅ​ល្ងាចម្សិលមិញ​នេះ បានចេញ​ដីកា​កោះហៅ​លោក គឹម សុខ ឲ្យ​ចូលខ្លួន​ទៅកាន់​តុលាការ​ក្រុងភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៧កុម្ភៈ​ចុង​សប្តាហ៍​នេះ និង​បាន​បញ្ជា​ទៅ​កងកម្លាំង​ក្រសួងមហាផ្ទៃ​ឲ្យ​ឃ្លាំមើល ពី​ដំណើរ​របស់លោក កឹម សុខ កុំ​ឲ្យ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ជា​បណ្តោះអាសន្ន។ ស្របពេល​មាន​ដីកា​កោះហៅ​លោក គឹម សុខ នេះ  អាជ្ញាធរ​ក្រុងភ្នំពេញ ក៏បាន​ឃាត់ខ្លួន​មិត្ត​ភ័​ក្រពីរ​នាក់​របស់លោក​កាលពី​យប់មិញ​នេះ។

លោក គឹម សុខ អ្នកវិភាគនយោបាយនិងសង្គមដែល​ត្រូវ​បាន​លោក​នាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន ​ប្តឹង​ពី​បទបរិហាកេរ្តិ៍​។​
លោក គឹម សុខ អ្នកវិភាគនយោបាយនិងសង្គមដែល​ត្រូវ​បាន​លោក​នាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន ​ប្តឹង​ពី​បទបរិហាកេរ្តិ៍​។​ @Facebook
ផ្សាយពាណិជ្ជកម្ម

វា​ជា​ចំណាត់ការ​ដូច​ផ្លេកបន្ទោ​ល ពោលគឺ​ដីកា​កោះហៅ​អ្នកវិភាគ​នយោបាយ​មិន​សំចៃមាត់​លោក គឹម សុខ បាន​ធ្លាក់​មក​នៅតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយពី​មាន​ពាក្យបណ្តឹង​ពី​លោក គី តិច មេធាវី​តំណាង​អាណត្តិ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី១៣កុម្ភៈ​ឆ្នាំ២០១៧នេះ។ យោងតាម​ដីកា​កោះហៅ​នេះ លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​អញ្ជើញលោក គឹម សុខ ក្នុងនាម​ជា​ជនសង្ស័យ ឲ្យ​ចូលខ្លួន​ទៅកាន់​តុលាការ​ក្រុងភ្នំពេញ នៅវេលា​ម៉ោង៩ព្រឹក ថ្ងៃទី១៧កុម្ភៈ ចុង​សប្តាហ៍​នេះ ដើម្បី​ឆ្លើយ​ដោះសា​ជុំវិញ​ពាក្យបណ្តឹង​របស់លោក គី តិច ចុះ​ថ្ងៃទី១៣កុម្ភៈ។  ដីកា​កោះហៅ​នេះ ទើបតែ​ត្រូវបាន​អាជ្ញាធរ​យកទៅ​បិទ នៅមុខ​ផ្ទះ​របស់លោក គឹម សុខ ស្ថិតនៅក្នុង​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី១៤ខែកុម្ភៈ​នេះ។

 
ក្រៅពី​ចេញ​ដីកា​កោះហៅ​ហើយ ព្រះរាជអាជ្ញារង​តុលាការក្រុង​ភ្នំពេញ ក៏បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​មន្ត្រីនគរបាល​យុត្តិធម៌ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ត្រួតពិនិត្យ​នៅ​តាម​​ច្រកព្រំដែន ទាំង​ផ្លូវគោក ផ្លូវអាកាស និង​ផ្លូវទឹក ដោយ​ហាម​មិន​ឲ្យ​លោក គឹម សុខ ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ឡើយ។ បើ​យោងតាម​ដីកា​បង្គាប់​នេះ នេះ​គឺជា​វិធានការ​ចាំបាច់​ដើម្បី​ជៀសវាង​ការរាំងស្ទះ ដល់​នីតិវិធី​នៃ​ការស៊ើបអង្កេត និង​ការស្តា​ប់យក​ចម្លើយ​រប​ស់ជន​សង្ស័យ។

គួរ​ជំរាបជូន​ថា កាលពី​យប់មិញ​នេះដែរ អ្នក​ស្និទ​លោក គឹម សុខ ពីរ​នាក់ ក៏ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ផងដែរ ក្រោយពី​ពួកគេ​ពីរ​នាក់​បាន​ខ្ចី​រថយន្ត​របស់គេ ទៅ​ដឹក​លោក គឹម សុខ ចេញពី​ការិយាល័យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ត្រលប់​ទៅផ្ទះ​វិញ។ បើតាម​ការ​ឲ្យ​ដឹង​ពី​លោក គឹម សុខ ថា មិត្ត​ភ័​ក្រ​របស់លោក​ម្នាក់ ឈ្មោះ សៀង ជិន និង​អ្នក​ជិតស្និទ្ធ​គាត់​ម្នាក់ទៀត ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​តាំងពី​យប់មិញ​មក។ លោក គឹម សុខ អះអាងថា លោក សៀង ជិន គ្រាន់តែ​ជា​អ្នករកស៊ី​ចិញ្ចឹម​ឆ្នាំង​តូចតាច​ម្នាក់​ប៉ុណ្ណោះ។ គាត់​មិនដែល​ជាប់​ពាក់ព័ន្ធ​ការងារ​របស់លោក​ឡើយ។ ​គេ​មិន​ទាន់​ដឹង​ថា ​តើ​លោក សៀង ជិន​ ​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​បទល្មើស​អ្វី​នៅ​ឡើយ​ទេ​។​

សូម​បញ្ជាក់ដែរថា លោក គឹម សុខ អ្នកវិភាគ​នយោបាយ​និង​សង្គម ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្តឹង​បន្ទាប់ពី​អ្នកវិភាគ​រូបនេះ​បាន​ថ្លែង​ចោទប្រកាន់ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត​កែម ឡី។ លោកនាយក​រដ្ឋមន្ត្រី​ដែល​បាន​ប្តឹង​លោក គឹម សុខ ដោយ​ទាមទារ​ឲ្យ​តុលាការ​កាត់ទោស​តាមផ្លូវ​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​កន្លះ​លាន​ដុល្លារ ឬ២០០០លាន​រៀល។ ឆ្លើយតប​នឹង​ពាក្យបណ្តឹង​នេះ លោក គឹម សុខ បាន​អះអាងថា លោក​នឹង​នៅ​តតាំង​ក្នុង​រឿងក្តី​នេះ ដោយ​មិន​គេចខ្លួន​ជាដាច់ខាត។ ប៉ុន្តែ​លោក​បាន​សំណូមពរ​កុំ​ឲ្យ​អាជ្ញាធរ​ប្រើប្រាស់​កងកម្លាំង​ឃ្លាំមើល​លោក​ច្រើនពេក ដែល​នាំទៅដល់​ការរំខាន​ការបំពេញ​ការងារ​រប​ស់លោក, ក្រុមគ្រួសារ​រលោក, រួមទាំង​មិត្ត​ភ័​ក្រ​របស់លោក​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ