ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
general

ខួប​ពីរ​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​៖ ​មេធាវី​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ជួប​ចរចា​គ្នា​

media  
អ្នក​គាំទ្រ​លោក កឹម សុខា នៅ​ខាង​មុខ​ផ្ទះ​លោក​​ក្នុង​ខណ្ឌ​​ទួល​គោក ​​រាជ​ធានី​​ភ្នំពេញ ​​ពេល​គេ​បញ្ជូន​លោក ​កឹម សុខា​ ពីត្រពាំងផ្លុង​។​ RFI-PHEARAK

នៅ​ថ្ងៃទី ​០២ ​ខែកញ្ញា ​សប្តាហ៍​ក្រោយ​នេះ គឺ​គម្រប់​រយៈពេល​២​ឆ្នាំ​គត់ ​នៃ​ការ​ឃុំ​ខ្លួន​អតីត​ប្រធាន​គណបក្ស​ប្រឆាំង ​លោក ​កឹម ​សុខា​។ ​ឆ្លៀត​នៅ​ក្នុង​ឱកាស​នេះ ​មេធាវី​ការពារក្តី​ឲ្យ​លោក ​កឹម ​សុខា ​បាន​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ ​ជួប​ចរចា​គ្នា ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ ​ខណៈ​សំណុំរឿង​របស់​លោក ​កឹម សុខា ​ហាក់​នៅ​ទ្រឹង​​​។ ​​បើ​​តាម​​មេធាវីការពារ​ក្តី​ឲ្យ​លោក ​កឹម សុខា ​អ្នក​បច្ចេកទេសនឹ​ងមិ​នអាច​ដោះស្រាយ​ចេញ​ឡើយ ​បើ​អ្នក​នយោបាយ​មិន​ជួប​ចរចា​គ្នា​។ ​ឆ្លៀត​ក្នុង​ឱកាស​នេះ ​វ៉ា សំ​ណព្វ​ សូម​រំលឹក​ឡើង​វិញពី​សំណុំរឿង​របស់​លោក ​កឹម​ សុខា​៖​ 

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា ​ឃាត់​ខ្លួន​នៅ​ពាក់​កណ្តាល​អ​ធ្រាត្រ ​ថ្ងៃទី ​០២ ​ឈាន​ចូល​ថ្ងៃទី ​០៣ ​ខែកញ្ញា​ ឆ្នាំ​ ២០១៧ ​ពី​ក្នុង​គេហដ្ឋាន​របស់​លោក​ ​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួលគោក ​រាជធានីភ្នំពេញ​។ ​ភ្លាមៗ​នោះ ​លោក​ត្រូវ​បាន ​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ស្ថិត​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ជា​ប់ព្រំដែន​នៃ​ប្រទេស​វៀតណាម​។​ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ ​«​សន្និ​ដ្ឋិ​ភាព​​ជា​​មួយ​បរ​ទេស​​»​ ​តាម​​មាត្រា ​​៤៤៣​ ​នៃ​​ក្រម​ព្រហ្ម​ទណ្ឌកម្ពុជា ​ដែល​ជា​​ទោស ​«​ក្បត់​ជាតិ​» ​តាម​រយៈការ​ឃុបឃិត​ជា​មួយ​បរទេស​ ដើម្បី​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​​ច្បាប់​។ ​ប៉ុន្តែ​ត្រូវ​បាន​លោក​បដិសេធ ​ខណៈដែល​មជ្ឈ​ដ្ឋាន​​ជាតិ​​ និង​​សហ​គ​ម​ន៍​អន្តរ​ជាតិ​​មួយ​​ចំ​នួន​​យល់​​ថា​ ​នេះ​គឺ​ជា​ការ​ចោទ​ប្រ​កាន់​ដោយ​គ្មាន​​ភ័ស្តុ​តាង​ត្រឹម​ត្រូវ​ ហើយ​ថា​ ជា​រឿង​នយោ​​បាយ​​។​

យ៉ាងណាក្តី ក្រោយពីការឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេល១២ខែ នៅក្នុង​​ពន្ធនាគារ​ត្រពាំងផ្លុង​មក​ ពោល​គឺនៅ​ថ្ងៃទី ​១០ ​ខែកញ្ញា ​ឆ្នាំ ​២០១៨ ​វេលាម៉ោ​ង​៥​ព្រឹក ​​លោក ​កឹម ​សុខា ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​ជា​បណ្តោះ​អាសន្ន​ ប៉ុន្តែ​​ត្រូវ​​ស្ថិត​នៅ​​​ក្រោម​​ការ​​​ឃ្លាំ​​មើល​​​​របស់​​តុលាការ​។ ​ក្រោមដីកាមួយ​នេះ ​អាជ្ញាធរ​បាន​កម្រិត​សេរីភាព​របស់​លោក ​កឹម ​សុខា ​ឲ្យ​នៅ​តែក្នុង​ផ្ទះ​ ហើយ​ជា​អ្វីដែល​អ្នក​ឃ្លាំមើលបាន​ចាត់​ទុក​ថា ​គឺ​ជាការ​​ឃុំខ្លួន​​នៅ​ក្នុង​​​ផ្ទះ។ ​លោក ផែង​ ហេង ​មេធាវីការពារក្តីឲ្យ​លោក ​កឹម សុខា ​ហាក់​​រុញរា​​ក្នុង​ការ​​និយាយ​​​ថា​ ជាការ​ឃុំខ្លួន​នៅក្នុង​ផ្ទះ ​ខណៈដែល​​កម្ពុជា​​មិន​មាន​​ច្បាប់​​ឲ្យ​​ឃុំខ្លួន​​នៅ​ក្នុង​​ផ្ទះ​ក្តី ​ប៉ុន្តែក្នុងរយៈពេលមួយឆ្នាំមកនេះ លោក កឹម សុខា មិនអាចចេញទៅណា ក្រៅ​ពី​រង្វង់​មុខផ្ទះ​របស់​លោក​នោះ​ទេ​។

បើតាមលោកមេធាវី ផែង ហេង មកទល់នឹងថ្ងៃទី ៣១ សីហានេះ សំណុំរឿងរបស់លោក កឹម សុខា ហាក់នៅទ្រឹងដោយមិនមានការវិវត្តន៍ទៅមុខនោះទេ ខណៈនៅថ្ងៃទី ០២ ខែកញ្ញា សប្តាហ៍ក្រោយនេះ ការឃុំខ្លួនលោក កឹម សុខា នឹងមានរយៈពេល២ឆ្នាំគត់។ បើ​​តាម​លោក​មេធាវី ចៅក្រម​គួរ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​និង​ដោះលែង​លោក ​កឹម​ សុខា​ ឲ្យមានសេរីភាពឡើងវិញ។ លោកមេធាវី បានលើក​ឡើងពី​មតិ​អន្តរជាតិ​ដែល​មើល​​​ឃើញ​ថា ករណីរបស់លោក កឹម សុខា គឺជារឿងនយោបាយ ដូច្នេះ​អ្នក​នយោបាយ​ខ្មែរ គួរតែជួបចរចាគ្នាដើម្បីដោះស្រាយ។ បើតាមលោកមេធាវី អ្នកបច្ចេកទេស នឹង​មិន​អាច​ដោះ​ស្រាយរឿងនេះបានឡើយ បើអ្នកនយោបាយមិនជួបចរចារគ្នា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ