អានតួអត្ថបទ
កម្ពុជា

ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ២០១៦​បាន​បើក​សម្ពោធ​ជា​ផ្លូវការ ​ដោយ​មាន​អត្តពលិក​ជាង​១​ម៉ឺន​នាក់​ចូល​រួម​

ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ២០១៦ បាន​បើកសម្ពោធ​ជា​ផ្លូវការ​ហើយនៅ​ព្រឹក​ថ្ងៃ​សៅ​រិ៍​ទី៦​សីហា​​នេះ ម៉ោង​នៅក្នុង​​ប្រទេស​​កម្ពុជា​ ត្រូវ​នឹង​ពេលយប់ ​ម៉ោង​​នៅក្នុង​​ប្រទេស​ប្រេ​ស៊ី​ល។ ព្រឹត្តិការណ៍​ដែលមាន​អត្ត​ព​លិ​កជាង​១ម៉ឺន​នាក់ មក​ពី​២០៧​ប្រទេស​​ចូលរួម​​នេះ ក៏​មាន​​អត្ត​ព​លិ​ក​កម្ពុជា​ចំនួន៦រូប​ផងដែរ។ ​តាម​កម្មវិធី កីឡាហែលទឹក​កម្ពុជា នឹងត្រូវ​ចាប់​ផ្តើម​​​ប្រកួត​ដំបូង នៅ​ថ្ងៃទី៩សីហា​តទៅ។

ក្រុម​អត្តពលិក​កម្ពុជា ​និង​គណៈប្រតិភូកីឡា​កម្ពុជា ​ចូល​រួម​នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ ​នៅ​ទី​ក្រុង ​Rio ​ប្រេស៊ីល ​ថ្ងៃទី ​៦ ​សីហា ​ឆ្នាំ​២០១៦។​
ក្រុម​អត្តពលិក​កម្ពុជា ​និង​គណៈប្រតិភូកីឡា​កម្ពុជា ​ចូល​រួម​នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ ​នៅ​ទី​ក្រុង ​Rio ​ប្រេស៊ីល ​ថ្ងៃទី ​៦ ​សីហា ​ឆ្នាំ​២០១៦។​ @NOCC
ផ្សាយពាណិជ្ជកម្ម

ក្រោម​ពន្លឺភ្លើង​កាំ​ជ្រូច​ដែល​បាន​បាញ់​ចម្រុះ​គ្នា ចេញពី​ពហុកីឡាដ្ឋានMaranaca នាទី​ក្រុង Rio de Janeiro នៃ​ប្រទេស​ប្រេ​ស៊ី​លជា​សញ្ញា​ថា ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ​លើក​ទី​៣១​ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ​ហើយ នៅ​ព្រឹក​ថ្ងៃ​សៅ​រិ៍​នេះ ត្រូវ​នឹង​ពេលយប់​ម៉ោង​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល។ មាន​អត្ត​ព​លិ​ក​ប្រមាណ​ជាង១ម៉ឺន​នាក់ តំណាង​ឲ្យ​ប្រទេស​ចំនួន ២០៧ បាន​ចូលរួម​នៅក្នុង​ពិធី​បើក​ការប្រកួត​នេះ ក្នុងនោះ​ក៏មាន​អត្ត​ព​លិ​ក​កម្ពុជា​និង​គណៈប្រតិភូ​កម្ពុជា​ចូលរួម​ផងដែរ ដោយ​ពួកគេ​បាន​លើក​ទង់ជាតិ​ដើរ​គ្រវីនៅ​ចំពោះមុខ​គណៈអធិបតីនិង​ទស្សនិកជន​ជាង១០ម៉ឺន​នាក់។ ទង់ជាតិ​កម្ពុជា​ត្រូវបាន​ផ្តល់​កិត្តិយស​កាន់​ដោយ​កីឡាការិនី​តេ​ក្វាន់​ដូរ​កម្ពស់​ខ្ពស់ ស៊ន សៀវ​ម៉ី ក្នុង​ឯកសណ្ឋាន​ប្រពៃណី​ពណ៌​ស្វាយ​យ៉ាង​ស្រស់ស្អាត។

 
សូមបញ្ជាក់ថា ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ​នៅ​ទីក្រុង​រី​យ៉ូ ដែលមាន​រយៈពេល១៦ថ្ងៃ ចាប់ពី​ថ្ងៃ​ទី៥ដល់​ថ្ងៃទី២១សីហា​នេះ មាន​កីឡាករ-កីឡាការិនីជាង១ម៉ឺន​នាក់ តំណាង​ឲ្យ​២០៧​ប្រទេស​​​ចូលរួម ដើម្បី​ប្រជែង​យក​មេដាយ​លើ២៨ប្រភេទ​កីឡា។ នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បើក​ការ​ប្រកួត​​នៅថ្ងៃនេះ មិនមាន​ការប្រកួត​នៅឡើយ​ទេ។ គួរ​ជំរាបជូន​ដែរ​ថា កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​​ចំនួន៦រូប លើ៤ប្រភេទ​វិញ្ញាសារ​ចូលរួម​ប្រកួត នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ​នៅ​​ទី​ក្រុង​រី​យ៉ូ​នេះ រួមមាន ផ្នែក​កីឡា​ហែក​ទឹក២នាក់, ចំបាប់១នាក់, អត្តពលកម្ម​២​នាក់​, និង​តេ​ក្វាន់​​ដូ១នាក់។​

យោងតាម​កម្មវិធី​នៃ​ការប្រកួត កីឡាករ​ហែល​ទឹក​កម្ពុជា ពូ សុវិជ្ជា នឹង​ប្រកួត​ដំបូង​នៅ​ថ្ងៃទី​៩​សីហា នា​វេលា​ម៉ោង១រសៀល​ម៉ោង​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល ត្រូវ​នឹង​ម៉ោង១១យប់​ម៉ោង នៅ​ក្នុង​​ប្រទេស​កម្ពុជា លើ​វិញ្ញាសា​ហែល​ទឹក​ចម្ងាយ១០០ម៉ែត្រ​សេរី។ បន្ទាប់មក​នៅ​ថ្ងៃទី១២​សី​ហា កីឡាការិនី ហែម តុ​ន​វិ​ទី​នី នឹង​ប្រកួត​លើ​វិញ្ញាសា​ហែល​ទឹក​ចម្ងាយ៥០ម៉ែត្រ​សេរី។ ជា​បន្ត​បន្ទាប់​មក​ទៀត កីឡាការិនីលី ណា​រី នឹង​ប្រកួត​លើ​វិញ្ញាសារ​រត់​ម៉ា​រ៉ា​តុង នៅ​ថ្ងៃទី១៤ សីហា​,កីឡាការិនី ចូ​វ សុធា​រ៉ា នឹង​ប្រកួត​លើ​វិញ្ញាសារ​បោកចំបាប់​ទម្ងន់៤៨គីឡូក្រាម នៅ​ថ្ងៃទី​១៧ សីហា។ ហើយ​ថ្ងៃទី២០ សីហា វេលា​ម៉ោង១រសៀលគឺជា​ការប្រកួត​របស់​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី លើ​វិញ្ញាសា​តេ​ក្វាន់​ដូ​ទម្ងន់​លើស៦៧គីឡូក្រាម (+67Kg) និង​ចុងក្រោយ​គឺជា​ការ​ប្រកួត​របស់​អត្តពលកម្ម នី​កូហ៊ី​រ៉ូ​ស៊ី ជនជាតិ​ជប៉ុន​ដែល​រត់​តំណាង​ឲ្យ​កម្ពុជា​លើ​វិញ្ញា​សារ​​រត់​ប្រណាំង នៅ​ថ្ងៃទី២១សីហា។

ក្រុម​អ្នកជំនាញ​ផ្នែក​កីឡា​រំពឹងទុក​ថា កម្ពុជា​នឹង​ទទួលបាន​មេដាយ​ជា​លើកដំបូង​ពី​ព្រឹត្តិការ​ណ៍​​​កីឡា​អូឡាំពិក​នៅ​ទីក្រុង Rio de Janeiro នៃ​ប្រទេស​ប្រេ​ស៊ី​ល​នេះ តាមរយៈ​កីឡា​ការិនី​តេ​ក្វាន់​​ដូ ស៊ន សៀវ​ម៉ី។ នាង​គឺជា​ម្ចាស់​មេដាយមាស Asian Games ឆ្នាំ២០១៤​ផងដែរ​៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ