ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
general

លោក​ រ៉ុង ឈុន ​នឹង​ប្តឹង​ឧទ្ធរណ៍​លើ​សំណុំ​រឿង​បាតុកម្ម​នៅ​ផ្លូវ​វេង​ស្រេង​

media  
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា @RFI

លោក រ៉ុង ឈុន មេដឹកនាំ​សហជីព​ម្នាក់​ក្នុងចំណោម៦នាក់ បានប្រកាស​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​របស់​តុលាការក្រុង​ភ្នំពេញ ក្នុង​សំណុំរឿង​ដឹកនាំ​បាតុកម្ម​នៅ​ផ្លូវ​វេ​ង​ស្រេង កាលពី​ចុងឆ្នាំ ២០១៣ ។ បើតាម​លោក រ៉ុង ឈុន ពាក្យបណ្តឹង​របស់លោក​នឹង​ដាក់​​នៅ​ថ្ងៃទី ០៩ មករា ស្អែក​នេះ។ សូមបញ្ជាក់ថា សំណុំរឿង​បាតុកម្ម​នៅ​ផ្លូវ​វេ​ង​ស្រេង​កាល​ពី​​ចុង​ឆ្នាំ ២០១៣ ត្រូវបាន​តុលាការក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​មេដឹកនាំ​សហជីព​ធំៗ​ចំនួន​៦​រូប ​ជាប់ពន្ធនាគារ​ម្នាក់ ២ឆ្នាំ ៦ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន៣៥លាន​រៀល។  

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី ០៨ មករា​នេះ លោក រ៉ុង ឈុន បាន​អះអាងថា លោក នឹងដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​សាលា​ឧទ្ធរណ៍ ​នៅវេលា​ម៉ោង០៩ ព្រឹក ថ្ងៃទី ០៩ មករា ដើម្បី​ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​តុលាការក្រុង​ភ្នំពេញ នៅត្រង់​សេចក្តី​សម្រេច​ទាំងមូល។ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​នៅថ្ងៃនេះ លោក រ៉ុង ឈុន ដែល​​បច្ចុប្បន្ន គឺជា​អគ្គលេខាធិការដ្ឋាន​សហ​ភាព​សហជីព​កម្ពុជា បាន​អះអាងថា ការ​ដាក់​​ពាក្យ​បណ្តឹងឧទ្ធរណ៍​នេះ គឺ​ដោយសារ​លោក​មិន​សុខចិត្ត ទៅនឹង​សេចក្តីសម្រេច​ក្នុង​សាល​ក្រម​ព្រហ្មទណ្ឌ​របស់​តុលាការក្រុង​ភ្នំពេញ ចុះ​ថ្ងៃទី ១១ ធ្នូ ឆ្នាំ ២០១៨ ដែល​លោក​មិន​បាន​​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះទេ។

លោក រ៉ុង ឈុន រួមជាមួយ​មេដឹកនាំ​សហជីព​ចំនួន៥រូប​ទៀត រួមមាន លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី យ៉ាង សោ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា និង​លោកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ ត្រូវ​បាន​​តុលាការ​ក្រុងភ្នំពេញ កាលពី​ថ្ងៃទី ១១ ធ្នូ ឆ្នាំ ២០១៨ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ក្នុង​​ម្នាក់​២ឆ្នាំ៦ខែ និង​ពិន័យ​ជា​ប្រាក់​សរុប​ទាំង៦នាក់ ៣៥លាន​រៀល ទៅដល់​ជនរងគ្រោះ។

បើទោះបីជា​ទោស​ជាប់ពន្ធនាគារ២ឆ្នាំកន្លះ មិន​ត្រូវបាន​អនុវត្តន៍​ក្តី តែ​មេដឹកនាំ​សហជីព​ទាំងអស់ មិន​ទទួលយក​ការកាត់ទោស​នេះ​ទេ ដោយ​អះអាងថា ពួកគេ​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះឡើយ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ បាន​លើកទឹកចិត្ត​ឲ្យ​មេដឹកនាំ​សហជីព​ទាំងនោះ​ប្តឹង​ឧទ្ធរណ៍ ហើយ​បានចេញ​មុខការ​ពារ​មេដឹកនាំ​សហជីព៣រូប គឺ​លោក អាត់ ធន លោក ប៉ាវ ស៊ីណា និង​លោក ជា មុន្នី ដោយ​លោក​បាន​អះអាងថា​អ្នក​ទាំងបី មាន​សាក្សី​បញ្ជាក់ថា មិន​ជាប់​នៅក្នុង​សំណុំរឿង​ផ្លូវ​វ៉េងស្រេង ជា​សំណុំរឿង​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា ជា​កុបកម្ម​គ្រោង​ទម្លាក់​រដ្ឋាភិបាល​កម្ពុជា​ក្រោយ​ការបោះឆ្នោតជាតិ​ឆ្នាំ២០១៣ ។

សូម​ជំរាបជូន​ថា គិត​មកដល់ពេលនេះ មាន​មេ​សហជីព​ខ្លះ​នៅ​មិនទាន់​ដាក់ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​​សេចក្ដីសម្រេច​របស់​តុលាការក្រុង​ភ្នំពេញ​នៅឡើយ​ទេ ខណៈ​មេដឹកនាំ​សហជីព​មួយចំនួនទៀត ដូចជា លោក អាត់ ធន់ លោកស្រី យ៉ាង សោ​ភ័​ណ្ឌ និង​លោក ប៉ាវ ស៊ីណា ជាដើម កំពុង​រង់ចាំ​ថ្ងៃ​កោះហៅ​ពី​តុលាការ​សាលាឧទ្ធរណ៍។ ប៉ុន្តែ​ទន្ទឹម​ជាមួយគ្នានេះ មេដឹកនាំ​សហជីព​មួយចំនួន បានដាក់​ការព្រួយបារម្ភ​បន្ថែម នៅ​ពេល​ដែល​​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​កាលពីពេលថ្មីៗនេះ បាន​ទាញ​ភ្ជាប់​សំណុំរឿង​បាតុកម្ម​នៅ​ផ្លូវ​​វ៉េងស្រេង ទៅនឹង​អតីត​មេដឹកនាំ​គណបក្សប្រឆាំង។ ពួកគេ​បារម្ភ​ថា សំណុំរឿង​ពួកគេ អាច​ពិបាក​នឹង​រក​ច្រកចេញ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ