អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ​សម រង្ស៊ី ​ត្រូវ​បាន​ចោទ​ប្រកាន់​​ករណី​ថ្មី​មួយ​ទៀត​ ​​ពី​​បទ ​«​​ប្រមាថ​​អង្គ​​ព្រះ​មហាក្សត្រ​​»​

លោក ​សម រង្ស៊ី ​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​ចោទ​ប្រកាន់​ជាផ្លូវការ​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ ​បន្ទាប់​ពី​បាន​ថ្លែង​រិះគន់​ព្រះ​អង្គ​ថា ​ជា​ចំណាប់​ខ្មាំង​ និង​ជា​អាយ៉ង​ របស់​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​។ ​សូម​បញ្ជាក់​ថា ​នេះ​គឺ​ជា​បណ្តឹង​ប្រមាថ​ព្រះមហាក្សត្រ​ជា​លើ​កទី​០២​ហើយ​របស់​លោក ​សម រង្ស៊ី​។  

លោក សម រង្ស៊ី
លោក សម រង្ស៊ី @Internet
ផ្សាយពាណិជ្ជកម្ម

គឺ​បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​ក្រសួង​ព្រះ​បរមរាជ​វាំង ​និង​ក្រោយ​ពី​មាន​អធិបញ្ជា​​ពី​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ​លោក ​អង្គ វង្ស ​វឌ្ឍនា ​នៅ​ល្ងាច​ថ្ងៃទី ​១៣​ កញ្ញា​នេះ ​ព្រះ​រាជ​អាជ្ញា​នៃ​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ ​លោក ​កែវ ​សុធា ​បាន​សម្រេច​ចេញ​ដីកា​ចោទ​ប្រកាន់​និង​បញ្ជូន​សំណុំ​រឿង​របស់​លោក​ សម រង្ស៊ី ​ទៅ​កាន់​ចៅ​ក្រម​ស៊ើប​សួរ ​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​។ ​បើ​យោង​តាម​ដីកា​នេះ ​លោក ​សម ​រង្ស៊ី ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ​ តាម​មាត្រា ​៤៣៧ ​ស្ទួន​ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា ​និង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​។

គួរជំរាបជូនថា​ ការ​ចោទ​ប្រកាន់​លោក​ សម រង្ស៊ី ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​នេះ ​គឺ​បន្ទាប់​ពី​លោក ​សម ​រង្ស៊ី បាន​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​វិទ្យុ​អាស៊ី​សេរី ​កាល​ពី​យប់​ថ្ងៃទី​១២ ​ខែក​ញ្ញា ​ដោយ​រិះគន់​អង្គព្រះមហាក្សត្រ​ថា​ ជា​ចំណាប់​ខ្មាំង​ និង​ជា​អាយ៉ង​ របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​។ ​ក្រោយ​ពី​ការ​លើក​ឡើង​របស់​លោក ​សម​ រង្ស៊ី ​បែប​នេះ ​ក្រសួង​ព្រះ​បរមរាជ​វាំង​ នៅ​ព្រឹក​ថ្ងៃទី ​១៣​ កញ្ញា​នេះ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ​ប្រតិកម្ម​ចំពោះ​លោក ​សម ​រង្ស៊ី ​និ​ងបាន​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ ហើយ​បាន​ហៅ​លោ​ក​ សម ​រង្ស៊ី ​ថា ​មាន​ចរិ​ត​ជា​ជន​ក្បត់ជាតិ ​ដែល​តែង​តែ​ពោល​ពាក្យ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ព្រះ​កិត្តិនាម​របស់​ព្រះករុណា​ព្រះមហាក្សត្រ​។ ​ក្រោយ​មាន​ប្រតិកម្ម​ពី​ក្រសួង​ព្រះ​បរមរាជ​វាំង​មក ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក​ អង្គ​ វង្ស ​វឌ្ឍនា ​ក៏បា​ន​ចេញ​អធិបញ្ជា​បន្ទាន់​មួយ​ ទៅ​កាន់​ស្ថាប័ន​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ ​ឲ្យ​ធ្វើ​បណ្តឹង​អាជ្ញា​ចំពោះ​លោក​ សម រង្ស៊ី ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​នេះ។​ តាម​រយៈអធិបញ្ជា​នេះ ​លោក​រដ្ឋ​មន្រ្តី ​អង្គ វង្ស ​វឌ្ឍនា ​បាន​ប្រាប់​ឲ្យព្រះរាជ​អាជ្ញា​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ជា​បន្ទាន់ ​និង​តឹង​រឹង​បំផុត​ចំពោះ​លោក ​សម រង្ស៊ី​។ ​សម្រាប់​លោក​រដ្ឋមន្រ្តី ​ពាក្យ​សម្តី​របស់​លោក​ សម​ រង្ស៊ី ​ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រះកិត្តិនាម​របស់​ព្រះករុណា​ព្រះមហាក្សត្រ ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ​ដែល​ប្រជារាស្រ្ត​ខ្មែរ​ទូទាំង​ប្រទេស​គោរព​ស្រឡាញ់​ស្មើជីវិត​។ ​ការ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រះចេស្តា​អង្គ​ព្រះមហាក្សត្រ​ខាង​លើ​នេះ ​គឺ​ជា​ទង្វើ​រំលោភ​បំពាន​លើ​រដ្ឋធម្មនុញ្ញ​ ហើយ​ទង្វើ​នេះ ​ត្រូវ​បាន​កំណត់​ជាបទ​ល្មើស​ព្រហ្មទណ្ឌ​។​ នេះបើ​តាម​លោក​រដ្ឋមន្ត្រី​។

​គួរ​ជំរាប​ជូន​ថា ​នេះ​គឺ​ជា​បណ្តឹង​ប្រមាថ​ព្រះមហាក្សត្រ​ជា​លើក​ទី​០២ហើ​យ​របស់​លោក​ សម ​រង្ស៊ី​។ ​កាល​ពី​អំឡុង​ខែ​មេសា​ឆ្នាំ​២០១៩ ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ក៏​បាន​កាត់​ទោស​ឲ្យ​លោក ​សម​ រង្ស៊ី ​ជាប់​ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​នេះ​ដែរ​។ ​កាល​នោះ ​លោក​ សម ​រង្ស៊ី បា​ន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ​ព្រះ​រាជ​សារ​របស់​ព្រះ​មហាក្សត្រ ​ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ចូល​រួម​បោះ​ឆ្នោត​អាណត្តិទី​៦ ​គឺជា​ព្រះ​រាជសារ​ក្លែង​ក្លាយ ​ឬ​ត្រូវ​បាន​ធ្វើឡើ​ង​ដោយ​មាន​ការ​គាប​សង្កត់។​

គួរ​ជំរាប​ជូន​ដែរ​ថា ​គិត​មក​ទល់នឹ​ងពេល​នេះ ​មាន​ពាក្យ​បណ្តឹង​មិន​តិច​ជាង​១០​នោះទេ​ ដែល​កំពុង​ប្រឆាំង​នឹង​លោក ​សម ​រង្ស៊ី អ​តីត​ប្រធាន​គណបក្ស​ប្រឆាំង​ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្នុង​ប្រទេស​បារាំងនេះ​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ