អានតួអត្ថបទ
កម្ពុជា-នយោបាយ

ករណី​បណ្តឹង​ញុះ​ញង់​៖​ តុលាការ​កោះ​ហៅ​លោក ​សម រង្ស៊ី ​មក​បំភ្លឺ ​នៅ​ពីរ​ថ្ងៃមុន​មាតុ​ភូមិនិ​វត្តន៍​

តុលាការ​ក្រុង​ភ្នំពេញ ​កាល​ពី​ថ្ងៃទី ​២១ ​តុលា ​បាន​ចេ​ញ​ដីកា​កោះ​ហៅ​លោក ​សម ​រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី ​០៧ ​វិច្ឆិកា ​សប្តាហ៍​ក្រោយ​នេះ​។ ​ពោល​គឺ​នៅ​ពីរ​ថ្ងៃ​មុន​ផែនការ​មាតុភូមិ​និវត្តន៍​របស់​លោក ​សម រង្ស៊ី​។ ​ដីកា​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នេះ ​គឺ​ពាក់​ព័ន្ធ​នឹង​បណ្តឹង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ​ដែល​ប្តឹង​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ​ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា​។​ 

ក្រសួងយុត្តិធម៌ ៖ ផែនការលោកសម រង្ស៊ី ជាបទឧក្រិដ្ឋធ្ងន់ធ្ងរដល់សន្តិសុខជាតិ
ក្រសួងយុត្តិធម៌ ៖ ផែនការលោកសម រង្ស៊ី ជាបទឧក្រិដ្ឋធ្ងន់ធ្ងរដល់សន្តិសុខជាតិ @RFI
ផ្សាយពាណិជ្ជកម្ម

ដីកា​កោះហៅលោ​ក ​សម ​រង្ស៊ី​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​ក្រុ​ង​ភ្នំពេញ​យក​ទៅ​បិទ​នៅ​របង​ផ្ទះ​របស់​លោក ​សម​ រង្ស៊ី ​ដែល​ជា​អតីត​ទីស្នាក់​ការ​កណ្តាល​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ព្រឹក​ថ្ងៃទី ​៣១​ តុលា​នេះ​។​ ​ដី​កា​កោះហៅ​លោក​ សម ​រង្ស៊ី ​នេះ ​គឺ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា ​លោក​ សម​ រង្ស៊ី ​បាន​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​ដែល​ប្រព្រឹត្ត​នៅ​កម្ពុជា ​និង​នៅ​លើ​បណ្តាញ​សង្គ​ម​ហ្វេសបុក​ឈ្មោះ ​Sam​ Rainsy ​ចាប់​ពី​ថ្ងៃទី ​០២​ ដល់​ថ្ងៃទី ​០៤​ មិថុនា ​ឆ្នាំ​ ២០១៩​។ ​ជា​បណ្តឹង​ដែល​ប្តឹង​ដោយ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ​ស ​ខេង ​រដ្ឋ​មន្ត្រី​ក្រសួងម​ហាផ្ទៃ​កម្ពុជា​។ ​យោង​តាម​ដី​កា​កោះហៅ​របស់​លោក​ កូយ ​សៅ ចៅ​ក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ​បាន​បង្គា​ប់​ឲ្យ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ​ចូល​ខ្លួ​ន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​វេលា​ម៉ោង​៨​ព្រឹក ​ថ្ងៃទី ​០៧ ​វិច្ឆិកា ​ពោល​គឺ ​នៅមុន​ពីរ​ថ្ងៃ​នៃ​ផែន​ការ​មាតុភូមិ​និវត្ត​ន៍រ​បស់​លោក​ សម ​រង្ស៊ី។​

បើ​តាម​ដីកា​កោះហៅរ​បស់​លោក​ កូយ​ សៅ ​បាន​បង្ហា​ញថា​ សំណុំ​រឿង​នេះ ​គឺ​លោក ​សម​ រង្ស៊ី ​បាន​សរសេរ​ញុះញង់​នៅ​លើទំ​ព័រ​ Facebook​ ឈ្មោះ ​Sam​ Rainsy​ កាល​ពី​ថ្ងៃទី​០២ ​និង​ថ្ងៃទី​០៤​ ខែ​មិថុនា ​ឆ្នាំ២០១​៩​។ ​កាល​ពី​ថ្ងៃទី​០២ ​ខែមិថុនា ​លោកស​ម ​រង្ស៊ី ​បាន​សរសេរ​ថា ​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​ ជា​អ្នក​ឲ្យស​ម្លាប់ ​លោក ​ហុក ​ឡង់ឌី ​អតីត​អគ្គ​ស្នង​ការ​នគរបាល​ជាតិ ​ហើយ​ថា​កូន​ប្រុស​របស់​លោក ​ហុក ​ឡង់ឌី ​គឺ​លោកឌី ​វិជ្ជា ​ដែល​បច្ចុប្បន្ន​ជា​កូន​ប្រសារ​របស់​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​ កំពុង​រៀប​ចំ​ផែន​ការ​ជា​មួយ​លោក​ឧបនាយករដ្ឋ​មន្ត្រី ​ស ​ខេង​ ដើម្បី​សង​សឹក​នឹ​ង​លោក ​ហ៊ុន ​សែន​។​ ប៉ុន្តែ​ក្រុម​មេធាវី​របស់​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ​ស ​ខេង​ កាល​ពី​ថ្ងៃទី​០២​ ខែ​កក្កដា ​ឆ្នាំ​២០១៩​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​ប្តឹង​លោក​ សម ​រង្ស៊ី​ អំពី​បទ​ញុះញង់​ឲ្យ​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​ដោយ​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ប្រមាណ​​ជា​១​លាន​ដុល្លារ​​។ ​ជុំវិញ​ដីកាកោះ​ហៅនេះ ​នៅមិន​ទាន់​មាន​ប្រតិកម្ម​ពី​លោក ​សម​ រង្ស៊ី ​នៅ​ឡើយ​ទេ។​

​គួរ​ជំរាប​ជូន​ថា ​លោក​ សម ​រង្ស៊ី អ​តីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​បច្ចុប្បន្ន​កំពុង​និរទេស​ខ្លួ​ន​នៅ​ក្រៅ​ប្រទេស ​កំពុង​រុំព័ទ្ធ​ដោយ​បណ្តឹង​នៅ​ក្នុង​តុលាការក​ម្ពុជា ​មិន​តិច​ជាង​១០​នោះ​ទេ​។ ​ហើយ​ជា​ភាគ​ច្រើន​ ជា​ពាក្យ​បណ្តឹង​ដែល​ប្តឹ​ង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កា​ន់អំណាច​។ ​លោក​ សម​ រង្ស៊ី ​ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ២​០១៥​មក​ បាន​ប្តេជ្ញា​ចិត្ត​ថា ​នឹង​វិល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ​នៅ​ថ្ងៃទី ​០៩​ វិច្ឆិកា​ ខាង​មុខ​នេះ ​បើ​ទោះបី​ជា​ត្រូវ​បូជា​​ជីវិត​ និង​សេរី​ភាព​​របស់​​ខ្លួ​ន​ក៏​ដោយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ