ក្រៅពីបណ្ដឹងប្រមាថព្រះមហាក្សត្រ លោក សម រង្ស៊ី ត្រូវលោកហ៊ុន សែន ប្ដឹងបន្ថែមពីបទបរិហារកេរ្តិ៍
ក្រៅពីបណ្តឹង «ប្រមាថព្រះមហាក្សត្រ» លោក សម រង្ស៊ី កំពុងរងបណ្តឹងបរិហារកេរ្តិ៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ ក្រុមមេធាវីរដ្ឋាភិបាល បានដាក់ពាក្យបណ្តឹងនេះរួចហើយ ទៅកាន់តុលាការក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃទី ១៣ កញ្ញា ស្របពេលមានប្រតិកម្មចម្រុះពីក្រសួងស្ថាប័នរដ្ឋនិងឯកជន ដោយថ្កោលទោសលោក សម រង្ស៊ី ដែលផ្ដល់សម្ភាសប្រមាថព្រះមហាក្សត្រ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៥
នៅក្នុងពាក្យបណ្តឹងនេះ ក្រុមមេធាវីរដ្ឋាភិបាលកម្ពុជា បានជម្រាបជូនលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថា ការលើកឡើងរបស់លោក សម រង្ស៊ី កាលពីយប់ថ្ងៃទី ១២ កញ្ញា ជាមួយវិទ្យុអាស៊ីសេរី គឺបានឆ្លុះបញ្ចាំងអំពីចេតនាទុច្ចរិត ក្នុងគោលបំណងបរិហារកេរ្តិ៍ជាសាធារណៈលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បន្ថែមលើនេះ ការលើកឡើងរបស់លោក សម រង្ស៊ី ក៏បានបង្ហាញអំពីចេតនាទុច្ចរិត ញុះញង់ បង្កឲ្យមានភាពវឹកវរ ចលាចល និងអសន្តិសុខក្នុងសង្គម ដែលជាការបំពានលើមាត្រា ៣០៥ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ នេះបើយោងតាមពាក្យបណ្តឹងរបស់ក្រុមមេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ទៅកាន់ព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី ១៣ កញ្ញា។ តាមរយៈពាក្យបណ្តឹងនេះ ក្រុមមេធាវីបានសំណូមពរឲ្យតុលាការក្រុងភ្នំពេញសម្រេចចោទប្រកាន់ និងផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុត លើលោក សម រង្ស៊ី តាមបញ្ញត្តិនៃក្រមព្រហ្មទណ្ឌកម្ពុជា។
គួរជំរាបជូនថា ពាក្យបណ្តឹងរបស់ក្រុមមេធាវីរដ្ឋាភិបាលកម្ពុជានេះ គឺធ្វើឡើងស្របពេលដែលព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា កាលពីថ្ងៃទី ១៣ កញ្ញា បានចេញដីកាចោទប្រកាន់លោក សម រង្ស៊ី ពីបទ «ប្រមាថអង្គព្រះមហាក្សត្រ»។ ការចោទប្រកាន់នោះ បានធ្វើឡើងក្រោយពីមានប្រតិកម្មពីក្រសួងព្រះបរមរាជវាំង និងអធិបញ្ជាពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា។ ក្រៅពីរងបណ្តឹងទាំងពីរខាងលើនេះ លោក សម រង្ស៊ី ក៏កំពុងរងប្រតិកម្មចម្រុះមកពីស្ថាប័នរដ្ឋ រហូតដល់គណបក្សនយោបាយផងដែរ។
គិតមកដល់រសៀលថ្ងៃទី ១៤ កញ្ញានេះ នៅមិនទាន់ឃើញមានប្រតិកម្មឆ្លើយតបពីលោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិនៅឡើយទេ។ ប៉ុន្តែតាមរយៈសំណេរក្នុង Comment មួយរបស់លោក សម រង្ស៊ី លោកបានចោទប្រកាន់ព្រះបរមរាជវាំងសព្វថ្ងៃនេះថា គឺស្ថិតក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងពិតប្រាកដ។ ផ្ទុយពីនេះ លោក សម រង្ស៊ី បានលើកឡើងពីគុណតម្លៃរបស់លោកថា ត្រូវបានប្រទានដោយព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ដល់សកម្មភាពស្នេហាជាតិរបស់លោក ដែលតែងតែប្រឆាំងដាច់ខាតចំពោះអំណាចផ្តាច់ការនិងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមលោក សម រង្ស៊ី។
យ៉ាងណាក៏ដោយ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថា ការលើកឡើងរបស់លោក សម រង្ស៊ី គឺជាចេតនាមួយដើម្បីបន្ថែមលេស ឬហេតុផល ដើម្បីធ្វើឲ្យលោកមិនចូលស្រុកតាមការគ្រោងទុកនៅថ្ងៃទី ០៩ វិច្ឆិកា ខាងមុខនេះតែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ