ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT
general

​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ទៅ​ជួប​លោក ​សម រង្ស៊ី ​មុន​ពេល​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ចេញ​

media  
លោក ​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ ​ថត​រូប​ជា​មួយ​អតីត​សហការី​របស់​លោក​នៅ​ហុងកុង​ប្រទេស​ចិន ​កាល​ពី​យប់​ថ្ងៃទី ​១៤ ​កក្កដា ​ឆ្នាំ ​២០១៧។​ @facebook

មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​​សង្គ្រោះ​​ជាតិ​សំខាន់ៗ ​ក្នុង​នោះ​​រួម​មាន​​លោក ​កឹម សុខា ​ផង ​បាន​ធ្វើ​​ដំណើរ​​ទៅ​កាន់​​ទីក្រុង​​ហុងកុង ​តាំង​ពី​​ពាក់​កណ្តាល​​សប្តាហ៍​​នេះ ​ដើម្បី​​ជួប​​ជា​មួយ​​លោក ​សម រង្ស៊ី ​អតីត​​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​។ ​ជំនួប​​ដែល​​ធ្វើ​ឡើង ​នៅ​ក្រៅ​​ប្រទេស​​នេះ ​គឺ​​ខណៈ​ដែល​​វិសោធនកម្ម​​ច្បាប់ ​ស្តីពី ​គណបក្ស​នយោបាយ​​លើក​​ទី​២ ​នឹង​ត្រូវ​​ព្រឹទ្ធសភា​​អនុម័ត​​នៅ​​សប្តាហ៍​​ក្រោយ​។ ​សម្រាប់​​មន្ត្រី​​គណបក្ស​ប្រឆាំង​​ដែល​មាន​​សមាន​ចិត្ត​​ចំពោះ​​លោក​ សម រង្ស៊ី ​បាន​ចាត់​ទុក​​ជំនួប​​នេះ​​ថា ​គឺ​ជា​​ជំនួប​​ជា​​លក្ខណៈ​​គ្រួសារ ​និង​​ដោយ​សា​​តែ​​ការ​​នឹក​រលឹក។​

ជំនួប​​ដែល​​លោក ​សម រង្ស៊ី ​ខ្លួន​ឯង​បាន​​ហៅ​ថា ​ជា​​ជំនួប​​លក្ខណៈ​គ្រួសារ ​កាល​ពី​​រាត្រី​​ថ្ងៃ​​សុក្រ​​ទី​១៤​កក្កដា ​គឺ​ធ្វើ​ឡើង​​ជា​មួយ​​អតីត​​សហការី​​របស់​លោក​​នៅ​ក្នុង​​ជួរ​​គណបក្ស​​សង្គ្រោះ​​ជាតិ។​ ​ជំនួប​នេះ លោក សម រង្ស៊ី មិនបាន​បញ្ជាក់ថា នៅទីណា​នោះទេ តែ​បាន​បញ្ជាក់ថា គឺធ្វើឡើង​នៅ​ទីកន្លែង​មួយ ជិត​ប្រទេស​កម្ពុជា។ នេះ​បើតាម​ការសរសេរ​រប​ស់លោក សម រង្ស៊ី នៅលើ​គណនេយ្យ​ហ្វេ​ស​បុក​របស់លោក​នៅ​ថ្ងៃទី ១៥ កក្កដា​នេះ។ ប៉ុន្តែ​បើតាម​ការបញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ជំនួប​រវាង​លោក សម រង្ស៊ី និង​អតីត​សហការី​ដ៏​ស្មោះត្រង់​របស់ខ្លួន គឺ​ប្រព្រឹត្តទៅ​នៅឯ​ទីក្រុង​ហុងកុង ប្រទេស​ចិន។

គួរ​ជំរាបជូន​ថា ចាប់តាំងពី​ថ្ងៃទី ១២ និង​ទី១៣កក្កដា​សប្តាហ៍​នេះ​មក លោក កឹម សុខា និង​​​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ជាច្រើនរូប បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​កាន់​​​ទី​ក្រុង​ហុងកុង​ប្រទេស​ចិន ក្នុង​បុព្វហេតុ​ជួប​ជាមួយ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​​របស់ខ្លួន បន្ទាប់ពី​រដ្ឋសភា​ដែល​មានតែ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៦​រូប បាន​លើកដៃ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ កាលពី​ថ្ងៃទី ១០ កក្កដា។ ហើយ​ជំនួប​ដែល​ធ្វើឡើង ជាមួយ​លោក សម រង្ស៊ី នៅឯ​ទីក្រុង​ហុង​កុង​​នេះ ក៏បាន​កើតឡើង នៅមុន​ពេលដែល​វិសោធនកម្ម​ច្បាប់ ស្តីពី គណបក្ស​នយោ​បាយ​​​ថ្មី​ដែល​នឹង​ហាមឃាត់​មិន​ឲ្យ​គណបក្សនយោបាយ​ទាក់ទង​ជាមួយ​ទណ្ឌិត​នោះ ​នឹង​ត្រូវ​​ព្រឹទ្ធសភា​លើក​យកមក​អនុម័ត​នៅ​សប្តាហ៍​ក្រោយនេះ។

លោក ​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និរទេស​ចេញពី​ប្រទេស​កម្ពុជា​តាំងពី​ខែតុលា​ឆ្នាំ២០១៥មក បន្ទាប់ពី​តុលាការ​ក្រុងភ្នំពេញ​បានចេញ​ដីកាចាប់ខ្លួន​លោក​នៅក្នុង​សំណុំរឿង​បរិហាកេរ្តិ៍​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីតរដ្ឋមន្ត្រី​ការបរ​ទេស​​​កម្ពុជា។ លោក សម រង្ស៊ី ដែល​កំពុង​ជាប់​ក្តីក្តាំ​នៅក្នុង​តុលាការ​យ៉ាង​តិច​៤​ករណី​​ទៀត បាន​លាឈប់​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខែកុម្ភៈ​ឆ្នាំ២០១៧ បន្ទាប់​ពី​​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​លើក​ទី១ បាន​ហាម​មិន​ឲ្យ​អ្នកទោស​ធ្វើ​ជា​​ប្រធាន​​គណបក្សនយោបាយ។ បន្ថែម​លើ​នេះ វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោ​បាយ​​​លើក​ទី២ នឹង​បន្ត​ហាម មិន​ឲ្យ​គណបក្សនយោបាយ​ប្រើប្រាស់ សំឡេង រូប​ភាព​ ឯកសារ​​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ថែមទៀត។ បើ​មិន​ដូច្នោះ​ទេ ​គណបក្សនយោបាយ​នោះ នឹងត្រូវ​រំលាយចោល ឬ​ហាមឃាត់​សកម្ម​ភាពមិន​លើស​ពី​៥​ឆ្នាំ។

លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ក្នុងចំណោម​មន្ត្រី​ជាច្រើន​នាក់ ​ដែល​បាន​ទៅ​ជួប​លោក សម រង្ស៊ី នៅ​ទីក្រុង​ហុងកុង​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​​​ជាតិ បានទទួល​ទាន​អាហារ​រួមគ្នា​ជាមួយ​លោក សម រង្ស៊ី កាលពី​យប់​ថ្ងៃទី​១៤​កក្កដា​។ លោក​ថា «ពួកយើង​មាន​កិត្តិយស​បានទទួល​ទាន​អាហារ​នៅ​ទីក្រុង​ហុងកុង​ជា​មួយ​​មនុស្ស​ដែល​ពួកយើង និង​ប្រជាពលរដ្ឋ​គោរព​ស្រលាញ់ មិនអាច​បំភ្លេច​បានឡើយ ទោះ​បី​​បន្តិចទៀតនេះ ច្បាប់​តម្រូវ​ឲ្យ​យើង​ដក​រូប សម្លេង និង​សកម្មភាព​របស់គាត់ ចេញ​ពី ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ»៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ