អានតួអត្ថបទ
កម្ពុជា

បញ្ហា​​អភិវឌ្ឍន៍​អគារ​ប៊ូឌីញ​ត្រូវ​បាន​ដោះ​ស្រាយ​បញ្ចប់ ​មុន​ពេល​អគារ​ត្រូវ​បាន​វាយ​កម្ទេច​

រដ្ឋមន្ត្រីក្រសួង ​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​​សំណង់ ​លោក ជា​ សុផារ៉ា ​បាន​ប្រកាស​​ពី​​ជោគជ័យ ​លើ​​គម្រោង​​អភិវឌ្ឍន៍​​អគារ​​សហកម្ម​សិទ្ធិ​​ប៊ូ​ឌី​ញ ​“ស” ​ក្រោយ​ពេល​​ពលរដ្ឋ​៧​គ្រួសារ​​ដែល​​នៅ​​សេសសល់​​ចុង​ក្រោយ ​បាន​សម្រេច​​ចុះកិច្ច​សន្យា​​លក់ ​និង​​យល់​ព្រម​​ចាក​ចេញ ​កាល​ពី​​ល្ងាច​ម្សិលមិញ​​នេះ​។ ​នេះ​​គឺ​ជា​​កិច្ចខិតខំ​​ប្រឹង​ប្រែង​​ដោះ​ស្រាយ​​ចុង​ក្រោយ ​និង​​សន្តិវិធី ​មុន​ពេល​​អគារ​​ត្រូវ​​វាយ​កម្ទេច​​ចោល​​នៅ​​​ថ្ងៃទី ​​១៧ ​​កក្កដា ​តទៅ​។  

បញ្ហា​អភិវឌ្ឍន៍​នៅ​អគារ​ប៊ូឌីញ ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់ ​មុន​ពេល​វាយ​កម្ទេច​នៅ​ថ្ងៃទី ​១៧ ​កក្កដា ​ឆ្នាំ ​២០១៧​។​
បញ្ហា​អភិវឌ្ឍន៍​នៅ​អគារ​ប៊ូឌីញ ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់ ​មុន​ពេល​វាយ​កម្ទេច​នៅ​ថ្ងៃទី ​១៧ ​កក្កដា ​ឆ្នាំ ​២០១៧​។​ @facebook
ផ្សាយពាណិជ្ជកម្ម

ការប្រកាស​ពី​ជោគជ័យ​លើ​គម្រោង​អភិវឌ្ឍន៍​អគារ​វ័យ​ចំណាស់​ដែល​ស្ថិតនៅ​កណ្តាល​ទីក្រុង​ភ្នំពេញ គឺ​បន្ទាប់ពី​ប្រជាពលរដ្ឋ៧គ្រួសារ​ក្នុងចំណោម៤៩២ ដែល​នៅ​សេសសល់​ចុងក្រោយ បានសម្រេច​ចុះកិច្ចសន្យា​លក់​បន្ទប់រ​បស់​ខ្លួន កាលពី​ល្ងាច​ថ្ងៃទី ១៥ កក្កដា។ ភ្លាមៗនេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានប្រកាស​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​សហការ​និង​បង្កលក្ខណៈ​ឲ្យ​គម្រោង​នេះ​អនុវត្ត​ដោយ​ជោគជ័យ។

បើតាម​ការសរសេរ​រ​បស់​លោក​រដ្ឋមន្ត្រី នៅលើ​គណនេយ្យ​ហ្វេ​ស​បុក​របស់លោក ហើយ​ត្រូវ​បាន​ចែកចាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សបុ​កថា ពេលនេះ​មាន​ប្រជាពលរដ្ឋ​៤៩២​គ្រួសារ​​ស្មើនឹង១០០% បានសម្រេច​ចិត្ត​ទទួលយក​សំណង​ពី​ក្រុមហ៊ុន​ជប៉ុន Arakawa ជា​ថ្នូរ​នឹង​ការចាកចេញ។ បើតាម​កិច្ចសន្យាលក់ ដែល​ប្រជាពលរដ្ឋ៩៩% បានទទួល​យក​និង​សម្រេច​ចាកចេញ​តាំងពី​ថ្ងៃទី ១៦ មិថុនា គឺមាន​តម្លៃ១៤០០ដុល្លារ​អាមេរិក​ក្នុង​១​ម៉ែត្រ​ការ៉េ។

 

គួរ​ជំរាបជូន​ថា ការសម្រេច​ទទួលយក​ការដោះស្រាយ​នេះ គឺធ្វើឡើង​នៅមុន​ពេលដែល​អគារ​ស​ហ​កម្មសិទ្ធិ​ប៊ូ​ឌី​ញ “ស” ដែល​ត្រូវបាន​សាងសង់ឡើង​តាំងពី​សម័យ​សង្គមរាស្ត្រ​និយម ក្នុង​ឆ្នាំ១៩៦៣ ដែល​ចាស់​ទ្រុឌទ្រោម នឹងត្រូវ​វាយកម្ទេច​ចោល​នៅ​ថ្ងៃទី ១៧ កក្កដា ​តទៅ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួង កាលពី​ថ្ងៃទី ១១ កក្កដា។

លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​នេះ បានផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ ដោយបាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅរស់​នៅក្បែ​ទីតាំង​នេះ ឬ​អ្នក​ដែល​ត្រូវ​ឆ្លងកាត់​ទីនេះ ត្រូវមាន​ការប្រុងប្រយ័ត្ន នៅពេលដែល​ក្រុម​ជាង​ចាប់ផ្តើម​វាយកម្ទេច​អគារ​នេះ។ លោក​បាន​ហៅ​គម្រោង​អភិវឌ្ឍន៍​នៅ​អគារ​ប៊ូ​ឌី​ញ “ស” ដែល​ចាត់ទុកថា ជា​សហគមន៍​ក្រីក្រ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​នេះ​ថា គឺជា​ឆន្ទៈ​ខ្ពស់បំផុត​របស់​ភាគី​ពាក់ព័ន្ធ​ជាពិសេស​គឺ​លោក​រដ្ឋមន្ត្រី និង​ដៃគូ​អភិវឌ្ឍន៍​មកពី​ប្រទេស​ជប៉ុន Arakawa។ បើតាម​លោក សេង ឡូត នៅលើ​ទីតាំង​ចាស់​នៃ​អគារ​ប៊ូ​ឌី​ញ “ស” នេះ នឹងត្រូវ​ជំនួស​មកវិញ ដោយ​អគារ​ថ្មី​មួយ​ដែលមាន​កម្ពស់២១ ដោយ​គ្រោង​ចំណាយ​ថវិការ​​ជាង៨០លាន​ដុល្លារ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ