ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 29/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 28/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 28/05 12h00 GMT
General

ក្រសួង​កំណត់​តម្លៃ​ធ្វើ​ប័ណ្ណ​បើកបរ​ថ្មី​ ខុស​គ្នា​ដូចមេឃ​និង​ដី​

media  
នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​និង ​ពិន័យ​យានយន្ត​គ្រប់​ប្រភេទ​ @siv channa

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ ទើប​តែ​បាន​ចេញ​សេចក្តី​សម្រេច​ថ្មី​មួយ ​ស្តីពី ​ការ​ផ្តល់​សេវា​សាធារណៈ​របស់​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន។​ ជា​សេចក្តី​សម្រេច​ដែល​បាន​ភ្ជាប់​មក​ជា​មួយ​នូវ​ការ​កំណត់​តម្លៃ​នៃ​ការ​ធ្វើ​ប័ណ្ណ​បើកបរ​ថ្មី ​ដែល​មាន​តម្លៃ​ថោក​ជាង​មុន​ស្ទើ​ពាក់​កណ្តាល។​ សម្រាប់​អ្នក​ធ្វើ​ការ​លើ​បញ្ហា​ចរាចរណ៍ ​បាន​សាទរ​ចំពោះ​សេចក្តី​សម្រេច​នេះ ​តែថា ​បើ​លុយ​តិច​ហើយ ​សេវា​ល្អ​ថែម​ទៀត​ នោះ​វា​កាន់ ​តែ​ប្រសើរ។​

បើ​យោង​តាម​សេចក្តី​សម្រេច​នេះ ​ចំពោះកា​រ​ប្រឡង​យក​ប័ណ្ណ​បើកបរ​សម្រាប់​ទោចក្រ​ យាន​យន្ត​ប្រភេទ ​ក ​ឬ​ម៉ូតូ​ដែល​មាន​កម្លាំង​ចាប់​ពី​១២៦​CC​ ឡើង​ទៅ ​មាន​តម្លៃ​ត្រឹម​តែ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ ​ជា​មួយ​នឹង​រយៈ​ពេល​ធ្វើ​ត្រឹម​តែ​១០​ថ្ងៃ ​ដែល​មាន​សុពលភាព​រហូត​ដល់​១០​ឆ្នាំ។ ​ចំណែក​ការ​ប្តូរ ​ឬ​ពន្យារ​ប័ណ្ណ​បើកបរ​ម៉ូតូ​ប្រភេទ ​ក ​វិញ ​ក៏មាន​តម្លៃ​ត្រឹម​តែ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ ​។ ​នេះបើ​យោង​តាម​តារាង​ឧបសម្ព័ន្ធ​ថ្មី​ ដែល​ភ្ជាប់​មក​ជាមួយ​នៃ​សេចក្តី​សម្រេច​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ចុះ​ថ្ងៃ​ទី​២១​មករា​ឆ្នាំ​២០១៦​នេះ។ ​ជា​សេចក្តី​សម្រេច​ដែល​ធ្វើ​ឡើង ​ដោយ​យោង​តាម​ចំណារ​របស់​នាយក​រដ្ឋមន្ត្រីកម្ពុជា ​លោក ហ៊ុន សែន​ និង​យោង​ទៅ​តាម​ភាព​ចាំ​បាច់​របស់​ក្រសួង​ទាំង​ពីរ ​និង​បន្ទាប់​ពី​មាន​ការរិះ​គន់ ​ទៅ​លើ​នីតិវិធី​ដ៏​ស្មុគ​ស្មាញ​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​។​

ចំណែក​ឯ​ការ​ប្រឡង​យក​ប័ណ្ណ​បើកបរ​សម្រាប់​រថយន្ត​វិញ ​ក៏​ត្រូវ​បាន​បញ្ចុះ​តម្លៃ​ស្ទើ​ជាង​ពាក់​កណ្តាល​ផង​ដែរ​។ ​ពោល​គឺ ​សម្រាប់​រថយន្ត​ប្រភេទ ​ខ ​ឬ ​រថយន្ត​គ្រួសារ​ដែល​មាន​៤​កៅអី ​តម្លៃ​៩​ម៉ឺន​រៀល ​ជាមួយ​នឹង​រយៈពេល​ធ្វើ​១០​ថ្ងៃ ​និង​មាន​សុពលភាព​១០​ឆ្នាំ។ ​សម្រាប់​រថយន្ត​ប្រភេទ ​គ ​និង ​ឃ ​តម្លៃ​៩៥.០០០ ​រៀល ​និង​រថយន្ត​ ប្រភេទ ​ង ​មាន​តម្លៃ​១០​ម៉ឺន​រៀល។ ​ក្នុង​នោះ ​រាល់​ការ​ប្តូរ​ ឬ​ពន្យារ​ប័ណ្ណ​បើកបរ​រថយន្ត​គ្រប់​ប្រភេទ​ តម្លៃ​ត្រឹម​តែ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ ​ខណៈ​កាល​ពី​​មុនការ​ប្តូរ​ប័ណ្ណ​បើកប​រ​រថយន្ត​ ក្នុ​ងប្រភេទ ​ខ ​អស់ ​២៨​ដុល្លា​ ទៅ​៣៥​ដុល្លារ​ឯ​ណោះ។​ ចំណែក​ឯការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​យន្ត​ ឬ​ជាទូទៅ​គេ​ហៅថា​ ឈៀក​ នោះ ​ក៏​ត្រូវ​បាន​កំណត់​ជា​ថ្មី​ផងដែរ​។

​លោក​ សន ជ័យ ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ​បាន​អបអរ​សាទរ​ចំពោះ​សេចក្តី​សម្រេចនេះ។​ ក៏​ប៉ុន្តែ ​លោក​ បាន​ស្នើ​ទៅ​ដល់​រដ្ឋាភិបាល ​កាត់​ចោល​បន្ថែម​ទៀត ​នូវ​នីតិវិធី​ស្មុគស្មាញ​មួយ​ចំនួន ​ដូចជា ​ទី១,​ក្រសួង​គួរតែ​ពិនិត្យ​ទៅលើ​នីតិវិធី​នៃ​ការ​ដាក់​ពាក្យ​សុំ​ធ្វើ​ប័ណ្ណ​បើករបរ​ ឬ ​ឈៀក ​ថា​តើ​នៅ​មាន​នីតិវិធី​ស្មុគស្មាញ ​ប្រកប​ដោយ​ការិយាធិបតេយ្យ​ទៀត​ឬ​ទេ ​ព្រោះ​ចូល​កុំ​ភ្លេច​ថា ​ដើម្បី​ទទួល​បាន​សិទ្ធិ​ប្រឡង​យក​ប័ណ្ណ​បើកបរ ​គេ​ត្រូវ​ឆ្លង​កាត់​សាលារៀន​បើកបរ​ឯកជន​ដែល​មាន​តម្លៃ​ថ្លៃ​ជា​មុន​សិន ​និង​ទី២, ​ក្រសួង​គួរ​ពិនិត្យ​ទៅ​លើ​ឥរិយាបថ​របស់​អ្នក​ផ្តល់​សេវា ​រួមទាំង​ការ​លុប​ចោល​នូវ​ក្រុម​អ្នក​រត់​ការ​ផ្សេងៗ ​ដែល​បង្ករ​ឲ្យ​មាន​ភាព​រញ៉េរ​ញ៉ៃផង​ដែរ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ