អានតួអត្ថបទ
កម្ពុជា-តុលាការ

ការ​បង្គាប់​ឲ្យ​កម្ទេច​មាន់​ជល់​៩២​ក្បាល​នៅ​កម្ពុជា​បង្ក​ការ​រិះគន់ និង​សំណួរ​ជា​ច្រើន

សាធារណ​ជន​បាន​នាំ​គ្នា​រិះគន់ ជុំវិញ​ចំណាត់​ការ​របស់​តុលាការ ក្នុង​ករណី​បង្គាប់​ឲ្យ​កម្ទេច​មាន់ជល់​៩២​ក្បាល តាម​រយៈ​ការ​អារ​ក​សម្លាប់ ដែល​មាន់​ទាំងនេះ ទើប​បង្ក្រាប​បាន​កាល​ពី​ពេល​ថ្មីៗនេះ​នៅ​ឃុំ អរិយក្សត្រ​ ខេត្ត​កណ្ដាល។ ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា ការ​រិះគន់​មាន​ចាប់​តាំង​ពីបញ្ញវន្ត រហូត​ដល់​ពលរដ្ឋ​សាមញ្ញ ដែល​ប្រតិកម្ម​ទាំង​នេះ ធ្វើ​ឡើង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេស​បុក។ ប៉ុន្តែ​យ៉ាង​ណា​ក៏ មន្ត្រី​តុលាការ​អះអាង​ថា អ្វី​ដែល​ខ្លួន​បាន​ធ្វើ​គឺ​មាន​មូល​ហេតុ។

រូបភាព​​តំណាង៖ ការ​បង្គាប់​ឲ្យ​កម្ទេច​មាន់​ជល់​៩២​ក្បាល​នៅ​កម្ពុជា​បង្ក​ការ​រិះគន់ និង​សំណួរ​ជា​ច្រើន
រូបភាព​​តំណាង៖ ការ​បង្គាប់​ឲ្យ​កម្ទេច​មាន់​ជល់​៩២​ក្បាល​នៅ​កម្ពុជា​បង្ក​ការ​រិះគន់ និង​សំណួរ​ជា​ច្រើន @សហការី
ផ្សាយពាណិជ្ជកម្ម

សំណួរ​ជា​ច្រើន​បាន​ចោទ​សួរ​ថា តើ​មាន់​ខុស​អ្វី? នៅ​កម្ពុជា​មាន​ទោស​ប្រហារ​ជីវិត​ហើយ​ឬ?សម្លាប់​មាន់​ដើម្បី​បំភ័យ​សត្វ​សេក ឬ​យ៉ាង​ណា? មាន់​អាច​នាំ​គ្នា​បាតុកម្ម​បង្អត់​អាហារ​ដើម្បី​តវ៉ា​នឹង​ទោស​ប្រហារ​ជីវិត​នេះ? នេះ​គឺ​ជា​ការ​ចោទ​សួរ​របស់​សាធារណ​ជន លាយ​ឡំ និង​ការ​រិះគន់​ដែល​ធ្វើ​ឡើង​តាម​រយៈ​បណ្ដាញ​សង្គម។ បន្ថែម​លើ​នេះ ក៏​មាន​ដែរ ការ​ដាក់​រូបភាព​ធៀប​រវាង​ការ​ថែ​រក្សា​មាន់​ជល់​នៅ​ប្រទេស​គេ និង​ការ​អារ​ក​សម្លាប់​មាន់​ជល់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ មន្រ្តី​តុលាការ​ខេត្ត​កណ្ដាល​បាន​និយាយ​ទៅ​តាម​ដីកា​សម្រេច​របស់ខ្លួន​ថា មូល​ហេតុ​ដែល​ឈាន​ដល់​ការ​កម្ទេច​មាន់​ជល់​៩២​ក្បាល​នេះ គឺ​មាន​ការ​លំបាក​នៅ​ក្នុងការ​ថែ​រក្សា ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការ​ថែ​ទាំ និង​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​បទល្មើស​កើត​មាន​ជា​ថ្មី ។ ម្យ៉ាង​ទៀត​ក៏​ដើម្បី​ពន្លឿន​នីតិវិធី​នៃ​ការ​ស៊ើប​សួរ​ឲ្យ​បាន​ឆាប់​រហ័ស។

ចំណែក លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​មាន​ការ​ចម្លែក​ចិត្ត​បន្តិច​ដែរ នៅ​ពេល​ឃើញ​ករណី​នេះ​កើត​ឡើង ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក​បាន​ឯកភាព នឹង​ហេតុផល​របស់​តុលាការ​ព្រោះ​តុលាការ​សម្រេច​ឲ្យ​កម្ទេច​មាន់​ចោល​នេះ គឺ​បាន​ផ្អែក​ទៅ​លើ​ស្ថានភាព​ជាក់​ស្ដែង។ ស្រប​ពេល​មាន​ការ​ចោទ​សួរ​អំពី​ការ​បំផ្លាញ​ភស្តុតាង​ដែរ​ទេ​ជុំវិញ ករណី​អារ​ក​មាន់​នេះ? លោក​ជិន ម៉ាលីន អះអាង​ថា អាច​មាន​ការ​បក​ស្រាយ​ផ្សេង​គ្នា។ ប៉ុន្តែ​សម្រាប់​អ្នក​នាំ​ពាក្យ​រូបនេះ​គឺ មិន​បាន​បំផ្លាញ​ទេ​ព្រោះ​ថា ការ​កម្ទេច​សត្វ​មាន់​នេះ​មាន​ដីកា​សម្រេច​ពី​តុលាការ​ដោយបាន​បញ្ជាក់​ហេតុផល​យ៉ាង​ច្បាស់។ ​

គួរ​រម្លឹក​ថា ការ​កម្ទេច​ចោល​នូវ​មាន់​ជល់​ទាំង​នេះ ធ្វើ​ឡើង បន្ទាប់​ពី​ម្ចាស់​សង្វៀន​បញ្ចល់​មាន់ដែល​គេ​ដឹង​ថា ជា​ក្មួយ​ប្រសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ​ថៃ ផានី​ ត្រូវ​បាន​តុលាការ​សម្រេច​ចេញ​ដីកា ឃុំ​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ។ ករណី​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ជាប់​ពាក់​ព័ន្ធ​ចាប់​តាំង​ពី​មេឃុំ មេភូមិ អ្នក​កាសែត ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ