អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

រូបភាព​នៃ​ការ​រីក​ចម្រើន​ផ្នែក​ខ្លះ​នៃ​សង្គម បង្កប់​ដោយ​អត្ថន័យ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ

ចុះផ្សាយ​នៅ​ថ្ងៃ៖

«នគរ​ថ្កើង​ប្លែក សប្បាយ​តែ​ភ្នែក ក្នុង​ចិត្ត​រង​កម្ម ...» បណ្តាំ​ជា​ពាក្យ​កាព្យ​មួយ​ឃ្លា របស់​អ្នក​ប្រាជ្ញ​អក្សរ​សាស្ត្រ​ខ្មែរ អ្នក​ភិរម្យ អ៊ូ ហៅ ង៉ុយ ហាក់​បាន​ឆ្លុះ​បញ្ចាំង​ច្រើន ពី​តថភាព​សង្គម​បច្ចុប្បន្ន។ ដោយ​មិន​និយាយ​ទៅ​លើ​បញ្ហា​នយោបាយ កំណាព្យ​មួយ​ឃ្លា​នេះ មាន​អត្ថន័យ​ត្រូវ​ច្រើន បើ​ទោះ​ណា​ជា​កវី​ក្រម​ង៉ុយ​បាន​សរសេរ​ឡើង​តាំង​ពី​ទសវត្ស​ឆ្នាំ​ ១៩២០ ក៏​ដោយ។ នោះ​គឺ​ការ​សប្បាយ​នឹង​ការ​ដែល​គេ​ឲ្យ​ខ្ចី​លុយ​មួយ​ពព្រិច​ភ្នែក តែ​ពិបាក​ក្នុង​ចិត្ត​រាប់​សិប​ឆ្នាំ។

សំណង់អគារ​រីកដុះ​ដូចផ្សិត​នៅ​កម្ពុជា ប៉ុន្តែ គុណភាព​សំណង់​គឺ​ជា​បញ្ហា​ចោទ​ដល់​សុវត្ថិភាព
សំណង់អគារ​រីកដុះ​ដូចផ្សិត​នៅ​កម្ពុជា ប៉ុន្តែ គុណភាព​សំណង់​គឺ​ជា​បញ្ហា​ចោទ​ដល់​សុវត្ថិភាព RFI/Bona Pen
ផ្សាយពាណិជ្ជកម្ម

លុយ ឡាន ផ្ទះ​គ្រប់​ម៉ូត គ្រឿង​តុប​តែង សម្ភារៈ​ប្រើប្រាស់​ទំនើប​ៗ គ្រឿង​អលង្ការ​ជា​ដើម មនុស្ស​មួយ​ចំនួន គឺ​ជា​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ពិតៗ ដែល​ជា​កេរិ៍្ត​មរតក​បន្សល់​ទុក​ពី ឳពុក ម្តាយ ជីដូន ជីតា របស់​គេ។ ខ្លះ​ជា​ទ្រព្យ​រក​បាន​ដោយ​ការ​ប្រឹង​ប្រែង​ខ្លួន​ឯង និង​មួយ​ចំនួន​ធំ​ទៀត គឺ​ជា​ទ្រព្យ ដែល​បាន​មក​ដោយ​ការ​ខ្ចី​បុល​មីក្រូ​ហិរញ្ញវត្ថុ ឬធនាគារ​ដោយ​បង់​រំលោះ ឬ​គេ​ហៅ​តាម​ភាសា​ម្យ៉ាង​ទៀត​ថា «ស៊ី​មុន សង​ក្រោយ»។

ប្រភេទ អ្នក​មាន​ជីវភាព​បែប​ទាន់​សម័យ​ចុង​ក្រោយ​នេះ ធ្វើ​ឲ្យ​សង្គម​មួយ ពោរពេញ​ទៅ​ដោយ ភាព​ឆើត​ឆាយ និង​ស៊ីវិល័យ ប្រៀប​បាន​នគរ​មួយ ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្លែក​ភ្នែក សប្បាយ​ភ្នែក​មែន​ទែន។ ក៏​ប៉ុន្តែ នៅ​ក្នុង​ចំណោម​ពលរដ្ឋ ដែល​ចូល​រួម​ជួយ​ឲ្យ​សង្គម​ប្លែក​ភ្នែក​ទាំង​នេះ មាន​ការ​បែង​ចែក​ជា​ ៣​ប្រភេទ។ ប្រភេទ​ទី​១ កំចី​ដែល​ទទួល​បាន​ពី​មីក្រូ​ហិរញ្ញវត្ថុ ឬ​ធនាគារ ត្រូវ​បាន​យក​មក​ដើម្បី​ច្នៃ​ឲ្យ​ចេញ​ជា​ប្រយោជន៍ ដូចជា​ទិញ​គេហដ្ឋាន ឬ​ទិញ​រថយន្ត ដោយ​បង់​រំលោះ​ បម្រើ​អាជីវកម្ម វា​ជា​រឿង​មួយ​ដែល​មិន​មាន​ចំណុច​អវិជ្ជមាន​អ្វី​ទេ។

ប្រភេទ​ទី​២ ជា​ផ្នែក​មួយ​នៃ​ភាព​ឡូយ​ឆាយ និង​ជួយ​ដល់​សង្គម​ខ្មែរ​ឲ្យ​មាន​ព័ណ៌​ស្រស់​បំព្រង​ដែរ​គឺ កម្ចី​បង់​រំលោះ​ដូចគ្នា តែ​ពលរដ្ឋ​ប្រភេទ​នេះ មិន​បាន​រៀបចំ​ផែនការ​ជាក់​លាក់ ក្នុង​ការ​គ្រប់​គ្រង​និង​យក​ប្រាក់​កំចី​ទៅ​កែ​ច្នៃ ឲ្យ​ចេញ​ជា​ប្រយោជន៍​នោះ​ទេ។ ការ​ខ្ចី​លុយ​ខ្លះ គឺ​ជា​កំចី​យក​ទៅ​លេង​ល្បែង​ស៊ី​សង​ក៏​មាន​ដែរ។ រី​ឯ​កំចី​មួយ​ប្រភេទ​ទៀត ជា​កំចី​បែប​ដោះស្រាយ​បន្ទាន់​ ដូច​ជា​តម្រូវ​ការ​ថវិកា​យក​ទៅ​ព្យាបាល​ជំងឺ​ជា​ដើម។

ដោយ​ការ​ប្រជែង​គ្នា នៅ​លើ​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​បច្ចុប្បន្ន​មាន​កាន់​តែ​ខ្លាំង ការ​បង្ក​លក្ខខណ្ឌ​ ងាយ​ៗ​ដល់​អតិថិជន​មាន​កាន់​តែ​ច្រើន ដូច្នេះ​ការ​ផ្តល់​ប្រាក់​កំចី ហាក់​មាន​ភាព​ធូររលុង ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ មាន​ការ​ចាប់​អារម្មណ៍​ និង​ទទួល​យក​សេវា​បែប​បង់​រំលោះ​នេះ​ច្រើន។

ជា​ការ​ពិត ការ​ដែល​ទទួល​បាន​ប្រាក់​កំចី​ពី​មីក្រូ​ហិរញ្ញ​វត្ថុ​ទាំង​ស្រប​ច្បាប់​ និង​លួច​លាក់ គឺ​ជា​ការ​ជួយ​សម្រួល​ដល់​បន្ទុក​របស់​ប្រជាជន​មួយ​ផ្នែក ក្នុង​ការ​ទទួល​បាន​អចលនៈទ្រព្យ ឬ​ចលនទ្រព្យ ដែល​ជា​ការ​ចាំ​បាច់​នៅក្នុង​ជីវភាព​រស់​នៅ។ ក៏​ប៉ុន្តែ នៅ​ក្នុង​អារម្មណ៍ ភាព​ស្រស់​ស្រាយ ក្នុង​ជីវភាព​ប្រចាំថ្ងៃ មាន​តិច​តួច​ណាស់ ពោល​គឺ«ក្នុង​ចិត្ត​នៅ​រងកម្ម» ជានិច្ច​ដូច​ជា​កំណាព្យ ប្រៀន​ប្រដៅ​របស់​លោក​តាក្រម ង៉ុយ ដូច្នោះ​ដែរ។

ក្រៀមក្រំ​ ដោយសារ​ទី​១ ការ​ធានា​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម​នូវ​ការ​សង​បំណុល ដែល​មាន​រយៈ​ពេល​វែង។ ការ​បារម្ភ​ពី​ការ​រក្សា​លំនឹង​អាជីវកម្ម ឬ​ការងារ ឲ្យ​មាន​និរន្តរភាព ដោយ​ត្រូវ​គិត​ជាប់​ជានិច្ច​ពី​មួយ​ខែ​ទៅ​មួយ​ខែ ជុំវិញ​មធ្យោបាយ​ដោះ​បំណុល។ នេះ​សម្រាប់​ក្រុម​អតិថិជន ដែល​មាន​ផែនការ​គ្រប់​គ្រង​ប្រាក់​កំចី​ច្បាស់​លាស់។ ចំពោះ​អ្នក​ដែល​មិន​មាន​ផែនការ​គ្រប់​គ្រង​ប្រាក់​កំចី​ច្បាស់​លាស់​ដូចគ្នា​ដែរ ក៏​ប៉ុន្តែ​ត្រូវ​មាន​ការ​ប្រឈម​ទ្វេរដង។ ទី១ ប្រឈម​នឹង​ការ​បាត់បង់​វត្ថុ​បញ្ចាំ។ មួយ​ទៀត ប្រឈម​នឹង​ការ​ធ្វើ​អត្តឃាត រត់​ចោល​ស្រុក​ ឬ ធ្លាក់​ខ្លួន​ទៅ​ក្នុង​ភាព​ក្រីក្រ ដែល​ជា​ការ​បន្ថែម​បន្ទុក​ទៅ​ក្នុង​សន្តិសុខ​សង្គម។

តាម​តួលេខ​របស់​ធនាគារ​ជាតិ​កម្ពុជា​កាល​ពី​ឆ្នាំ​ទៅ ប្រាក់​កម្ចី​រួម​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ចំនួន​៥០ និង​ប្រតិបត្តិករ​មីក្រូ​ហិរញ្ញ​វត្ថុ​ដទៃ​ទៀត មាន​ប្រមាណ​ជា​ ៣​ពាន់​លាន​ដុល្លារ ដែល​គ្រប​ដណ្តប់​អ្នក​ខ្ចី​ប្រាក់​នៅ​ទូទាំង​ប្រទេស​ជា​ច្រើន​ម៉ឺននាក់។

ដូច្នេះ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ពាក្យ​ថា «នគរ​ថ្កើន​ប្លែក សប្បាយ​តែ​ភ្នែក ក្នុង​ចិត្ត​រង​កម្ម...» គប្បី ពលរដ្ឋ​ខ្មែរ​ចាប់​ផ្តើម​កសាង​ផែនការ​អភិវឌ្ឍ​គ្រួសារ​ដោយ​ខ្លួន​ឯង។ រដ្ឋ​តាម​រយៈ​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​ខ្លួន គួរ​មាន​យន្តការ​លើក​ទឹក​ចិត្ត ជួយ​ណែនាំ​ឲ្យ​មាន​ផែនការ​អាជីវកម្ម​ច្បាស់​លាស់ មុន​នឹង​អនុញ្ញាត​ណាមួយ​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ខ្ចី​ប្រាក់​ធនាគារ ឬ មីក្រូហិរញ្ញ​វត្ថុ។ មាន​ន័យ​ថា​រដ្ឋ​គួរ​លូក​ដៃ និង​ដឹង​ឮ​ក្នុង​រឿង​នេះ។ ជាមួយ​គ្នា​នេះ រដ្ឋ​ក៏​គួរ​តែ​ពង្រឹង​តួនាទី​បន្ថែម​ទៀត​ឲ្យ​មាន​គណនេយ្យ​ភាព​សាធារណៈ​ចំពោះ​ស្ថាប័ន​ផ្តល់​ប្រាក់​កំចី។ល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ