អានតួអត្ថបទ
កម្ពុជា-គ្រោះរាំងស្ងួត

គ្រោះ​ធម្មជាតិ​សម្លាប់​ពលរដ្ឋកម្ពុជា​៣៤​នាក់​និង​របួស​៧៧​នាក់

យ៉ាងហោច​ណាស់​មនុស្ស​៣៤​នាក់​បាន​ស្លាប់​ដោយ​សារ​ខ្យល់​កន្ត្រាក់​និង​រន្ទះ​បាញ់​គិត​ត្រឹម​ខែមេសា ឆ្នាំ២០១៦​នេះ។ លោក ញឹម វណ្ណដា អនុ​ប្រធាន​ទី១​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ចំនួន​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ខ្លាំង​នៅ​ខែ​មេសា ដែល​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ជាង​២០​នាក់។

វាលស្រែរបស់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ដែលរងគ្រោះរាំងស្ងួតធ្វើស្រូវមិនបានផល
វាលស្រែរបស់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ដែលរងគ្រោះរាំងស្ងួតធ្វើស្រូវមិនបានផល @Vann Sokunthea
ផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​ខែ​មេសា​ឆ្នាំ​២០១៦​នេះ មាន​មនុស្ស​៣៤​នាក់​ស្លាប់​ដោយ​សារ​គ្រោះ​មហន្តរាយ​ធម្ម​ជាតិនៅ​កម្ពុជា។ ក្នុង​នោះ​ខ្យល់​កន្ត្រាក់​បាន​កើត​មាន​១១៥ករណី មនុស្សស្លាប់៧​នាក់ របួស​២៧នាក់ ខូចខាត​ផ្ទះ​ជិត​១​ពាន់​ខ្នង ផ្ទះ​បាក់​បែក​និង​របើក​ដំបូល​មាន​ជិត​៥​ពាន់​ខ្នង។  ដោយ​ឡែកមនុស្ស​២៧​នាក់​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់ និង​ មាន​របួស​៥០​នាក់ ។​ 

លោក ញឹម វណ្ណដា អនុប្រធានទី១​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ចាត់​ទុក​ថា ចំនួន​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ខ្ពស់​ជាង​ឆ្នាំ​ទៅ​ក៏​ព្រោះ​តែ​នៅ​ឆ្នាំ​នេះ​ខ្យល់​កន្ត្រាក់​និង​រន្ទះ​បាញ់​មាន​ភាព​ឃោឃៅ។ លោកថា បញ្ហា​នេះ​រដ្ឋាភិបាល​បាន​ត្រៀម​បង្កា​ទុក​ជា​មុន​ដែរ ប៉ុន្តែ​នៅ​មិនអាច​ទប់​ស្កាត់​ឈ្នះ។                                                         

ដោយ​ឡែក​ទាក់​ទង​ស្ថានភាព​អាកាសធាតុ​ទូទៅ លោក ញឹម វណ្ណដា បាន​គូស​បញ្ជាក់​ថា រដូវ​វស្សា​បាន​ចូល​មក​ដល់​ហើយ​ដែល បញ្ហា​ខ្វះ​ខាត​ទឹក​ប្រើ​ប្រាស់​នៅ​កម្ពុជា​មាន​ភាព​ធូរ​ស្រាល​ឡើង​វិញ​ជា​បណ្ដើៗ​ហើយ។ ប៉ុន្តែ​ភាគី​ពាក់ព័ន្ធ​មិន​បាន​ទម្លាក់​ដៃ​ក្នុង​ការ​ចុះ​ចែក​ទឹក​នោះ​ទេ ។ លោក ញឹម វណ្ណដា ទទួល​ស្គាល់​ថា យុទ្ធនាការ​ចុះ​ចែក​ទឹក​របស់​រដ្ឋាភិបាល​នៅ​មិន​ទាន់​ផ្គាប់​ចិត្តប្រជាពលរដ្ឋ​បាន​នៅ​ឡើយ​ទេ​ពោល​គឺ​ដោះស្រាយ​បាន​ត្រឹម​តែ​ទឹក​ផឹក​ប៉ុណ្ណោះ​នៅ​សល់​ទឹក​ធ្វើស្រែ​មិន​ទាន់​គ្រប់​គ្រាន់។  

សូមបញ្ជាក់ថា គ្រោះមហន្តរាយដែលនាំឲ្យកម្ពុជាជួបភាព រាំង​ស្ងួត​នៅ​ពេល​ថ្មី​ៗ បាន​ប៉ះ​ពាល់​​ដល់​ប្រជាជន​កម្ពុជា​ប្រមាណ​ចំនួន ២លាន ៥សែន​នាក់។ ក្រៅ​ពី​ប៉ះពាល់​ដល់​មនុស្ស​ហើយ គ្រោះ​រាំងស្ងួត​ក៏​បាន​សម្លាប់​សត្វ​រាប់​រយ​ក្បាល ត្រី​រាប់​សិប​តោន និង​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​រាប់​រយ​ហិច​តា។ ក្នុងនោះបាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាជន​រស់នៅ​ក្នុង​ស្រុក និង​ក្រុង​ចំនួន ៩៣ និង​ឃុំ សង្កាត់​ចំនួន ៣២៧ ទៅ​ទូទាំង​ប្រទេស៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ