អានតួអត្ថបទ
កម្ពុជា-សង្គម

អតីត​តំណាង​រាស្ត្រ​ និង​មន្រ្តី​រាជ​បណ្ឌិត​សភា​កម្ពុជា​ ស្នើ​ឲ្យ​មាន​ការ​សង់​រូប​សំណាក​លោក​វេជ្ជ​បណ្ឌិត​ Beat Richner​

អតីត​តំណាង​រាស្ត្រ​របស់​អតីត​គណបក្ស​ប្រឆាំង និង​មន្រ្តី​រាជ​បណ្ឌិត​សភា​កម្ពុជា បាន​ស្នើ​ឲ្យ​មាន​ការ​សាង​សង់​រូប​សំណាក ​លោក​វេជ្ជ​បណ្ឌិត Beat Richner ដើម្បី​ដាក់​តម្កល់​នៅ​តាម​មន្ទីរ​ពេទ្យ​ទាំង​ឡាយ​ដែល​មាន​មូល​និធិ​គន្ធ​បុប្ផា ក្រោយ​ពី​លោក​ទទួល​មរណៈ​ភាព។ តែ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​ឆ្លើយ​តប​ថា ការ​សាងសង់​រូប​សំណាកនេះ គឺ​ជា​សិទ្ធិ​សម្រេច​របស់​អ្នក​គ្រប់​គ្រង​មន្ទីរ​ពេទ្យ។ 

លោក Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា
លោក Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា @សហការី
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ លោក អ៊ូ ច័ន្ទរ័ត្ន បាន​បញ្ជាក់​ថា ការ​ដែល​លោក​ស្នើ​ឲ្យ​សាង​សង់​រូប​សំណាក លោក​វេជ្ជ​បណ្ឌិត Beat Richner ដើម្បី​ដាក់​តម្កល់​នៅ​តាម​មន្ទីរ​ពេទ្យ​ទាំង​ឡាយ​ដែល​មាន​មូល​និធិ​គន្ធ​បុប្ផា គឺ​ជា​ការ​តប​ស្នង​សង​គុណ​ដល់​រូប​លោក និង​ទុក​ជា​ភស្ដុតាង​ដល់​ក្មេង​ជំនាន់​ក្រោយ​បាន​ដឹង​អំពី​ការ​លះ​បង់​របស់​គាត់។ លោក អ៊ូ ច័ន្ទរ័ត្ន បាន​មើល​ឃើញ​ថា ស្ទើរ​ពេញ​មួយ​ជីវិត​របស់​លោក​វេជ្ជ​បណ្ឌិត Beat Richner គាត់​បាន​លះ​បង់ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​រាប់​លាន​នាក់ ដោយ​សមាន​ចិត្ត​សប្បុរស​បំផុត​។

ជាមួយ​គ្នា​នេះ មន្រ្តី​ទំនាក់​ទំនង ស្រាវ​ជ្រាវ វប្បធម៌ និង​អប់​រំ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា លោក ឈត ប៊ុនថង ក៏​បាន​សម្តែង​ការ​គាំទ្រ នូវ​គំនិត​ចង់​ឲ្យ​មាន​ការ​សាង​សង់​រូប​សំណាក​លោក​វេជ្ជ​បណ្ឌិត Beat Richner ផង​ដែរ​។

​យ៉ាង​ណា​ក៏​ដោយ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា បាន​ឆ្លើយ​តប​ថា ការសម្រេច​ចិត្ត​សាង​សង់​រូប​សំណាក​របស់ លោក​វេជ្ជបណ្ឌិត Beat Richner ​គឺ​ជា​សិទ្ធិ​របស់​អ្នក​គ្រប់​គ្រង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា មិន​មែន​រដ្ឋា​ភិបាល​ជា​អ្នក​សម្រេច​នោះ​ទេ​។

លោក​វេជ្ជ​បណ្ឌិត Beat Richner បាន​ទទួល​មរណ​ភាព​ក្នុង​វ័យ​៧១​ឆ្នាំ នៅ​ប្រទេស​ស្វីស ដែល​ជា​ប្រទេស​កំណើត​របស់​លោក កាល​ពី​ថ្ងៃ​ទី០៩ ខែ​កញ្ញា បន្ទាប់​ពី​លោក​បាន​លា​ឈប់​ពី​ប្រធាន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា កាល​ពី​ឆ្នាំ​២០១៧ ដោយ​សារ​គាត់​មាន​ជំងឺ​។ ក្រោយ​មរណ​ភាព​របស់ លោក​វេជ្ជ​បណ្ឌិត Beat Richner ថ្នាក់​ដឹក​នាំ​កំពូលៗ​របស់​កម្ពុជា និង​ប្រជា​ពលរដ្ឋ​ខ្មែរ បាន​សម្ដែង​នូវ​ការ​សោក​ស្តាយ និង​ចាត់​ទុក​លោក​វេជ្ជ​បណ្ឌិត​ជន​ជាតិ​ស្វីស​រូប​នេះ​ថា ជា​បិតា​សង្រ្គោះ​កុមារ​កម្ពុជា​។

ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​អង្គ​បាន​ប្រទាន​គ្រឿង​ឥស្សរិយស «មហា​កណ្ឋា​ភណ្ឌ​ឯករាជ្យ​ជាតិ​ព្រះ​រាជាណាចក្រ​កម្ពុជា» ជូន​ដល់​សព​លោក​បណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ជា​កិច្ច​បច្ឆា​មរណៈ​។

ចំណែក ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចាត់​ទុក មរណ​ភាព​របស់​លោក​វេជ្ជ​បណ្ឌិត Beat Richner គឺ​ជា​ការ​បាត់​បង់​ជន​ដ៏​មហិមារ ដែល​ប្តូរ​ផ្តាច់​មិន​គិត​ពី​ខ្លួន​ឯង ក្នុង​ការ​ជួយ​សង្គ្រោះ​កុមារ និង​ស្ត្រី​កម្ពុជា​រាប់​លាន​នាក់ ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក​។​ បើ​តាម ហ៊ុន សែន លោក​វេជ្ជ​បណ្ឌិត​រូប​នេះ ក៏​ជា​បុគ្កល​មួយ​រូប ដែល​បាន​រួម​ចំណែក​ដ៏​ធំ​ធេង​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​ប្រព័ន្ធ​សុខា​ភិបាល​សាធារណៈ​របស់​ប្រទេស​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ