គណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ
គណៈរដ្ឋមន្ត្រីកម្ពុជានៅព្រឹកនេះ បានអនុម័តទាំងស្រុងដោយគ្មានការកែប្រែមាត្រាណាមួយឡើយ លើសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញស្តីពីវិសោធនកម្ម៥មាត្រា។ មាត្រាដែលត្រូវធ្វើវិសោធនកម្មរួមមាន មាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ត្រូវបានសង្គមស៊ីវិលរិះគន់ថាជាការកែប្រែ ដែលធ្វើអោយរដ្ឋាភិបាលកាន់តែមានអំណាច។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:១៥
ក្នុងចំណោម៥មាត្រា មានមាត្រាចំនួន២នៃសេចក្តីព្រាងធម្មនុញ្ញ រដ្ឋាភិបាលបានផ្លាស់ប្តូរពាក្យ និងដកពាក្យ ហើយមាត្រា៣ទៀតនៃសេចក្តីព្រាងរដ្ឋាភិបាលបានបន្ថែម កថាខណ្ឌមួយចំនួន ទាក់ទងនឹងផលប្រយោជន៍របស់កម្ពុជា រួមទាំងការប្រឆាំងនឹងបរទេស ដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។
មាត្រា៣៤ថ្មី(មួយ) កថាខណ្ឌទី៥នៃសេចក្តីព្រាង រដ្ឋាភិបាលបានប្តូរពាក្យ “បន្ថយ” ទៅជា “ដក”។ ក្នុងមាត្រា៣៤ថ្មី(មួយ)កថាខណ្ឌទី៥នៃសេចក្តីព្រាង សរសេរថា បទបញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវបានកំណត់ក្នុងច្បាប់។
មាត្រា១១៨ថ្មី(មួយ) កថាខណ្ឌទី២នៃសេចក្តីព្រាង រដ្ឋាភិបាលបានលុបពាក្យរដ្ឋលេខាធិការចេញពីមាត្រាចាស់។ ក្នុងមាត្រា១១៨ថ្មី(មួយ) កថាខណ្ឌទី២នៃសេចក្តីព្រាង សរសេរថា គណៈរដ្ឋមន្ត្រីត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រី១រូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ជាសមាជិក។
ជាមួយគ្នានេះ មាត្រា៤២ថ្មីនៃសេចក្តីព្រាង រដ្ឋាភិបាលបានបន្ថែមមួយកថាខណ្ឌទៀត ថា “គណបក្សនយោបាយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ ឬដោយប្រយោលក្តី នាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។”
មាត្រា៤៩ថ្មី នៃសេចក្តីព្រាង រដ្ឋាភិបាលក៏បានបន្ថែមមួយកថាខណ្ឌទៀតថា “ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ ឬដោយប្រយោលក្តី នាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។”
ចំណែកឯក្នុងមាត្រា៥៣ថ្មីនៃសេចក្តីព្រាង រដ្ឋាភិបាលបានបន្ថែមមួយកថាខណ្ឌទៀតថា “ព្រះរាជាណាចក្រកម្ពុជាប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេស ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទោះក្រោមរូបភាពណាក៏ដោយ។”
បន្ថែមពីនេះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន បានឲ្យដឹងថាការធ្វើវិសោធនកម្មមាត្រាទាំងនេះ ធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្រោមហេតុផលលើកស្ទួយតម្លៃជាតិខ្មែរ ក្នុងបុព្វហេតុការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងឯករាជ្យជាតិ ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ តាមគ្រប់រូបភាព ព្រមទាំងដើម្បីលើកស្ទួយការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។
ដោយឡែក លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានលើកឡើងតាមបណ្តាញសង្គមថា តាមរយៈនៃការធ្វើកំណែថ្មីនេះ វានឹងធ្វើអោយរដ្ឋាភិបាលកាន់តែមានអំណាចក្នុងការគៀបសង្កត់ លើគណបក្សប្រឆាំង និង ក្រុមសង្គមស៊ីវិល ហើយនាយករដ្ឋមន្រ្តីមានសិទ្ធិតែងតាំងរដ្ឋលេខាធិការដោយមិនបាច់ឆ្លងកាត់ សភា ប៉ុន្តែរដ្ឋលេខាធិការលែងជាសមាជិករដ្ឋាភិបាលទៀតហើយ គឺចាប់ពីឋានៈរដ្ឋមន្ត្រីឡើងទៅទើបជាសមាជិករដ្ឋាភិបាល។
សូមជម្រាបជូនថារដ្ឋធម្មនុញ្ញបច្ចុប្បន្នរបស់កម្ពុជាត្រូវបានធ្វើវិសោធនកម្មចំនួន៨លើករួចមកហើយ។ ការធ្វើវិសោធនកម្មលើកដំបូងត្រូវបានរដ្ឋសភាអនុម័ត កាលពីខែកក្កដា ឆ្នាំ១៩៩៤ នាសម័យប្រជុំរដ្ឋសភានីតិកាលទី១។ ការធ្វើវិសោធនកម្មលើកទី៨ ត្រូវបានរដ្ឋសភាអនុម័តកាលពីខែតុលា ឆ្នាំ២០១៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៥៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ