អានតួអត្ថបទ
កម្ពុជា-ច្បាប់

គណៈរដ្ឋមន្រ្តី​អនុម័ត​ទាំង​ស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ

គណៈរដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​នេះ បាន​អនុម័ត​ទាំង​ស្រុង​ដោយ​គ្មាន​ការ​កែ​ប្រែ​មាត្រា​ណា​មួយ​ឡើយ លើ​សេចក្តី​ព្រាង​ច្បាប់​រដ្ឋធម្មនុញ្ញ​ស្តី​ពី​វិសោធនកម្ម​៥​មាត្រា។ មាត្រា​ដែល​ត្រូវ​ធ្វើ​វិសោធនកម្ម​រួម​មាន មាត្រា​៣៤​ថ្មី មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨​ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ។ ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​រិះគន់​ថា​ជា​ការ​កែប្រែ ដែល​ធ្វើ​អោយ​រដ្ឋាភិបាល​កាន់​តែ​មាន​អំណាច។

រដ្ឋធម្មនុញ្ញ
រដ្ឋធម្មនុញ្ញ @សហការី
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​៥​មាត្រា មាន​មាត្រា​ចំនួន​២​នៃ​សេចក្តី​ព្រាង​ធម្មនុញ្ញ រដ្ឋាភិបាល​បាន​ផ្លាស់​ប្តូរ​ពាក្យ និង​ដក​ពាក្យ ហើយ​មាត្រា​៣​ទៀត​នៃ​សេចក្តី​ព្រាង​រដ្ឋាភិបាល​បាន​បន្ថែម កថាខណ្ឌ​មួយ​ចំនួន ទាក់​ទង​នឹង​ផល​ប្រយោជន៍​របស់​កម្ពុជា រួម​ទាំង​ការ​ប្រឆាំង​នឹង​បរទេស ដែល​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា។

មាត្រា​៣៤​ថ្មី​(មួយ) កថាខណ្ឌ​ទី​៥​នៃ​សេចក្តី​ព្រាង រដ្ឋាភិបាល​បាន​ប្តូរ​ពាក្យ “បន្ថយ” ទៅ​ជា “ដក”។ ក្នុង​មាត្រា​៣៤​ថ្មី​(មួយ)​កថាខណ្ឌ​ទី៥​នៃ​សេចក្តី​ព្រាង សរសេរ​ថា បទ​បញ្ញត្តិ​ដក​សិទ្ធិ​បោះ​ឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ត្រូវ​បាន​កំណត់​ក្នុង​ច្បាប់។

មាត្រា​១១៨​ថ្មី​(មួយ) កថាខណ្ឌ​ទី​​២​នៃ​សេចក្តី​ព្រាង រដ្ឋាភិបាល​បាន​លុប​ពាក្យ​រដ្ឋលេខាធិការ​ចេញ​ពី​មាត្រា​ចាស់។ ក្នុង​មាត្រា​១១៨​ថ្មី​(មួយ) កថាខណ្ឌ​ទី​២​នៃ​សេចក្តី​ព្រាង សរសេរ​ថា គណៈរដ្ឋមន្ត្រី​ត្រូវ​បាន​ដឹក​នាំ​ដោយ​នាយក​រដ្ឋមន្ត្រី​១​រូប អម​ដោយ​ឧបនាយក​រដ្ឋមន្ត្រី ព្រម​ទាំង​មាន​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី ជា​សមាជិក។

ជាមួយ​គ្នា​នេះ មាត្រា​៤២​ថ្មី​នៃ​សេចក្តី​ព្រាង រដ្ឋាភិបាល​បាន​បន្ថែម​មួយ​កថាខណ្ឌ​ទៀត​ ថា “គណបក្ស​នយោបាយ​ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ហើយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ​ទោះ​ដោយ​ផ្ទាល់​ ​ឬ​ដោយ​ប្រយោល​ក្តី នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ។

មាត្រា​៤៩​ថ្មី នៃ​សេចក្តី​ព្រាង រដ្ឋាភិបាល​ក៏​បាន​បន្ថែម​មួយ​កថាខណ្ឌ​ទៀត​ថា “ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ហើយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ​ទោះ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្តី​ ​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ។

ចំណែក​ឯ​ក្នុង​មាត្រា​៥៣​ថ្មី​នៃ​សេចក្តី​ព្រាង រដ្ឋាភិបាល​បាន​បន្ថែម​មួយ​កថាខណ្ឌ​ទៀត​ថា “ព្រះ​រាជាណាចក្រកម្ពុជា​ប្រឆាំង​ដាច់​ខាត​ការ​ជ្រៀត​ជ្រែក​ពី​បរទេស ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ខ្លួន​ ទោះ​ក្រោម​រូបភាព​ណា​ក៏​ដោយ។

បន្ថែម​ពី​នេះ អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផាន បាន​ឲ្យ​ដឹង​ថា​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​ទាំង​នេះ ធ្វើ​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្រោម​ហេតុផល​លើក​ស្ទួយ​តម្លៃ​ជាតិ​ខ្មែរ ក្នុង​បុព្វហេតុ​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ និង​ឯករាជ្យ​ជាតិ ប្រឆាំង​នឹង​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ តាម​គ្រប់​រូបភាព ព្រម​ទាំង​ដើម្បី​លើក​ស្ទួយ​ការ​តម្កល់​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ។

ដោយ​ឡែក លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM) បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម​ថា តាម​រយៈ​នៃ​ការ​ធ្វើ​កំណែ​ថ្មី​នេះ វា​នឹង​ធ្វើ​អោយ​រដ្ឋាភិបាល​កាន់​តែ​មាន​អំណាច​ក្នុង​ការ​គៀប​សង្កត់ លើ​គណបក្ស​ប្រឆាំង និង ក្រុម​សង្គម​ស៊ីវិល ហើយ​នាយក​រដ្ឋមន្រ្តី​មាន​សិទ្ធិ​តែង​តាំង​រដ្ឋលេខាធិការ​ដោយ​មិន​បាច់​ឆ្លង​កាត់ សភា ប៉ុន្តែ​រដ្ឋលេខាធិការ​លែង​ជា​សមាជិក​រដ្ឋាភិបាល​ទៀត​ហើយ គឺ​ចាប់​ពី​ឋានៈ​រដ្ឋមន្ត្រី​ឡើង​ទៅ​ទើប​ជា​សមាជិក​រដ្ឋាភិបាល។

សូម​ជម្រាប​ជូន​ថា​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​របស់​កម្ពុជា​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន​៨​លើក​រួច​មក​ហើយ។ ការ​ធ្វើ​វិសោធនកម្ម​លើក​ដំបូង​ត្រូវ​បាន​រដ្ឋសភា​អនុម័ត កាល​ពី​ខែ​កក្កដា ឆ្នាំ​១៩៩៤ នា​សម័យ​ប្រជុំ​រដ្ឋសភា​នីតិកាល​ទី​១។ ការ​ធ្វើ​វិសោធនកម្ម​លើក​ទី​៨ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៤ ​នា​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ