អានតួអត្ថបទ

សភា​​អឺរ៉ុប​ស្នើ​កម្ពុជា​ឲ្យ​ទម្លាក់​ចោល​គម្រោង​ច្បាប់​ពីរ

សំឡេង​ប្រឆាំងនឹង​គម្រោង​ច្បាប់​ពីរ​របស់​កម្ពុជា៖ ទី១គឺ​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ទី២គឺ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព បាន​លាន់​ខ្ទរខ្ទារ​ដល់​សភា​សហភាព​អឺរ៉ុប ។ អង្គការនីតិប្បញ្ញត្តិ​នៃ២៨ប្រទេស​នេះ​បាន​បញ្ចេញ«សំណើ​ដំណោះស្រាយ​រួម»មួយ​ដែល​គាំទ្រ​អ្នក​តវ៉ា​ជំទាស់​នឹង​ឆន្ទៈ​របស់​រដ្ឋាភិបាល និង​រដ្ឋសភា​កម្ពុជា​ទាំងស្រុង។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ចំ​ថ្ងៃ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិន មែន​រដ្ឋាភិបាល រៀបចំ​ដោយ​រដ្ឋសភា​កម្ពុជា​នៅ​ថ្ងៃ​ពុធ​តែម្តង ដែល​សភា​សហភាព​អឺរ៉ុប​បាន​បញ្ចេញ«សំណើ​ដំណោះស្រាយ​រួម»ទាក់ទង​នឹង​គម្រោង​ច្បាប់​នេះ​ផង និង​គម្រោង​ច្បាប់​ស្តីពី​សហជីព​ផង។

សភា​សហភាព​អឺរ៉ុប​ទាំងមូល​បានធ្វើ​សំណើ​មួយចំនួន​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ក្នុងចំណោម​នោះ​មាន​ជាអាទិ៍៖ ទម្លាក់ចោល​ដាច់ខាត​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ព្រមទាំង​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព, ទទួលស្គាល់«តួនាទី​ស្របច្បាប់ និង​មាន​ប្រយោជន៍»របស់​សង្គម​ស៊ីវិល សហជីព និង​គណបក្សនយោបាយ​ប្រឆាំង​ដែល«រួមចំណែក​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​នយោបាយ​ជាទូទៅ​នៅ​កម្ពុជា», ផ្សាយ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​បច្ចុប្បន្ន និង​ពិគ្រោះ​ជាមួយ​អ្នកជំនាញ និង​សមាជិក​សហជីព «ដើម្បី​កែតម្រូវ​ឱ្យស្រប​តាម​អនុសញ្ញា​អន្តរជាតិ​លេខ៨៧ស្តីពី​សេរីភាព​សហជីព និង​សិទ្ធិ​បង្កើត​សហជីព ព្រមទាំង​អនុសញ្ញា​អន្តរជាតិ​លេខ៩៨ស្តីពី​សិ​ទិ្ធ​ប្រមូលផ្តុំ និង​សិទ្ធិ​ចរចា​ជា​សមូហភាព», និង​ធ្វើតាម​មតិ​របស់​អ្នក​រាយ​ការ​ណ៏​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ឋិ​មនុស្ស​ដែល​ថ្លែងថា«ច្បាប់​ប្រភេទ​នេះ​គួរ​អនុម័ត​តែ​នៅពេលណា​បាន​ពិគ្រោះ​យោបល់​ប្រកបដោយ​ការចូលរួម​ពេញលេញ ដោយ​បើកចំហរ​គ្រប់គ្រាន់ ដើម្បី​ធានាថា គ្រប់ភាគី​ពាក់ព័ន្ធ​មាន​ឯកភាព​លើ​ខ្លឹមសារ(...)»។

សភា​សហភាព​អឺរ៉ុប​ដែល​យល់ឃើញថា «ភាពស្វាហាប់​នៃ​សង្គម​ស៊ីវិល​កម្ពុជា» ជាពិសេស​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី សមាជិក​សហជីព អ្នកសារព័ត៌មាន និង​សមាជិក​គណបក្សប្រឆាំង «មាន​តួនាទី​ស្ថាបនា​ជាសំខាន់» ហើយ​ថា«កម្ពុជា​ប្រឈម​នឹង​ការខាតបង់​ប្រាក់​សម្រាប់​ទ្រទ្រង់​គម្រោង​អភិវឌ្ឍន៍​ពី៦០០លាន​ទៅ៧០០លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ បន្ទាប់ពី​ការអនុម័ត​សេចក្ដីព្រាងច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល(...)»។

សំណើ​របស់​សភា​សហភាព​អឺរ៉ុប​គឺជា​ការ​បន្ទរ​តាម​សំឡេង​របស់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួន​នៅ​កម្ពុជា ដែល​បាន​ពិនិត្យឃើញថា សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែនរដ្ឋាភិបាល និង​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព រឹតត្បិត​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​បង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

អ្នកនាំពាក្យ​រដ្ឋ​សភាក​ម្ពុ​ជា​បាន​អះអាងថា មិនទាន់​បានទទួល«សំណើរ​ដំណោះស្រាយ​រួម»របស់​សភា​សហភាព​អឺរ៉ុប​នេះ​នៅឡើយ​ទេ ប៉ុន្តែ​លោក ឈាង វុន ដែលជា​ប្រធាន​គណកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​ផង បាន​គូសបញ្ជាក់ថា «សភា​កម្ពុជា​អត់​ស្តាប់បង្គាប់​សភា​អឺរ៉ុប​ទេ» ហើយ​ថា​សំណើ​របស់​សភា​អឺរ៉ុប​គឺ«ទទួលយក​អត់​បានទេ»។

សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​ឆ្លង​ផុតដៃ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅហើយ បន្ទាប់​វា​ត្រូវបាន​បញ្ជូនមក​រដ្ឋសភា​កម្ពុជា​នៅ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ