អានតួអត្ថបទ
កម្ពុជា-ច្បាប់

​នាយក​រដ្ឋ​មន្ត្រី​ស្នើ​សុំ​ប្រមុខ​រដ្ឋ​ស្តី​ទី​បញ្ឈប់​គោរមងារ​ឧកញ៉ា​៧៥​នាក់ ​នៅ​ក្នុង​ជួរ​កង​ទ័ព​

ទី​បំផុត​ចំនួន​ឧកញ៉ា នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ក្រសួង​ការពារ​ជាតិ​ត្រូវ​បាន​កំណត់​ហើយ​គឺ​ចំនួន​៧៥​នាក់ ដែល​ចំនួន​នេះ​ត្រូវ​បាន​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា ដាក់​ក្នុង​បញ្ជី​ស្នើ​ទៅ​ប្រមុខ​រដ្ឋ​ស្តី​ទី​សុំ​បញ្ឈប់​គោរមងា​រ។ ការ​ស្នើ​បញ្ចប់​គោរមងា​រឧក​ញ៉ា​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​កណ្តាល​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា កាល​ពី ខែ​សីហា ឆ្នាំ​២០១៩ កន្លង​ទៅ បាន​ដាក់​បញ្ជា​មិន​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​គោរមងារ​ដ៏​ខ្ពង់​ខ្ពស់​មួយ​នេះ​។ 

ក្រសួងការពារជាតិ (រូបភាពតំណាង)
ក្រសួងការពារជាតិ (រូបភាពតំណាង) @Internet
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​លោក សាយ ឈុំ ប្រមុខ​រដ្ឋ​ស្តី​ទី​កាល​ពី​សប្តាហ៍មុន ហើយ​អ្នក​កាសែត​ទើប​តែ​ទទួល​បាន​នៅ​ថ្ងៃ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រាយ​ឈ្មោះ​ច្បាស់ៗ​នូវ​ថ្នាក់​ដឹក​នាំ​ក្នុង​ជួរ​កង​យោធពល​ខេមរ​ភូមិន្ទ​សរុប​ចំនួន​៧៥​នាក់ ដែល​ត្រូវ​បាន​ស្នើ​ឲ្យ​បញ្ឈប់​ពី​គោរមងារ​ជា​ឧក​ញ៉ា​។

ក្នុង​ចំណោម មន្ត្រី​យោធា​ជាន់​ខ្ពស់ ដែល​បោះ​បង់​ចោល​គោរមងារ​ឧក​ញ៉ា​ទាំង​នេះ ក្នុង​នោះ​មាន​ថ្នាក់​នាយ​ឧត្តម​សេនីយ៍​ចំនួន​៦​រូប ដែល​គេ​ស្គាល់​ច្រើន​គឺ​នាយ​ឧត្តម​សេនីយ៍ នាង ផាត រដ្ឋ​លេខា​ធិការ​ក្រសួង​ការពារ​ជាតិ និង​នាយ​ឧត្តម​សេនីយ៍ សែម សុវណ្ណនី អគ្គ​នាយក​មជ្ឈ​មណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិ​ភាព បោស​សំអាត​មីន និង​កាក​សំណល់​សង្គ្រាម​។

ក្រៅ​ពី​នេះ គឺ​ជា​មន្ត្រី​យោធា​ដែល​មាន​ឋានន្តរ​ស័ក្តិ​ថ្នាក់​ឧត្តម​សេនីយ៍​ឯក ឧត្តម​នាវី​ឯក ឧត្តម​សេនីយ៍​ទោ ឧត្តម​សេនីយ៍​ត្រី រហូត​ដល់​វរ​សេនីយ៍​ទោ ដែល​សុទ្ធ​សឹង​ជា​អ្នក​មាន​មុខ​ងារ​ជា​អគ្គ​នាយក អគ្គ​នាយក​រង អគ្គ​លេខា​ធិការ​រង មេ​បញ្ជា​ការ​រង នាយ​រង​សេនា​ធិការ និង​ជំនួយ​ការ នៃ​កង​ពល និង​អង្គ​ភាព​យោធា​ផ្សេងៗ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ក្រសួង​ការពារ​ជាតិ​។

ជា​ការ​កត់​សម្គាល់​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​យោធា ដែល​មាន​ឋានន្តរ​ស័ក្តិ​សំខាន់ៗ បាន​ស្ម័គ្រ​ចិត្ត​លះ​បង់​គោរមងារ​ឧក​ញ៉ា​ចោល ដោយ​ជ្រើស​រើស​យក​តួនាទី​យោធា​តែ​មួយ ក្រោយ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ខែ​មុន​។ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ជ្រើស​រើស​យក​គោរមងារ​ឧក​ញ៉ា ដោយ​លះ​បង់​ចោល​តំណែង​កង​ទ័ព​វិញ គឺ​មិន​ត្រូវ​បាន​បង្ហាញ​ដោយ​ក្រសួង​ការពារ​ជាតិ​ឡើយ​។

ដោយ​ឡែក ក្រសួង​មហា​ផ្ទៃ​វិញ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​លាស់​នៅ​ឡើយ​ពី​ចំនួន​មន្ត្រី​នគរ​បាល ដែល​សុខ​ចិត្ត​លះបង់​គោរមងារ​ជា​ឧក​ញ៉ា​ចោល​។ ក៏​ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​លោក ខៀវ សុភ័ក បាន​ប្រាប់ RFI ថា​ក្រសួង​បាន​កំណត់​ចំនួន​មន្ត្រី​នគរ​បាល​ជាង​៣០​នាក់ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​គោរមងារ​ជា​ឧក​ញ៉ា​។ សូម​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​មាន​ចំនួន​ឧក​ញ៉ា​សរុប​ប្រមាណ​ជា​ជិត​១ពាន់​នាក់ ហើយ​ជា​រឿយៗ មាន​បុគ្គល​មួយ​ចំនួន ដែល​ពាក់​គោរមងា​រឧក​ញ៉ា បាន​ប្រព្រឹត្ត​ខុស​ច្បាប់​នៅ​ក្នុង​សង្គម ដែល​នាំ​ឲ្យ​មាន​ការ​រិះ​គន់ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​តំលៃ​ឧក​ញ៉ា​ទូទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ