អានតួអត្ថបទ
កម្ពុជា

លោក​កែ គឹមយ៉ាន ជំរុញឲ្យ​បង្កើត​គណៈកម្មការ​បង្ក្រាប​គ្រឿងញៀន​នៅ​សង្កាត់​ទឹកថ្លា​ជា​បន្ទាន់

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​ណែនាំ​ឲ្យ​មាន​ការ​បង្កើត​ជា​បន្ទាន់​នូវ​គណៈកម្មការ​ត្រួត​ពិនិត្យ ​ធ្វើ​សកម្មភាព និង​វាយ​តម្លៃ ការ​បង្ក្រាប​គ្រឿង​ញៀន​ នៅ​សង្កាត់​ទឹកថ្លា​។ ជា​ការ​កត់​សម្គាល់ សង្កាត់​ទឹក​ថ្លា ​គឺ​ជា​កន្លែង ដែល​មាន​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ច្រើន​ជាង​គេ បើ​គិត​ក្នុង​ចំណោម​សង្កាត់​ផ្សេង​ៗ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៦​នេះ​។ ការ​ណែនាំ​របស់​លោក​កែ គឹមយ៉ាន នេះ បាន​ធ្វើ​ឡើង ខណៈ​លោក​ រួម​ជាមួយ​នឹង​តំណាង​សាលា​រាជធានី​ភ្នំពេញ​ និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ទៀត បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ នា​ព្រឹក​ថ្ងៃ​ទី ៨​មិថុនា​នេះ។

លោក ​កែ​ គឹម​យ៉ាន ​ប្រធាន​​អាជ្ញាធរ​​ជាតិ​​ប្រយុទ្ធ​​ប្រឆាំង​​គ្រឿង​​ញៀន​
លោក ​កែ​ គឹម​យ៉ាន ​ប្រធាន​​អាជ្ញាធរ​​ជាតិ​​ប្រយុទ្ធ​​ប្រឆាំង​​គ្រឿង​​ញៀន​
ផ្សាយពាណិជ្ជកម្ម

តំបន់​ត្រពាំង​ឈូក ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា រាជធានី​ភ្នំពេញ ត្រូវ​បាន​ចាត់​ទុកថា​ជា​កន្លែង ដែល​ពេញ​និយម​ដោយ​ការ​ជួញដូរ​គ្រឿង​ញៀន គ្មាន​ការ​ថមថយ​សោះ។ គ្រាន់​តែ​នៅ​ក្នុង​រយៈ​ពេល​ដើម​ឆ្នាំ ២០១៦​នេះ ករណី​ជួញដូរ​គ្រឿង​ញៀន មាន​ចំនួន​ច្រើន​ជាង ៣០០​ករណី ហើយ​សមត្ថកិច្ច បាន​ឃាត់​ខ្លួន​ជនល្មើស​ជាង ៣០០នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​មាស ភារិទ្ធ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន។

ដូច្នេះ លោក​កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន រួម​ជាមួយ​នឹង​សាលា​រាជធានី​ភ្នំពេញ​ និង​មន្ត្រី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ បាន​ចុះ​ទៅ​ពិភាក្សា និង​ពិនិត្យ​តំបន់​នោះ​ផ្ទាល់ ដើម្បី​រក​គន្លឹះ ដោះស្រាយ និង​រៀបចំ​យន្តការ ដើម្បី​រក្សា​ស្ថិរភាព​ សុវត្ថិភាព​តំបន់​នោះ ឲ្យ​បាន​រៀបរយ និងឲ្យ​​ល្អ​ប្រសើរ​ជាង​មុន​។

បើ​តាម​លោក​មាស ភារិទ្ធ ក្រោយ​ការ​ពិនិត្យ​នោះ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ណែនាំ​ឲ្យ​មាន​ផែនការ​ធ្វើ​សកម្មភាព​រយៈពេល ១​ឆ្នាំ ដោយ​អនុវត្ត​ជា ៤​ដំ​ណាក់​កាល គឺ​មាន​ការ​ត្រួត​ពិនិត្យ រៀងរាល់ ៣​ខែ​ម្តង។​ ជាមួយ​គ្នា​នោះ ក៏​បាន​ជំរុញ​ឲ្យ​មានការ​បង្កើត​ជា​បន្ទាន់​នូវ​គណៈកម្មការ​ត្រួត​ពិនិត្យ និង​ធ្វើ​សកម្មភាព​ នៅ​តំបន់​ត្រពាំងឈូក និង​ទូទាំង​សង្កាត់​ទឹក​ថ្លា​ទាំង​មូល ហើយ​ត្រូវ​មាន​គណៈ​កម្មការ​តាមដាន និង​វាយ​តម្លៃ​ពី​វឍ្ឈនភាព នៃ​សកម្មភាព​បង្ក្រាប​គ្រឿង​ញៀន ថ្នាក់​សង្កាត់​នោះ​ផង​ដែរ។ ចំណែក​ឯ​សមាសភាព​របស់​គណៈកម្មការ​នោះ គឺជាការ​រួម​បញ្ជូល​គ្នា​ជាមួយនឹង​សហគមន៍​មូលដ្ឋាន។ តាម​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ដោយសារ​តែ​កន្លង​មក​ការ​អនុវត្ត​ច្បាប់​តែ​មួយ​មុខ​មិន​បាន​ជោគជ័យ ដូច្នេះ​ទើប​មាន​ការ​តម្រូវ​ឲ្យ​មាន​ការ​ប្រើប្រាស់​គ្រប់​កោសិកា​នៅ​សង្កាត់​ទឹក​ថ្លា​នោះ​ឲ្យ​ចូលរួម។

សូម​បញ្ជាក់ថា​ យន្តការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​ថ្នាក់​ជាតិ​ មាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន​ជាស្នូល បន្ទាប់​មក​នៅថ្នាក់​ក្រោម​ជាតិ មាន​គណៈកម្មការ​ត្រួតពិនិត្យ និង​បង្ក្រាប​គ្រឿងញៀន​​​រាជធានី ខេត្ត ដែល​បង្កើតឡើងដោយ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល។ ហើយ​គណៈកម្មការនេះ ត្រូវបង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​គ្រឿង​ញៀន តាម​ខណ្ឌ ហើយ​ខណ្ឌ ត្រូវបង្កើត​នៅ​តាម​សង្កាត់។ តាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅក្នុង​រាជធានីភ្នំពេញ សុទ្ធតែមាន​គណៈកម្មការ​របៀបនេះនៅ​តាម​ខណ្ឌ ឬ​សង្កាត់​ផ្សេងៗ ដោយ​ឡែកនៅតែសង្កាត់​ទឹក​ថ្លា ដែល​នៅ​ខ្វះសមាសភាព ក្នុងការ​បំពេញ​បន្ថែម ដើម្បីបង្កើត​​គណៈកម្មការនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ