ពេញ១ឆ្នាំ២០១៧៖ ការបង្រ្កាបបទល្មើសគ្រឿងញៀន បានកើនឡើងជាង៩២% បើធៀបនឹងឆ្នាំ២០១៦
នៅព្រឹកនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើកសន្និបាតសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨។ ក្នុងនោះមានបូកសរុបលទ្ធផលផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ និងលើកទិសដៅអនុវត្តយុទ្ធនាការលើកទី៣ទៀត។ សម្រាប់ពេញមួយឆ្នាំ២០១៧ទៅនេះ អាជ្ញាធរមានសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញឿនគ្រប់ប្រភេទកើនឡើងខ្លាំងជាងឆ្នាំ២០១៦ដល់ទៅជាង៩២ភាគរយឯណោះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤៩
របាយការណ៍សង្ខេបស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញឲ្យដឹងថា ការបង្រ្កាបបទល្មើសគ្រឿងញៀនរបស់អាជ្ញាធរខ្មែរនៅក្នុង២០១៧កន្លងទៅនេះ មានចំនួន៨១៧៣ករណី គឺបានកើនឡើង៩២,៤៨ភាគរយឫប្រមាណ៣៩២៧ករណី បើប្រៀបធៀបនឹងឆ្នាំ២០១៦ដែលមាន៤២៤៦ករណីតែប៉ុណ្ណោះ។ ក្នុងនោះ អាជ្ញាធរ បានចាប់ឃាត់ខ្លួនជនសង្ស័យបាន១៧៧៩៥នាក់ មានស្រី១៥៨៤នាក់។ ចំនួននេះ បើធៀបនឹងឆ្នាំ២០១៦ គឺបានកើនឡើងចំនួន៧៨៦២នាក់ ឫស្មើនឹង៧៩,១៥ភាគរយ។ ចំណែកគ្រឿងញៀនវិញ អាជ្ញាធរខ្មែរបានរឹបអូសចំនួនជាង២៩៦គីឡូក្រាមឯណោះនៅក្នុងការបង្រ្កាបពេញមួយឆ្នាំ២០១៧នេះ។
ដោយឡែក អ្នកញៀនគ្រឿងញៀនដែលទទួលបានសេវាព្យាបាលកាលពីពេញមួយឆ្នាំ២០១៧វិញ គឺមាន១៥៧៩៦នាក់ បានកើនឡើង៩,៤៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៦កន្លងទៅ។ បើតាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ការកើនឡើងនេះ គឺអាស្រ័យដោយគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនបានពង្រឹងយន្តការរបស់ខ្លួនពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន។ ថ្វីបើអ្នកប្រើប្រាស់គ្រឿងញៀនមកទទួលការព្យាបាលមានការកើនឡើងក៏ដោយ ប៉ុន្តែអាជ្ញាធរក៏បានបង្ហាញឲ្យដឹងដែរថា នៅមានប្រើប្រាស់គ្រឿងញៀននៅមូលដ្ឋានប្រមាណ៣៦ភាគរយទៀតមិនបានទទួលការព្យាបាលនោះទេ។ នេះបើតាមអាជ្ញាធរ គឺដោយសារតែពួកគេខ្លាចរអារចំពោះការអនុវត្តច្បាប់ និងមិនទាន់ដឹងថា មានការផ្តល់សេវាព្យាបាលនៅសហគមន៍។
បើទោះបីការបង្រ្កាបបទល្មើសគ្រឿងញៀនមានការកើនឡើងក៏ពិតមែន ប៉ុន្តែតាមរយៈការធ្វើបច្ចុប្បន្នភាពអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងឆ្នាំ២០១៧ បានបង្ហាញឲ្យឃើញថា នៅតាមភូមិ-ឃុំនៅទូទាំងប្រទេសកម្ពុជាមានអ្នកប្រើប្រាស់គ្រឿងចំនួន១៤៣៥៣នាក់។ ចំនួននេះបើប្រៀបធៀបនឹងឆ្នាំ២០១៦ គឺបានកើនឡើងដល់៥៣៣៣នាក់ឬស្មើនឹង៥៩,១២ ភាគរយ។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ របាយការណ៍ដដែល បានចង្អុលបង្ហាញឲ្យឃើញដែរថា មូលហេតុនៃការកើតមានបទល្មើសគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា គឺដោយសារឧក្រិដ្ឋជនអន្តរជាតិ នៅតែព្យាយាមប៉ុនប៉ងប្រើប្រាស់ប្រទេសកម្ពុជាធ្វើជាប្រទេសផលិតកែច្នៃ និងឆ្លងកាត់គ្រឿងដោយខុសច្បាប់តាមគ្រប់រូបភាព ទាំងផ្លូវគោក ទឹក និងអាកាស។ របាយការណ៍នេះក៏បានកត់សម្គាល់ទៀតដែរថា បណ្តាខេត្តភាគឦសាន្តប្រទេសកម្ពុជា នៅតែជាខេត្តដែលបន្តមានសកម្មភាពលួចចរាចរនាំចូលគ្រឿងញៀនដោយខុសច្បាប់។
ឆ្លើយតបនឹងបញ្ហានេះ លោកនាយឧត្តមសេនីយ៍កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជម្រុញដល់មន្រ្តីពាក់ព័ន្ធទាំងអស់ឲ្យបង្កើនការទប់ស្កាត់ការនាំចូលគ្រឿងញៀនពីច្រកព្រំដែនឡាវបន្ថែមទៀត។ ការនាំចូលពីច្រកព្រំដែននេះហើយ ដែលជំរុញឲ្យសកម្មភាពលួចចរាចរនាំចូលគ្រឿងញៀនតំបន់ភាគឦសាន្តនេះ នៅតែមានកម្រិតខ្ពស់ជាងតំបន់ផ្សេងៗទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ