អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ឌី វិជ្ជា​៖ ​ការ​ស្លាប់​របស់​ឪពុក​លោក​ក្នុង​ឧប​ទ្ទវ​ហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាលពី​១០​ឆ្នាំ​មុន គឺ​ដោយ​សារ​កត្តា​អាកាសធាតុ​

លោក​ឧត្តម​សេនីយ៍​ឯក ឌី វិជ្ជា កូន​ប្រុស​ច្បង​របស់​លោក ហុក ឡងឌី អតីត​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ បាន​បញ្ចេញ​ប្រតិកម្ម​ជា​លើក​ដំបូង​ចំពោះ​ការ​អះអាង​របស់​លោក សម រង្ស៊ី ថា ឳពុក​របស់​លោក​បាន​ស្លាប់​ដោយ​ការ​រៀប​ចំ​ធ្វើ​ឃាត​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ការ​ដាក់​គ្រាប់​បែក​ឲ្យ​ផ្ទុះ​នៅ​លើ​ឧទ្ធម្ភាគចក្រ កាល​ពីឆ្នាំ ២០០៨។ ប៉ុន្តែ លោក ឌី វិជ្ជា បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ថា ជា​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ប្រឌិត ញុះញង់ និង​ធ្វើ​ឲ្យ​មតិ​ជាតិ​និង​អន្តរជាតិ​មាន​ការ​ភ័ន្ត​ច្រឡំ។ ពាក់​ព័ន្ធ​នឹង​ករណី​នេះ លោក ឌី វិជ្ជា បាន​អះអាង​ថា លោក​កំពុង​ឲ្យ​មេធាវី​របស់​លោក សិក្សានិង​ពិនិត្យ​មើល​ឯកសារ ដើម្បី​ប្ដឹង​លោក សម រង្ស៊ី។ 

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា កូនប្រុសច្បងរបស់លោក ហុក ឡងឌី
លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា កូនប្រុសច្បងរបស់លោក ហុក ឡងឌី @Police
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​ប្រតិកម្ម​លើក​ដំបូង​របស់​លោក ឌី វិជ្ជា ដែល​ជា​កូន​ប្រុស​បង្កើត​របស់​លោក​នាយ​ឧត្តមសេនីយ៍ ហុក ឡងឌី អតីត​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​។ ប្រតិកម្ម​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រង្ស៊ី ប្រធាន​ស្តី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា បាន​លួច​ធ្វើ​ឃាត​លោក ហុក ឡង់ឌី អតីត​អគ្គ​ស្នង​ការ​នគរបាល​ជាតិ តាម​រយៈ​ការ​ដាក់​គ្រាប់​បែក​ឲ្យ​ផ្ទុះ​លើ​ឧទ្ធម្ភាគចក្រ​របស់​លោក ហុក ឡង់ឌី កាលពីថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ​២០០៨។ ប៉ុន្តែ លោក ឌី វិជ្ជា ដែល​កូន​ប្រុស​បង្កើត​របស់​លោក​នាយ​ឧត្តម​សេនីយ៍ ហុក ឡងឌី បាន​ចេញ​មក​អះអាង​ថា ការ​ស្លាប់​របស់​ឪពុក​លោក​ក្នុង​ឧបទ្ទវ​ហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ កាល​ពី​ជាង​១០​ឆ្នាំ​មុន​នោះ គឺ​ដោយ​សារ​កត្តា​អាកាសធាតុ​។

តាម​រយៈ​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក កាល​ពីថ្ងៃ០៩ មិថុនា លោក ឌី វិជ្ជា ដែល​បច្ចុប្បន្ន គឺ​ជា​អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ និង​ជា​ប្រធាន​នាយក​ដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ និង​ជា​កូន​ប្រសារ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ថា ជា​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ប្រឌិត ញុះញង់ ដែល​ធ្វើ​ឲ្យ​មតិ​ជាតិ​និង​អន្តរជាតិ​មាន​ការ​ភ័ន្ត​ច្រឡំ ជុំវិញ​ការ​ស្លាប់​របស់​ឪពុក​លោក​។

លោក ឌី វិជ្ជា បាន​លើក​ឡើង​ថា លោក សម រង្ស៊ី បាន​យក​ការ​ស្លាប់​របស់​ឪពុក​លោក​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ ដោយ​សារ​កត្តា​អាកាសធាតុ​នេះ ទៅ​ធ្វើ​ជា​ឧបាយកល​ទុច្ចរិត ក្នុង​ការ​បម្រើ​មហិចតា​នយោបាយ​របស់​ខ្លួន ដើម្បី​ប្រឌិត​រឿង​បំបែក​បំបាក់​ផ្ទៃ​ក្នុង​នៃ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល ក៏​ដូចជា​ក្រុម​គ្រួសារ​របស់​លោក​ផ្ទាល់​ផង​ដែរ​។ បើ​តាម​លោក ឌី វិជ្ជា នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ ដែល​លោក សម រង្ស៊ី បាន​ប្រឌិត​ព័ត៌មាន​មិន​ពិត និង​បង្កើត​ព័ត៌មាន​ញុះញង់ ដើម្បី​បំផ្លាញ​ស្ថិរភាព​សង្គម និង​សាមគ្គីភាព​ជាតិ តាម​រយៈ​ការ​បង្កើត​គណនី​ហ្វេស​ប៊ុក​ក្លែង​បន្លំ​ឈ្មោះ​ថ្នាក់​ដឹក​នាំ​រដ្ឋា​ភិបាល ការ​វាយ​ប្រហារ​ទៅ​លើ​ប្រមុខ​រដ្ឋា​ភិបាល និង​ញុះញង់​ឲ្យ​យោធា​ធ្វើ​សកម្មភាព ផ្ដួល​រំលំ​រដ្ឋា​ភិបាល​ជា​ដើម​។ ពាក់​ព័ន្ធ​នឹង​ករណី​នេះ លោក ឌី វិជ្ជា បាន​អះអាង​ថា លោក​កំពុង​ឲ្យ​មេធាវី​របស់​លោក សិក្សា​និង​ពិនិត្យ​មើល​ឯកសារ ដើម្បី​ប្ដឹង​លោក សម រង្ស៊ី ទៅ​កាន់​តុលាការ​។

គួរ​ជំរាប​ជូន​ថា នៅ​ក្នុង​សំណុំ​រឿង​ដូច​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី ០៧ មិថុនា កន្លងទៅ ក៏​បាន​ប្រកាស​ឲ្យ​មេធាវី​របស់​លោក​រៀប​ចំ​ឯកសារ ដើម្បី​ប្តឹង​លោក សម រង្ស៊ី ទៅ​កាន់​តុលាការ​ប្រទេស​បារាំង​ផង​ដែរ​។ ជា​ពាក្យ​បណ្តឹង​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជា​អ្នក​សម្លាប់ លោក ហុក ឡង់ឌី តាម​រយៈ​ការ​ដាក់​គ្រាប់​បែក​ឲ្យ​ផ្ទុះ​ក្នុង​ឧទ្ធម្ភាគ​ចក្រ នៅ​ពេល​ដែល​កំពុង​តែ​ហោះហើរ​លើ​ខេត្ត​ស្វាយ​រៀង កាល​ពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០០៨​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ