ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

បញ្ហា EBA៖ GMAC សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា​និង​អឺរ៉ុប​នឹង​អាច​ស្វែង​រក​ដំណោះ​ស្រាយ​សម​ស្រប​មួយ

media  
កម្មការិនី​កាត់ដេរ​កំពុង​បំពេញ​ការងារ Samer Muscati/Human Rights Watch

បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​សព្វាវុធ ឬ EBA ស្ថិត​ទាំង​ស្រុង​នៅ​ក្នុង​ដៃ​រដ្ឋាភិបាល​កម្ពុជា​និង​សហភាព​អឺរ៉ុប។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក កាំង ម៉ូនីកា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា GMAC នៅ​ក្នុង​កិច្ច​សន្ទនា​ជាមួយ​វិទ្យុ​បារាំង​អន្ដរជាតិ នៅ​ថ្ងៃ​សុក្រ​នេះ​។ យ៉ាង​ណា​ក៏​ដោយ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា សង្ឃឹម​ថា រដ្ឋាភិបាល​និង​សហភាព​អឺរ៉ុប នឹង​អាច​ស្វែង​រក​ដំណោះ​ស្រាយ​សម​ស្រប​មួយ​លើ​បញ្ហា​នេះ ប្រកប​ដោយ​ការ​យោគយល់​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​។

បើ​ទោះ​បី​ជា​សហភាព​អឺរ៉ុប​ប្រកាស​ពី​ការ​ចាប់​ផ្ដើម​ដំណើរការ​ដក​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ក៏​ដោយ ក៏​លោក កាំង ម៉ូនីកា អគ្គលេខា​ធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​យល់​ឃើញ​ថា វា​គ្រាន់​តែ​ជា​ការ​ត្រៀម​រៀបចំ​ដើម្បី​ឈាន​ទៅ​សម្រេច​ចិត្ត​នៅ​ចុង​ឆ្នាំ ឬ​ដើម​ឆ្នាំ​ក្រោយ​ឯ​ណោះ​។ សម្រាប់​លោក កាំង ម៉ូនីកា ការ​យល់​ឃើញ​ទាំង​ឡាយ​អំពី​លទ្ធផល​នៃ​ដំណើរការ​នេះ គឺ​ជា​ការ​ប៉ាន់​ស្មាន​សុទ្ធ​សាធ ព្រោះ​គ្មាន​នរណា​ដឹង​ច្បាស់​អំពី​លទ្ធផល​ថា​វា​នឹង​ទៅ​ជា​យ៉ាង​ណា ឬ​ថា វា​អាច​នឹង​នាំ​ទៅ​ដល់​ការ​ព្យួរ​ទាំង​ស្រុង ឬ​ព្យួរ​ផ្នែក​ខ្លះ​ក៏​ទេ​ដែរ​។

តាម​រយៈ​វិទ្យុ​បារាំង​អន្ដរជាតិ អគ្គលេខា​ធិការ​រង​សមាគម GMAC បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្សាយ​ព័ត៌មាន​បែប​ប៉ាន់​ស្មាន​អំពី​បញ្ហា EBA ព្រោះ​វា​អាច​នាំ​ទៅ​ដល់​ការ​ថយ​ចុះ​នៃ​ទំនុក​ចិត្ត​ពី​សំណាក់​អ្នក​បញ្ជា​ទិញ និង​អ្នក​វិនិយោគ​ទូទៅ​។ ថា​មិន​ត្រូវ ស្ថាន​ភាព​ជាក់​ស្ដែង​អាច​មាន​លក្ខណៈ​ធូរ​ស្រាល​ជាង​ការ​ចុះ​ផ្សាយ​ក៏​ថា​បាន​។ នេះ​បើ​តាម លោក កាំង ម៉ូនីកា​។

នៅ​ក្នុង​បញ្ហា EBA នេះ, បើ​តាម​លោក កាំង ម៉ូនីកា, សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា សង្ឃឹម​ថា រដ្ឋាភិបាល​និង​សហភាព​អឺរ៉ុប នឹង​អាច​ស្វែង​រក​ដំណោះ​ស្រាយ​សម​ស្រប​មួយ​ ប្រកប​ដោយ​ការ​យោគយល់​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​។

សូម​ជម្រាប​ជូន​ថា វិស័យ​កាត់​ដេរ​និង​វាយនភណ្ឌ​នៅ​កម្ពុជា បាន​ផ្ដល់​ការងារ​និង​ប្រាក់​ចំណូល​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល ទៅ​ដល់​ប្រជាជន​ជាង​២​លាន​នាក់​ ខណៈ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​អឺរ៉ុប​ក្រោម​ការ​អនុគ្រោះ​ពន្ធ EBA ផ្ដល់​ប្រាក់​ចំណេញ​ដល់​វិនិយោគិន​ប្រមាណ​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ លើ​ប្រាក់​ចំណូល​ប្រហែល​៧​ពាន់​លាន​ដុល្លារ​​។ តាម​រយៈ​ការ​កែ​លម្អ​និង​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ​និង​សិទ្ធិ​កម្មករ​ជា​បន្តបន្ទាប់ បើ​តាម លោក កាំង ម៉ូនីកា កម្ពុជា​អាច​នឹង​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ចៀស​ផុត​ពី​ការ​​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ