អានតួអត្ថបទ
កម្ពុជា

តុលាការខ្មែរ​ក្រហម​កោះ​អញ្ជើញ​លោក ថេត សម្បត្តិ ធ្វើជា​សាក្សី​ក្នុង​សំណុំ​រឿង​ នួន ជា

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ តុលាការខ្មែរ​ក្រហម បាន​សម្រេច​​នៅ​​រសៀល​ថ្ងៃ​​នេះ កោះ​អញ្ជើញ​លោក ថេត សម្បត្តិ ធ្វើ​ជា​សាក្សី នៅ​ក្នុង​សំណុំ​រឿង​០០២/០២ ដែល​ជាប់​​ទាក់​​ទង​​នឹង​ករណី​របស់​លោក នួន ជា។ នេះ​បើ​តាម​លោក ឌឹម សុវណ្ណារុំ ប្រធាន​​ផ្នែក​កិច្ចការ​​សាធារណៈ នៃ​សាលាក្តី​ខ្មែរ​ក្រហម។ គួរ​ជម្រាប​ថា លោក ថេត សម្បត្តិ គឺ​ជា​អ្នកកាសែត​​ជើង​ចាស់ ដែល​បាន​ធ្លាប់ជួប​សម្ភាស និង​ផលិតខ្សែ​ភាពយន្ត​ឯកសារ​ពី​លោក នួន ជា បងធំទី២ នៃ​​របប​​ខ្មែរ​ក្រហម។

នួន ជា និង ថេត សម្បត្តិ នៅពេល​ លោក ថេត សម្បត្តិ ទៅ​ផ្ទះរបស់​​លោក នួន ជា មុន​ពេល​ចាប់​ខ្លួន។
នួន ជា និង ថេត សម្បត្តិ នៅពេល​ លោក ថេត សម្បត្តិ ទៅ​ផ្ទះរបស់​​លោក នួន ជា មុន​ពេល​ចាប់​ខ្លួន។ រូបថតពី Enemiesofthepeoplemovie.com
ផ្សាយពាណិជ្ជកម្ម

អង្គ​ជនុំ​ជម្រះ​សាលា​ដំបូង​និង​អង្គ​ជនុំ​ជម្រះតុលាការ​កំពូល​ បាន​សម្រេច​នៅ​រសៀល​ថ្ងៃទី​៧​ឧសភា​​នេះ បាន​កោះ​អញ្ជើញ​​ លោក ថេត សម្បត្តិ ធ្វើ​ជា​សាក្សីអា​ទិភាព ​នៅក្នុង​សំណុំ​រឿង​០០២​​ភាគទី​​២ ដែល​ទាក់​ទង​នឹង​ការ​ជំនុំ​ជម្រះ​ លើ​លោក ​នួន​ ជា និង លោក ​ខៀវ សំផន​។ ​លោក ថេត សម្បត្តិ គឺ​ជា​អ្នក​កាសែត​ជើង​ចាស់ ​ជា​អ្នក​និពន្ធ​សៀវភៅ មាន​ចំណង​ជើងថា «សត្រូវ​​របស់​ប្រជាជន​» ហើយលោក​ក៏​បាន​សហការ​​ជាមួយលោក Rob Lemkin ជនជាតិ​អង់គ្លេស​ ផលិត​​រឿង Enemies of the People ដែល​និយាយ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​ និង​ជា​ភាព​យន្ត​ឯកសារ​ស្តី​ពី​លោក នួន ជា​ ។

 ពេល​កន្លងទៅ​នេះ ​សហព្រះ​រាជអាជ្ញា និង​សហមេធាវី​ជន​ជាប់​ចោទរបស់​លោក​ ​នួន ជា ព្រម​ទាំង​អង្គភាព​គាំពារ​សាក្សី​ រួម​ជាមួយ​​មន្ត្រី​ជំនាញ​ផ្សេងៗ​ទៀត​​​ បាន​ស្នើឲ្យ​អញ្ជើញ​​លោក ថេត សម្បត្តិ ចូល​បំភ្លឺ​នៅ​តុលាការ​ខ្មែរក្រហម​។ ​អង្គ​ជនុំ​ជម្រះ​សាលា​ដំបូង​និង​អង្គ​ជនុំ​ជម្រះ​តុលា​ការ​​កំពូល បាន​សម្រេច​តាម​សំណើ​ និង​ព្រម​ទទួល​​ស្តាប់​សក្ខីកម្ម​របស់​លោក ថេត សម្បត្តិ​។ លោក ឌឹម សុវណ្ណារុំ ប្រធាន​ផ្នែកកិច្ច​ការ​សាធារណៈ នៃ អ.វ.ត.ក. បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI ​ថា ​អង្គ​ជនុំ​ជម្រះ​ បាន​ចេញ​សេចក្តី​សម្រេច​ឯកភាព​ ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ទាក់​ទង​លោក ថេត សម្បត្តិ​ ឲ្យ​បាន​មុន​ថ្ងៃ​ទី​២១​ឧសភា​នេះ និង​រៀប​ចំ​កាលវិភាគ​បើក​សវនាការ​​ លើ​សំណុំ​រឿង​០០២វគ្គ​២​។

គួរ​បញ្ជាក់ថា​ ក្នុងសំណុំ​រឿង​០០២ភាគទី១ តុលាការ​បានសម្រេច​​កាត់​ទោស​ជន​ជាប់​ចោទ ​នួន ជា និង​ ខៀវ សំផន ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត។ ប៉ុន្តែ​សហមេធាវី​ជន​ជាប់​ចោទទាំងពីរ​បាន​​ប្តឹង​សាទុក។ នៅសំណុំ​រឿង​០០២/០១នោះ​ គឺ​មាន​ជាប់​ទាក់​ទង​នឹង​ឧក្រិដ្ឋ​កម្មនៅ​ទួល​ពោធិ៍​ជ្រៃ និង​ការ​សម្លាប់​​អតីត​អ្នក​រដ្ឋការ​ នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ របស់​​លោក ​លន់​ ណុល​​។ ​

ជាមួយ​គ្នា​នេះ លោក នេត្រ ភក្រា អ្នក​នាំពាក្យតុលាការ​ខ្មែរក្រហម បាន​ឲ្យ​ដឹងដែរ​ថា​ លោក ថេត សម្បត្តិ​ បាន​ផលិត​ឯកសារ​​ ស្តីពី​ទួល​ពោធិ៍​ជ្រៃ និង​​បាន​សម្ភាសផ្ទាល់ជាមួយ​លោក​ នួន ជា ដែល​នេះ​គឺ​ជា​ប្រភព​ភស្តុតាងដ៏​​សំខាន់​សម្រាប់​សាលា​ក្តី​។ លោក នេត្រ ភក្រា បាន​លើក​ឡើង​​ថា លោក ថេត សម្បត្តិ​ ធ្លាប់​បាន​ធ្វើ​ការ​ជាមួយ​លោក​ នួន ជា ជាច្រើន​​ឆ្នាំ និង​បាន​ថត​សំឡេង​ នួន ជា​ រាប់​​រយ​ម៉ោង ​ទៀត​ផង។ ទោះ​យ៉ាងណា​ក្តី នា​ពេល​កន្លងទៅ នៅ​ក្នុង​សវន​ការ​​ ព្រះ​រាជ​អាជ្ញា បាន​សួរ​ជន​ជាប់​ចោទ​ នួន ជា ថា​បាន​ស្គាល់​រូប​លោក ថេត សម្បត្តិ​ ឬទេ? តែ​​ពេលនោះ​ ​នួន​ ជា បដិសេដ​ថា មិន​បាន​ស្គាល់​ទេ។

សូម​​ជម្រាប​ជូនថា ពេល​នេះ​ លោក ថេត សម្បត្តិ កំពុង​តែ​នៅ​ឯ​សហរដ្ឋ​អាមេរិក នៅឡើយ​​។ នេះ​​បើ​តាម​លោក នេត្រ ភក្រា អ្នក​នាំពាក្យតុលាការ​ខ្មែរក្រហម ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ