ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT
កម្ពុជា

សំណុំ​រឿង​០០២/២៖ សហព្រះ​រាជ​អាជ្ញា ស្នើ​ឲ្យ​ផ្ដន្ទាទោស​ជនជាប់​ចោទ​ដាក់​ពន្ធនាគារ​មួយ​ជីវិត

media  
អតីត​មេ​ដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ពីរ​រូប គឺ​លោក នួន ជា និង​លោក ខៀវ សំផន ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ជា​បណ្តោះ​អាសន្ន​នៅ​សាលាក្តី​ខ្មែរ​ក្រហម

សហព្រះ​រាជ​អាជ្ញា បាន​ស្នើ​ឲ្យ​សាលា​ដំបូង​នៃ​តុលាការ​ខ្មែរ​ក្រហម ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​ជនជាប់​ចោទ ​នួន ​ជា និង ខៀវ សំផន នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២​។ នេះ​គឺ​ជា​អ្វី​ដែល​​សហ​ព្រះ​រាជ​អាជ្ញា​​ ​បាន​បញ្ជាក់​​នៅ​ក្នុង​សារណា​បញ្ចប់​កិច្ច​ពិភាក្សា​ដេញ​ដោល​លើ​អង្គហេតុ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ដែល​បាន​ដាក់​ជូន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​កាល​ពី​ដើម​ខែ​ឧសភាកន្លង​ទៅ​​។ អ្នក​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម បញ្ជាក់​ថា សំណើ​របស់​សហព្រះរាជ​អាជ្ញា​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​ខណៈ​​ជនជាប់​ចោទ បាន​ស្នើ​សុំ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​ខ្លួន​ឲ្យ​មាន​សេរីភាព។

ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ អ្នក​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា បាន​អះអាង​នៅ​ថ្ងៃ​ទី​១៨​ឧសភា​នេះ​ថា សហព្រះ​រាជ​អាជ្ញា បាន​ស្នើ​ឲ្យ​តុលាការ​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ផ្ដន្ទាទោស​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​។ ចង់​ឲ្យ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ព្រោះ​​សហព្រះ​រាជអាជ្ញា​ពិចារណា​ឃើញ​អំពី​ភាព​ធ្ងន់​ធ្ងរ​នៃ​អំពើ​ឧក្រិដ្ឋរបស់​ជនជាប់​ចោទ ដែល​បានធ្វើ​ឲ្យ​ប្រជាជាតិ​ទាំង​មូល​រង​ទុក្ខ​វេទនា ខ្លោច​ផ្សារ និង​បង្ក​ឲ្យ​ស្លាប់​ជីវិត​មនុស្ស​ជា​ច្រើន​លាន​នាក់​។

ក្រុម​មេធាវី​នាំ​មុខ​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​សំណើ​របស់​សហព្រះ​រាជ​អាជ្ញា និង​ស្នើ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​ពិនិត្យ​លើ​អង្គ​ច្បាប់​ចំពោះ​សំណើ​នេះ​។ បន្ថែម​ពី​លើ​នេះ សហមេធាវី​នៃ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ក៏​បាន​ស្នើ​សុំ​ឲ្យ​ទទួល​ស្គាល់​នូវ​ភស្តុតាង​របស់​ខ្លួន អំពី​ទុក្ខវេទនា​របស់​ជន​រង​គ្រោះ ព្រម​ទាំង​សម្រេច​ផ្ដល់​សំណង​ក្នុង​ករណី​ជន​ជាប់​ចោទ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ចោទ​ប្រកាន់​។
 
ប៉ុន្តែ​ផ្ទុយ​ពី​ក្រុម​មេធាវី​ការពារ​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​សហព្រះ​រាជអាជ្ញា ក្រុម​មេធាវី​ការពារ​ក្ដី នួន ជា និង ខៀវ សំផន បាន​អះអាង​ថា កូន​ក្ដី​របស់​ខ្លួន​មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​កើត​ឡើង​ឡើយ​។ មេធាវី​ជនជាប់​ចោទ បាន​ស្ដី​បន្ទោស​ទៅ​លើ​វៀតណាម ដែល​បាន​ធ្វើ​ឲ្យ​របប​ខ្មែរ​ក្រហម​បរាជ័យ​។ មេធាវី​ការពារ​ក្ដី ក៏​ដូច​ជា​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ដែរ បានស្នើ​សុំ​ឲ្យ​សាលា​ដំបូង​នៃ​តុលាការ​ខ្មែរ​ក្រហម ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​ជន​ជាប់​ចោទ​ឲ្យ​មាន​សេរីភាព​។
 
សូម​ជម្រាប​ថា សំណើទាំង​អស់ខាង​ដើមនេះ នៅ​មិន​ទាន់​ត្រូវ​បាន​ពិចារណា​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ ខណៈ​ភាគី​ពាក់ព័ន្ធ​នឹង​ត្រូវ​បង្ហាញ​ទឡ្ហីករណ៍​ផ្ទាល់​មាត់​របស់​ខ្លួន​លម្អិត លើ​សំណើ​ទាំង​នេះ នៅ​ក្នុង​សវនាការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​បញ្ចប់​ការ​សួរ​ដេញ​ដោល​លើ​អង្គ​ភស្តុតាង ក្នុង​សំណុំ​រឿង​០០២ វគ្គ​២​។ សវនាការ​នេះ គ្រោង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៣​ខែ​មិថុនា​ខាង​មុខ​ត​ទៅ​។
 
គួរ​រំឭក​ជូន​ដែរ​ថា សំណុំ​រឿង​០០២ វគ្គ​២ ផ្ដោត​សំខាន់​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​នឹង​ជនជាតិ​ចាម​និង​ជនជាតិ​វៀតណាម ពាក់ព័ន្ធ​នឹង​សហករណ៍ មន្ទីរ​សន្តិសុខ ការ​រៀប​ការ​ដោយ​បង្ខំ ការដ្ឋាន​ការងារ ការ​បោស​សម្អាត​ផ្ទៃ​ក្នុង និង​ជម្លោះ​ប្រដាប់​អាវុធ​ជា​ដើម​ ដោយ​មាន នួន ជា និង ខៀវ សំផន ជា​ជន​ជាប់​ចោទ​។ សហព្រះ​រាជ​អាជ្ញា​ចង់​ឲ្យ​តុលាការ​ដាក់​ពន្ធនាគារ​ជនជាប់​ចោទ​ទាំង​២​អស់​មួយ​ជីវិត បើ​ទោះ​បី​ជា​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត នៅ​ក្នុង​សំណុំ​រឿង​០០២​វគ្គ​១​ហើយ​ក៏​ដោយ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ