អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​កម្ពុជា​សង្ឃឹម​ថា​នឹង​មាន​ស្ថិរ​ភាព​តម្លៃ​ស្រូវ អង្ករ ខណៈ​មាន​ឃ្លាំង​ស្តុក និង​ឡ​សម្ងួត

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​ក្រុម​ហ៊ុន​ចិន CITIC Construction Co., Ltd កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មិ្សល​មិញ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ សាង​សង់​ឃ្លាំង​ស្តុក​ស្រូវ​ចំនួ​១២កន្លែង និង​ឡសម្ងួត​ចំនួន​១០​កន្លែង នៅ​តាម​បណ្តា​ខេត្ត​ចំនួន​១១​នៃ​ប្រទេស​កម្ពុជា​។ វត្តមាន​ឃ្លាំង​ស្តុក និង​ឡ​សម្ងួត​ស្រូវ​នេះ នឹង​ជួយ​រក្សា​ស្ថិរ​ភាព​តម្លៃ​ស្រូវ​របស់​កសិករ និង​ធានា​បាន​នូវ​ប្រិតិបត្តិ​ការ​ស្រូវ​អង្ករ​កម្ពុជា​ឲ្យ​ដំណើរ​ការ​ទៅ​ដោយ​រលូន​។ 

កិច្ចព្រមព្រាងមួយ សាងសង់ឃ្លាំងស្តុកស្រូវចំនួ១២កន្លែង និងឡសម្ងួតចំនួន១០កន្លែង
កិច្ចព្រមព្រាងមួយ សាងសង់ឃ្លាំងស្តុកស្រូវចំនួ១២កន្លែង និងឡសម្ងួតចំនួន១០កន្លែង @សហការី
ផ្សាយពាណិជ្ជកម្ម

តាម​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និង​លោក Chen Xiaojia ប្រធាន​ក្រុម​ហ៊ុន CITIC Construction Co., Ltd ប្រទេស​ចិន គឺ​ក្រុមហ៊ុន CITIC Construction Co., Ltd និង​ក្រុម​ហ៊ុន​ហ្គ្រីន​ត្រេដ នឹង​សហការ​សាង​សង់​ឃ្លាំង​ចំនួន​១២​កន្លែង ដែល​មាន​សមត្ថភាព​ស្តុក​ស្រូវ​​ អង្ករសរុប ៨២៧ពាន់តោន និង​ឡ​សម្ងួត​ចំនួន ១០កន្លែង ដែល​មាន​សមត្ថភាព​សម្ងួត​ស្រូវ​បាន​១៣​ពាន់​តោន ក្នុង​មួយ​ថ្ងៃ។

ដោយ​ឡែក​ឃ្លាំង​ស្តុក និង​ឡសម្ងួត​ដែល​នឹង​ត្រូវ​ធ្វើ​ការ​សាង​សង់​ក្នុង​គោល​ដៅ​ស្តុក​ស្រូវ​ឲ្យ​បាន​១លានតោន​ក្នុង​មួយ​ឆ្នាំ​នេះ គឺ​ស្ថិត​នៅ​ក្នុង​ខេត្ត ចំនួន១១ រួម​មាន​ខេត្ត​ពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ស្ពឺ និងខេត្ត​ព្រះ​សីហនុ​។

តាម​ក្រសួង​ពាណិជ្ជកម្ម ការ​សាងសង់​ឃ្លាំង​ស្ដុក និង​ឡ​សម្ងួត​ស្រូវ នៅ​តាម​ទីតាំង​ខេត្ត​យុទ្ធ​សាស្ត្រ​ទាំង​អស់​នេះ គឺ​ជា​ការ​ដាក់​ឲ្យ​អនុវត្ត​ប្រតិបត្តិ​ការ ដែល​មាន​កិច្ច​នា​ធា ការ​យក​ស្រូវ​អង្ករ​ស្ដុក​ក្នុង​ឃ្លាំង ធ្វើ​ជា​វត្ថុ​បញ្ចាំ​សម្រាប់​ខ្ចី​ប្រាក់​ពី​ធនាគារ​ឯកជន ហើយ​នឹង​ជួយ​ទប់​ស្កាត់​សកម្មភាព​ទិញ លក់ បង្ខូច​ថ្លៃ​ស្រូវ​របស់​ឈ្មួញ​ទុច្ចរិត ផ្តល់​ឱ្យ​ប្រជា​កសិករ​អាច​រក្សា​ទុក​ស្រូវ​បាន​យូរ ដើម្បី​លក់​តាម​តម្លៃ​សមរម្យ ក៏​ដូច​ជា​លទ្ធភាព​ទទួល​បាន​ឥណទាន នៅ​ពេល​ត្រូវ​ការ​ចាំ​បាច់​។

គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​នាំ​ចេញ​អង្ករ​នេះ មិន​មាន​សេវា​កិន​ស្រូវ​ទេ ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង ជាមួយ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ក្នុង​ស្រុក​។ នៅ​ពេល​ដំណើរ​ការ ប្រជា​កសិករ និង​រោង​ម៉ាស៊ីន​កិន​ស្រូវ នឹង​មាន​ឡ​សម្ងួត ឃ្លាំងស្តុក និង​ទុនប​ង្វិល​បន្ថែម ដើម្បី​ជួយ​បន្ថយ​ចំណាយ​ថ្លៃ​ដើម ចាប់​ពី​ដំណាក់​កាល​ប្រមូល​ផល​ដល់​ដំណាក់​កាល​លក់​អង្ករ​។

លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ អង្ករ កម្ពុជា​ថ្លែង​ថា​ឃ្លាំង​ស្តុក​ស្រូវ និង​ឡ​សម្ងួត គឺ​ចាំ​បាច់ និង​មាន​សារៈ​សំខាន់​សម្រាប់​កម្ពុជា ដោយ​ហេតុថា​នៅ​រដូវ​ប្រមូល​ផល​ដោយ​សារ​អត់​មាន​ឃ្លាំង​ស្តុក និង​ឡ​សម្ងួត​ធ្វើ​ឲ្យ​ស្រូវ​កម្ពុជា​ហូរ​ចេញ​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​ខ្វះ​ស្រូវ​ដើម្បី​កិន​ជា​អង្ករ​នាំ​ចេញ​រយៈ​ពេល​៣ឬ៤​ខែ​បន្ទាប់​។

សូម​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​បាន​តាំង​ចិត្ត​ថា​នឹង​នាំ​អង្ករ​ចេញ​ឲ្យ​បាន​មួយ​លាន​តោន​ក្នុង​មួយ​ឆ្នាំ ក៏​ប៉ុន្តែ​ផែន​ការ​នេះ​ត្រូវ​បរាជ័យ​។ ដោយ​ឡែក​ទីផ្សារ​សំខាន់​របស់​អង្ករ​កម្ពុជា​នៅ​ពេល​នេះ គឺ​ទីផ្សារ​អឺរ៉ុប ខណៈ​អឺរ៉ុប​បាន​ចាប់​ផ្តើម​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​ដែល​មាន​គ្រាប់​វែង រួម​នឹង​ទីផ្សារ​ចិន​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ