អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​គួរ​ពង្រីក​វិស័យ​អេកូ​ទេសចរណ៍ ដើម្បី​ថែ​រក្សា​តំបន់​ធម្មជាតិ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្ពុជា​ជា​ប្រទេស​ដែល​មាន​សក្ដានុពល​ធនធាន​ធម្មជាតិ​ខ្ពស់ ហើយ​នេះ​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​​ប្រឈម​មុខ​យ៉ាង​​ខ្លាំងក្លា​​ដែរ ចំពោះការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ជា​ពិសេសសត្វ​ព្រៃ និង​​ព្រៃ​ឈើ​។ កន្លង​មក រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​បាន​ធ្វើ​ការងារ​ជា​ច្រើន​ដើម្បី​ថែ​រក្សា ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិឲ្យ​បាន​គង់វង្ស​។ ការងារ​មួយ​ក្នុង​ចំណោម​នោះ គឺ​ការ​ប្រែ​ក្លាយ​តំបន់​ធនធាន​ធម្មជាតិ​ឲ្យ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍ ដែល​គេ​ជឿ​ថា អាច​រួម​ចំណែក​ថែ​រក្សា​ធនធាន​ធម្មជាតិ​បាន ​ប្រកប​ដោយ​ប្រសិទ្ធិភាព​។

ទេសភាព​នៅ​តំបន់​អារ៉ែង ​ដែលមាន​សក្ដានុពល​អេកូទេសចរណ៍ខ្ពស់។ ​
ទេសភាព​នៅ​តំបន់​អារ៉ែង ​ដែលមាន​សក្ដានុពល​អេកូទេសចរណ៍ខ្ពស់។ ​ Rachna IM/RFI
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​វិស័យ​វាយនភណ្ឌ​និង​កសិកម្ម វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មាស​បៃតង និង​ជា​ឆ្អឹង​ខ្នង​ដ៏​ចម្បង​មួយ​នៃ​សេដ្ឋកិច្ច​ជាតិ​ ដែល​បាន​ផ្ដល់​ចំណូល​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​អាមេរិក តាម​រយៈ​ភ្ញៀវ​ទេសចរណ៍​អន្ដរជាតិ​ប្រមាណ​៤​លាន​៧​សែន​​នាក់​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​។
 
បើ​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ ភ្ញៀវ​បរទេស​ដែល​មក​ទស្សនា​កម្ពុជាភាគ​ច្រើន តម្រង់​គោលដៅ​ទៅ​កម្សាន្ត​នៅ​ទីក្រុង​ភ្នំពេញ​ ​ ​ខេត្ត​សៀមរាប និង​តំបន់​ឆ្នេរ​សមុទ្រ​​​។ ជា​តំបន់​​បណ្ដុំ​នៃ​សេដ្ឋកិច្ច ​នយោបាយ និង​រមនីយដ្ឋាន​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​​។ សក្តានុពល​វិស័យ​ទេសចរណ៍​មិន​មែន​មាន​ត្រឹម​បណ្ណឹង​ទេ​។ ក៏​មាន​ផង​ដែរ តំបន់​អេកូ​ទេសចរណ៍ ឬ​ទេសចរណ៍​ធម្មជាតិ ​ដែល​មាន​រាយប៉ាយ​នៅ​ទូទាំង​ប្រទេស និង​ដែល​មិន​ទាន់​មាន​សន្ទុះ​ខ្លាំង​ក្លា​ទេ បើ​ធៀប​ទៅ​នឹង​វិស័យ​ទេសចរណ៍​វប្បធម៌​និង​ឆ្នេរ​សមុទ្រ​។ កាល​ពី​ឆ្នាំ​២០១៥ ភ្ញៀវ​ទេសចរណ៍​បរទេស​តែ​ជាង៦​ម៉ឺន​នាក់​​ប៉ុណ្ណោះ ដែល​បាន​ទៅ​កម្សាន្ត​នៅ​តំបន់​អេកូ​ទេសចរណ៍​ នៅ​កម្ពុជា​។
 
គិត​ត្រឹម​ឆ្នាំ​២០១៦​នេះ កម្ពុជា​មាន​សហគមន៍​អេកូ​ទេសចរណ៍​ចំនួន​៤៥​កន្លែង​នៅ​ទូទាំង​ប្រទេស កើន​ឡើង​លើស​ឆ្នាំ​២០០៩ ចំនួន​១៧​កន្លែង​។ អេកូ​ទេសចរណ៍ គឺ​ជា​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​តំបន់​ធម្មជាតិ​ដែល​សម្បូរ​ទៅ​ដោយ​ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​រួម​ចំណែក​ថែ​រក្សា​ប្រព័ន្ធ​អេកូឡូស៊ី​។ នៅ​ក្នុង​សកម្មភាព​ទេសចរណ៍​របៀប​នេះ ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​មូលដ្ឋាន បាន​ទទួល​ចំណូល​តាម​រយៈ​ការ​ទទួល​ភ្ញៀវ​ទេសចរ​ឲ្យ​ស្នាក់​នៅ​ជាមួយ ចម្អិន​ម្ហូប​អាហារ​ឲ្យ​អ្នក​ទេសចរ​ទទួលទាន និង​ជូន​ភ្ញៀវ​ទស្សនា​ធម្មជាតិ ​ជា​ដើម។ បច្ចុប្បន្ន បើ​តាម​ក្រសួង​ទេសចរណ៍ សក្ដានុពល​នៃ​តំបន់អេកូ​ទេសចរណ៍​របស់​កម្ពុជា​ ​ជា​អាថិ៍ ព្រៃ​ភ្នំ ព្រៃព្រឹក្សា ទឹក​ជ្រោះ​ធម្មជាតិ សត្វ​ព្រៃ ព្រម​ទាំង​ជីវចម្រុះ​ច្រើន​សន្ធឹក​សន្ធាប់   មាន​នៅ​ខេត្ត​ចំនួន​៤​ក្នុង​ភាគ​ឦសាន ខេត្ត​ចំនួន​៤​នៅ​តំបន់​មាត់​សមុទ្រ និង​ខេត្ត​ចំនួន​៦​ផ្សេង​ទៀត​នៅ​ជុំ​វិញ​បឹង​ទន្លេសាប​ ​។ ប៉ុន្តែ​តំបន់​អេកូ​ទេសចរណ៍​ដ៏​សម្បូរ​បែប​អស់​ទាំង​នេះ មាន​តិច​តួច​ណាស់​ដែលត្រូវ​បាន​ផ្សព្វផ្សាយ និង​​រៀបចំ​បាន​ស្រួល​បួល​។ តំបន់​មួយ​ចំនួន​ធំ​ទៀត នៅ​មិន​ទាន់​មាន​លក្ខណៈ​ជា​កន្លែង​ទេសចរណ៍​នៅ​ឡើយ ហើយ​ក៏​មិន​សូវ​មាន​ដែរ អ្នក​ទេសចរ​ដែល​ស្គាល់​និង​បាន​ទៅ​កម្សាន្ត​ដល់​ទី​នោះ​​។
 
ការ​រៀបចំ​និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​​តំបន់​អេកូ​ទេសចរណ៍ មិន​ត្រឹម​តែ​អាច​បង្កើត​ឱកាស​ការងារ​និង​ប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​រួម​ចំណែកជួយ​​ថែ​រក្សា​ធនធាន​ធម្មជាតិ​បាន ​ប្រកប​ដោយ​ប្រសិទ្ធិភាព​​ផង​ដែរ​។ ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ដែល​បាន​ទទួល​ចំណូល​ពី​សកម្មភាព​ទេសចរណ៍ ជាទូទៅលែង​ធ្វើ​ចំណាក​ស្រុក ហើយ​​បញ្ឈប់​រាល់​ទង្វើ​​បំផ្លាញ​ធនធាន​ធម្មជាតិ ដូច​ជា​កាប់​ទន្ទ្រាន​ព្រៃ និង​សម្លាប់​សត្វ​ព្រៃ​ជា​ដើម ដើម្បី​ទុក​សម្រាប់​ទេសចរ​កម្សាន្ត​។
 
អ្នក​ជំនាញ​ផ្នែក​ធនធាន​ធម្មជាតិ​និង​ទេសចរណ៍​បាន​ពន្យល់​បន្ថែម​ថា ការ​ទៅ​កម្សាន្ត​នៅ​តំបន់​អេកូទេសចរណ៍ ធ្វើ​ឲ្យ​អ្នក​ទេសចរ​​យល់​ដឹង និង​គោរព​ផ្ដល់​​តម្លៃ​ដល់​ធនធាន​ធម្មជាតិ​។ ហើយ​ផ្ដើម​ចេញ​ពី​ការ​គោរព​នេះ អ្នក​ទាំង​នោះ​នឹង​ចូល​រួម​ការពារ​ធនធានធម្មជាតិ​ដោយ​ចិត្ត​ឯង មិន​ចាំ​បាច់​មាន​ការ​អំពាវនាវ ឬ​ជំរុញ​ពី​នរណា​ឡើយ​។

ជាការ​ពិត ការ​រៀបចំ​និង​ផ្សព្វផ្សាយ​អំពី​តំបន់​អេកូ​ទេសចរណ៍​តែ​ម្យ៉ាង មិន​អាច​ការពារ​ធនធាន​ធម្មជាតិ​បាន​ទាំង​ស្រុង​ទេ​។ ការ​ការពារ​ធនធាន​ធម្មជាតិ គឺ​ជា​ការងារ​ដ៏​ធំ​ធេង​​និង​ស្មុគស្មាញ ដែល​ត្រូវ​ការ​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ទាំង​រាជរដ្ឋាភិបាល ទាំង​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​​។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ នៅ​ពេល​​បាន​ទៅ​ដល់​និង​ស្គាល់​​តំបន់​អេកូ​ទេសចរណ៍​ដ៏​សម្បូរ​បែប​របស់​កម្ពុជា ឆន្ទៈ​របស់​អ្នក​ទេសចរក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​នឹង​កាន់​តែ​ពុះ​កញ្ជ្រោល​ជាក់​ជា​ពុំ​ខាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ