អានតួអត្ថបទ
កម្ពុជា-សង្គម

លទ្ធផល​នៃ​ប្រឡង​បាក់​ឌុប​៖ ​បេក្ខជន​ជាង​៧​ម៉ឺន​នាក់​​ប្រឡង​ជាប់ ​​​​តែ​ចំនួន​អ្នក​បាន​និទ្ទេស​A​បាន​ធ្លាក់​ចុះ​បើ​ធៀប​នឹង​ឆ្នាំ​មុន​

លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុប​សម្រាប់​ឆ្នាំ២០១៨ បានចេញ​ផ្សាយ​ជា​ផ្លូវការ​ហើយ នៅ​ព្រឹក​ថ្ងៃទី ៩ ខែកញ្ញា​នេះ ដោយមាន​បេក្ខជន​សរុប​ជាង៧ម៉ឺន​នាក់​ស្មើនឹង ៦៦.២១% បាន​ប្រឡង​ជាប់ ក្នុងចំណោម​បេក្ខជន​សរុប​ជាង១១ម៉ឺន​នាក់។ ក្នុងនោះ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន២៩០នាក់។ អ្វី​ជាការ​កត់សំគាល់ ចំនួន​អ្នក​ប្រឡង​ជាប់​ឆ្នាំនេះ​មាន​ការ​​កើន​ឡើង តែ​ចំនួន​អ្នក​បាន​និទ្ទេស​A បាន​ធ្លាក់ចុះ បើ​ធៀប​នឹង​ឆ្នាំមុន។ មូលហេតុ ដោយ​សារតែ​ក្រសួង​បាន​បង្កើន​ស្តង់ដា​ប្រធាន​វិញ្ញាសា​ប្រឡង​ខ្លាំង​ជាង​មុន។  

បេក្ខជនរីករាយនៅពេលឃើញឈ្មោះរបស់គេមិនមានស្នាមឆូតប៊ិចក្រហមក្នុងការប្រឡងបាក់ឌុបឆ្នាំ២០១៤
បេក្ខជនរីករាយនៅពេលឃើញឈ្មោះរបស់គេមិនមានស្នាមឆូតប៊ិចក្រហមក្នុងការប្រឡងបាក់ឌុបឆ្នាំ២០១៤ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

បើ​ផ្អែក​តាម​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់​ឌុប សម្រាប់​​ឆ្នាំ​២០១៨ ដែល​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី ៩ កញ្ញា មាន​បេក្ខជន​សរុប ៧៥ ០៥៩ នាក់ ស្មើនឹង ៦៦.២១% បាន​ប្រឡង​ជាប់។ ក្នុងនោះ បេក្ខជន​ដែល​ទទួលបាន​និទ្ទេស A មាន​ចំនួន ២៩០នាក់ និទ្ទេស​B ចំនួន ១៥៣២នាក់ និទ្ទេស C ចំនួន ៤៦៣១​នាក់ និទ្ទេស​D ចំនួន ១៣ ៩៩៩នាក់ និង​និទ្ទេស E ចំនួន ៥៤ ៦០៧នាក់។

អ្វី​ជាការ​កត់សំគាល់ ចំនួន​អ្នក​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់​ឌុប សម្រាប់​ឆ្នាំ២០១៨នេះ គិត​ជា​ភាគរយ​មានការ​កើនឡើង​ពី ៦៣.៨៤% នៅ​ឆ្នាំ២០១៧ ដល់ ៦៦.២១% នៅ​ឆ្នាំ២០១៨ ។ ប៉ុន្តែ​ចំនួន​បេក្ខជន​ដែល​ប្រឡង​ជាប់​និទ្ទេស A បាន​ធ្លាក់​ចុះបើ​ប្រៀបធៀប​នឹង​ឆ្នាំមុន ពោលគឺ ពី៤២៤នាក់​នៅ​ឆ្នាំ២០១៧ មក​នៅត្រឹម ២៩០នាក់ នៅ​ឆ្នាំ២០១៨ ។ មូលហេតុ ដោយសារតែ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើន​ស្តង់ដា​ប្រធាន​វិញ្ញាសា​ប្រឡង​ខ្លាំង​ជាង​មុន ក្នុង​គោលដៅ​ពង្រឹងគុណភាព​អប់រំ និង​ជំរុញ​បេក្ខជន​ឲ្យ​ខិតខំ​រៀនសូត្រ​ឲ្យ​កាន់តែ​មានចំណេះដឹង​ជ្រៅជ្រះ​ថែមទៀត។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួង​អប់រំ យុវជន និង កីឡា។ ការប្រកាស​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ត្រូវបាន​ប្រកាស​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា MoEYS Cambodia facebook.com/moeys.gov.kh នៅ​រសៀល​ថ្ងៃនេះ សម្រាប់​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ-ខេត្តកណ្ដាល។ ចំណែកឯ​មណ្ឌល​ប្រឡង​បណ្ដា​ខេត្តផ្សេងៗទៀត នឹងត្រូវ​ផ្សព្វផ្សាយ​នា​ព្រឹក ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨ ។

គួរ​ជំរាបជូន​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី ២០-២១ ខែសីហា​ឆ្នាំ២០១៨ មាន​មណ្ឌល​ប្រឡង​នៅ​គ្រប់​រាជធានី ខេត្ត សរុប ១៩៦មណ្ឌល ដោយមាន​បេក្ខជន​សរុប ១១៥ ២៦៨នាក់ ដែល​ក្នុងនោះ ៩០ ១២០នាក់ ជា​បេក្ខជន​ចំណេះ​ទូទៅ ១៧០៣១នាក់ ជា​បេក្ខជនស្វៃរិន ៤៤២៥នាក់ ជា​បេក្ខជន​បំពេញវិជ្ជា និង ៣៦៩២នាក់ ជា​បេក្ខជនស្វៃរិន​បំពេញវិជ្ជា។ បេក្ខជន​អវត្តមាន​មាន​ចំនួន ១៩០។ យ៉ាងណាក៏ដោយ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​វាយតម្លៃ​ជាទូទៅ​ថា ដំណើរការ​នៃ​ការប្រឡង​សញ្ញាបត្រ​បាក់​ឌុប​ឆ្នាំនេះ បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ និង​ពុំមាន​ឧបសគ្គ​អ្វី​គួរ​ឲ្យ​កត់សំគាល់​នោះឡើយ រាប់ទាំង​ដំណើរការ​នៃ​ការប្រឡង ដំណើរការ​នៃ​សំណេរ កំណែ និង​ការ​ស្រង់​បូក​ពិន្ទុ​តាមរយៈ​ប្រព័ន្ធ​កុំព្យូទ័រ​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ