អានតួអត្ថបទ
កម្ពុជា

អង្គការ​ក្រៅ​រដ្ឋាភិបាល ៖ សាលារៀន​ជាង ៤៤% ខ្វះ​ខាត​ថវិកា​គាំទ្រ​ផែនការ​អភិវឌ្ឍ

តំណាង​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ជាង ១០០ ដែល​ធ្វើ​ការ​ងារ​លើ​វិស័យ​អប់​រំ នៅ​ព្រឹក​ថ្ងៃ​ទី ២៥ ខែ​មេសា​នេះ បាន​ប្រកាស​បើក​ «យុទ្ធនាការ​សប្តាហ៍​សកម្មភាព​ជា​សកល​សម្រាប់​ការ​អប់រំ» ដែល​បាន​ជម្រុញ​ឲ្យ រាជរដ្ឋាភិបាល​កម្ពុជា​ បង្កើន​ថវិកា​សម្រាប់​វិស័យ​អប់រំ​យ៉ាង​តិច ២០% នៃ​ថវិកា​ជាតិ ឬ ៤% នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប។ អង្គការ​សង្គម​ស៊ីវិល រក​ឃើញ​ថា សាលារៀន​ជាង ៤៤% ខ្វះ​ខាត​ថវិកា​គាំទ្រ​ផែនការ​អភិវឌ្ឍ និង​ទិញ​សម្ភារៈ​បង្រៀន​ប្រចាំ​ថ្ងៃ ដូច្នេះ​ការ​បន្ថែម​ថវិកា​ជាតិ លើ​វិស័យ​អប់រំ នឹង​ជម្រុញ​ឲ្យ​មាន​គុណ​ភាព​អប់រំ និង​ជា​ការ​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​រយៈ​ពេលវែង។

លោក ជិន ច័ន្ទវាសនា នាយក​ប្រតិបត្តិ អង្គការ​ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល ក្នុង​ឱកាស​បើក «យុទ្ធនាការ​សប្តាហ៍​សកម្មភាព​ជា​សកល​សម្រាប់​ការ​អប់រំ»។
លោក ជិន ច័ន្ទវាសនា នាយក​ប្រតិបត្តិ អង្គការ​ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល ក្នុង​ឱកាស​បើក «យុទ្ធនាការ​សប្តាហ៍​សកម្មភាព​ជា​សកល​សម្រាប់​ការ​អប់រំ»។
ផ្សាយពាណិជ្ជកម្ម

លោក ជិន សំអឿន មន្រ្តី​អប់រំ នៃ​អង្គការ ActionAid កម្ពុជា បាន​បញ្ជាក់​ថា មាន​សាលារៀន ៥២​ ក្នុង​ចំណោម សាលារៀន​គោល​ដៅ​សរុប ១១៨ (ក្នុង​ខេត្ត​ចំនួន ៥ ៖ ខេត្ត​កំពង់ឆ្នាំង កំពង់ធំ កោះកុង ឧត្តរមានជ័យ និង​ព្រះវិហារ) ដែល​អង្គការ Action Aids កម្ពុជា បាន​ធ្វើ​ការ​សិក្សា គឺ កំពុង​ប្រឈម​នឹង​កង្វះ​ខាត​ថវិកា​គាំទ្រ​ផែនការ​អភិវឌ្ឍ​សាលារៀន។ លោក​បន្ថែម​ថា ក្នុង​កញ្ចប់​ថវិកា​ជាតិ​ឆ្នាំ ២០១៧​នេះ សម្រាប់​វិស័យ​អប់រំ​ទទួល​បាន​ថវិកា​ប្រមាណ ១៨.៧% នៃ​ថវិកា​ចំណាយ​ចរន្ត​សរុប ជាង ដប់​បី​លាន​រៀល (១៣,០៥០,៦៨៦​លាន​រៀល) ឬ ប្រហែល​នឹង ជាង​បី​ពាន់​លាន​ដុល្លារ (៣,២៦២​លាន​ដុល្លារ)  ដែល​ក្នុង​នោះ​ថវិកា ៨០% គ្រោង​ចំណាយ​លើ​ប្រាក់​បៀវត្ស​គ្រូ​បង្រៀន ខណៈ ២០% ទៀត​នឹង​ ចំណាយ​លើ កម្មវិធី​អភិវិឌ្ឍន៍​សាលា។​

លោក ជិន ច័ន្ទ​វាសនា នាយក​ប្រតិបត្តិ អង្គការ​ភាព​ជា​ដៃ​គូ​អប់រំ​នៃ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល បាន​ថ្លែង​ក្នុង​ឱកាស​បើក «យុទ្ធនាការ​សប្តាហ៍​សកម្មភាព​ជា​សកល​សម្រាប់​ការ​អប់​រំ» នៅ​ថ្ងៃ​អង្គារ​នេះ​ថា ដើម្បី​ធានា​ការ​អប់​រំ​មាន​គុណភាព បរិយាប័ន្ន សមធម៌ និង​លើក​កម្ពស់​ការ​សិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំង​អស់​គ្នា ជា​អនុសាសន៍​របស់​ពិភព​លោក រាជ​រដ្ឋាភិបាល​កម្ពុជា គួរ​វិភាជ​ថវិកា (បែង​ចែក​ថវិកា) យ៉ាង​ហោច​ណាស់​ ៤% នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប (GDP) ​ឬ​ជា​អប្បបរមា ២០% នៃ​ថវិកា​ជាតិ​សរុប សម្រាប់​វិស័យ​អប់រំ។ លោក​បន្ថែម​ថា ការ​វិនិយោគ​លើ​វិស័យ​អប់រំ​របស់ កម្ពុជា នៅ​ត្រឹម​កម្រិត ២.៧% នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប (GDP)  គឺ​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ បើ​ធៀប​នឹង​ប្រទេស​វៀតណាម បែង​ចែក​ថវិកា​លើ​វិស័យ​អប់រំ ៧% នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប (GDP)​។

កាល​ពី​ថ្ងៃ​ទី ០៥ ខែ​ធ្នូ ឆ្នាំ ២០១៦​នេះ ព្រឹទ្ធសភា បាន​អនុម័ត សេចក្តី​ព្រាង​ច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ ២០១៧ លើ​ការ ចំណាយ ទឹក​ប្រាក់ ជាង ២០ ទ្រី​លាន​រៀល (២០,១៨៤,៤៥៧ លាន​រៀល) ឬ​ប្រហែល​ជាង ៥.០០០ លាន​ដុលា្លរ ​ស្មើ​នឹង ២២.៦៧% នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប (ផ.ស.ស) គឺ​មាន​កំណើន ១៥.៦% ធៀប​នឹង​ថវិកា​ឆ្នាំ ២០១៦»។ ក្នុង​នោះ ក្រសួង​អប់រំ ទទួល​បាន ថវិកា​ប្រមាណ ពីរ​ទ្រី​លាន​រៀល (២ ៧៣៩ ៩១៣ លាន​រៀល) ឬ​ប្រហែល​ជាង ៦៧៧ លាន​ដុល្លារ។

នាយក​ប្រតិបត្តិ អង្គការ​ភាព​ជា​ដៃ​គូ​អប់រំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល លោក ជិន ច័ន្ទវាសនា បាន​បញ្ជាក់​ថា ភាព​ខ្វះ​ខាត​ថវិកា​អភិវឌ្ឍ​វិស័យ​អប់រំ បាន​ជម្រុញ​ឲ្យ​ គ្រូ​បង្រៀន​មួយ​ចំនួន​ នៅ​តែ​បង្ខំ​ចិត្ត​ រ៉ៃ​អង្គាស​ប្រាក់​ពី​សិស្ស​ ឬ​ពី​អាណាព្យាបាល​ ឬ​អ្នក​វិនិយោគ​ក្នុង​តំបន់ ដើម្បី​ទិញ​សម្ភារៈ​បង្រៀន​ប្រចាំ​ថ្ងៃ ឲ្យ​សាលា​អាច​បង្រៀន​សិស្ស​បាន ដូច​ជា ថ្លៃ​ក្តារ​ខៀន ហ្វឺត​សរសេរ និង​រក្សា​កញ្ចប់​ថវិកា​ខ្លះ​ សម្រាប់​ទូទាត់​បង់​ថ្លៃ​សេវា​ទឹក អគ្គិសនី ជួសជុល​របង​សាលារៀន ជា​ដើម។

គួរ​ជម្រាប​ថា «យុទ្ធនាការ​សប្តាហ៍​សកម្មភាព​ជា​សកល​សម្រាប់​ការ​អប់​រំ» គឺ​ជា យុទ្ធនាការ​ប្រចាំ​ឆ្នាំ​មួយ ដែល​ប្រារព្ធ​ឡើង​ពេញ​មួយ​សប្តាហ៍ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ២៣ ដល់​ថ្ងៃ​ទី ២៩ ខែ​មេសា ក្នុង​ពេល​តំណាល​គ្នា​នៅ​ជុំវិញ​ពិភព​លោក។ ក្រៅ​ពី បើក​យុទ្ធនាការ​នៅ​ភ្នំពេញ ក្រុម​ការងារ​អង្គការ​សង្គម​ស៊ីវិល ដែល​គាំទ្រ​វិស័យ​អប់រំ​នៅ ៥​ខេត្ត​ផ្សេង​ទៀត រួម​មាន​ខេត្ត​កំពង់ធំ កំពង់ឆ្នាំង កោះកុង ឧត្តរមានជ័យ ព្រះវិហារ ក៏​ចូល​រួម​រៀប​ចំ​យុទ្ធនាការ​រយៈ​ពេល​មួយ​សប្តាហ៍​នេះ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ