អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

រួម​ចំណែក​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា ដោយ​ការ​ផ្ដល់​តម្លៃ​ឲ្យ​គ្រូ​បង្រៀន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ទី​០៥​ខែ​តុលា​នេះ គឺ ជា​ទិវា​គ្រូ​បង្រៀន។ ​នៅ​លើ​សកល​លោក ទិវា​គ្រូ​បង្រៀន​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដើម្បី​លើក​កម្ពស់​តម្លៃ​របស់​គ្រូ​បង្រៀន។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ នៅ​កម្ពុជា ជា​រៀង​រាល់​ឆ្នាំ ទិវា​គ្រូ​បង្រៀន​តែង​តែ​ប្រារព្ធ​ឡើង​ដោយ​មាន​គ្រូ​បង្រៀន​រាប់​រយ​នាក់ ជួប​ជុំ ថ្លែង​ការណ៍ និង​ដាក់​ញត្តិ ដើម្បី​ទាមទារ​ឡើង​ប្រាក់​ខែ។ តាម​រយៈ​សកម្មភាព​នេះ មតិ​មួយ​ចំនួន​លើក​ឡើង​ថា តម្លៃ​របស់​គ្រូ​បង្រៀន​នៅ​កម្ពុជា ​កំពុង​តែ​ធ្លាក់​ចុះ​យ៉ាង​គំហុក។ ​តើ​ហេតុ​អ្វី​បាន​ជា​ដូច្នេះ? ហើយ​ថា​តើ​គេ​អាច​លើក​កម្ពស់​តម្លៃ​គ្រូ​បង្រៀន​ខ្មែរ​បាន​យ៉ាង​ដូច​ម្ដេច?

វិស័យ​​អប់រំ​​ ​ជា​មូលដ្ឋាន​​គ្រឹះ​​សម្រាប់​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​​ដើម្បី​​កសាងជា​តិ​ទៅ​ជំនាន់​ក្រោយ​​កំពុង​ស្ថិត​​ក្នុង​​ស្ថានភាព​​មិន​​សូវ​​មាំទាំនូវ​ឡើយ​​។​
វិស័យ​​អប់រំ​​ ​ជា​មូលដ្ឋាន​​គ្រឹះ​​សម្រាប់​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​​ដើម្បី​​កសាងជា​តិ​ទៅ​ជំនាន់​ក្រោយ​​កំពុង​ស្ថិត​​ក្នុង​​ស្ថានភាព​​មិន​​សូវ​​មាំទាំនូវ​ឡើយ​​។​ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ទិវា​គ្រូ​បង្រៀន ត្រូវ​បាន​ប្រទេស​ជា​ច្រើន​លើ​លោក ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រំលឹក​ពី​គុណូបការៈ និង​លើក​កម្ពស់​តម្លៃ​​របស់​គ្រូ​បង្រៀន។ គ្រូ​បង្រៀន ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​ទូទៅ​ថា ជា​អ្នក​ផ្ដល់​ចំណេះ ជា​អ្នក​មាន​គុណ ជា​មាតាបិតា​ទី​២​របស់​សិស្ស។

នៅ​ប្រទេស​ចិន រៀង​រាល់​ថ្ងៃ​ទី​១០​ខែ​កញ្ញា សិស្សានុសិស្ស​បាន​ជួប​ជុំ​គ្នា សម្ដែង​ការ​គោរព​ចំពោះ​លោក​គ្រូ​អ្នក​គ្រូ សាស្ត្រាចារ្យ។ ចំណែក​នៅ​ប្រទេស​ថៃ ទិវា​គ្រូ​បង្រៀន​ត្រូវ​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​១៦​ខែ​មករា​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​មាន​រៀបចំ​កម្មវិធី​សំពះ​គ្រូ​នៅ​គ្រប់​សាលា​ទាំង​អស់។ នៅ​កម្ពុជា​វិញ ក្នុង​ឱកាស​ទិវា​គ្រូ​បង្រៀន​ពិភពលោក​និង​ទិវា​ដឹង​គុណគ្រូ​កម្ពុជា ថ្ងៃ​ទី​៥​តុលា គ្រូ​បង្រៀន​រាប់​រយ​នាក់ ចុះ​ផ្លូវ​ដើរ​ក្បួន​ដើម្បី​ដាក់​ញត្តិ ដោយ​មាន​ការ​រារាំង​ពី​កង​កម្លាំង​មាន​សមត្ថកិច្ច​រាប់​រយ​នាក់។

តម្លៃ​របស់​គ្រូ​បង្រៀន កំពុង​តែ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ នៅ​ក្នុង​បរិបទ​សង្គម​កម្ពុជា​បច្ចុប្បន្ន។ តើ​ហេតុ​អ្វី​បាន​ជា​ដូច្នេះ? ចម្លើយ​ដែល​គេ​តែង​តែ​បាន​លឺ​ជា​រឿយ​ៗ គឺ​បញ្ហា​ជីវភាព​គ្រូ​បង្រៀន។ ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ជីវភាព​ខ្សត់​ខ្សោយ​របស់​គ្រូ​បង្រៀន បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ទៅ​លើ​គុណ​តម្លៃ​របស់​ពួក​គេ។ ប្រាក់​បៀរវត្ស​ដ៏​តិច​តួច​របស់​គ្រូ​បង្រៀន មិន​អាច​ឲ្យ​ពួក​គេ​ផ្គត់ផ្គង់​ជីវភាព​បាន​សមរម្យ​ឡើយ។ ជីវភាព​ខ្សត់​ខ្សោយ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​គ្រូ បាត់​បង់​តម្លៃ​នៅ​ចំពោះ​មុខ​សិស្ស។ មុខរបរ​គ្រូបង្រៀន​ដែល​ធ្លាប់តែ​ជា​ជម្រើស​ទី១ និង​ជាទី​កោត​ស្ញប់ស្ញែង​របស់​មនុស្ស​ទូទៅ​ បាន​ក្លាយជា​ជម្រើស​បន្ទាប់​បន្សំ ​ឬ ​ជា​ជម្រើស​ចុងក្រោយ​បំផុត​សម្រាប់​អ្នក​ស្វែង​រក​ការងារ​ធ្វើ។

យ៉ាង​ណា​ក៏​ដោយ បញ្ហា​ជីវភាព មិន​មែន​តែ​ជា​កត្តា​តែ​មួយ​គត់ ដែល​ធ្វើ​ឲ្យ​តម្លៃ​របស់​គ្រូ​បង្រៀន​ធ្លាក់​ចុះ​នោះ​ទេ។ សីលធម៌​សង្គម​ដែល​ស្រុត​ចុះ ក៏​ជា​មូលហេតុ​មួយដែរ។ ក្នុង​នោះ ​សីលធម៌​វិជ្ជាជីវៈ​របស់​គ្រូ​បង្រៀន ត្រូវ​បាន​សង្គម​សព្វ​ថ្ងៃ​វាយ​តម្លៃ​ថា កំពុង​ស្រុត​ចុះ​ជា​បណ្ដើរ​ៗ បើ​ប្រៀប​ធៀប​និង​សម័យ​មុន​ឆ្នាំ​១៩៧០។ គ្រូ​បង្រៀន​មួយ​ចំនួន​ប្រើ​ប្រាស់​ពាក្យ​សម្ដី និង​កាយវិការ ដែល​មិន​ស័ក្តិសម និង​មិន​គួរ​ឲ្យ​សិស្ស​យក​គំរូ​តាម។ ចំណែក​សិស្សានុសិស្ស​មួយ​ចំនួន​ក៏​មិនសូវ​គោរព​គ្រូ មិនសូវ​ស្តាប់បង្គាប់​គ្រូ​ដូច​ពី​មុន និង​មាន​ខ្លះ ហ៊ាន​រហូត​ដល់​ទៅ​ជេរ​ប្រមាថ​គ្រូ​ថែម​ទៀត​ផង។

មួយ​វិញ​ទៀត បរិបទ​សង្គម​ដែល​ប្ដូរ​ផ្លាស់ ក៏​បាន​ធ្វើ​ឲ្យ​គុណ​តម្លៃ​របស់​គ្រូ​បង្រៀន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ។ ពី​មុន នៅ​ក្នុង​សង្គម​ខ្មែរ គុណ​សម្បត្តិ​របស់​គ្រូ ត្រូវ​បាន​ជន​ជាតិ​ខ្មែរ​ទទួល​ស្គាល់ និង​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​។ អាជីព​ជា​គ្រូ​បង្រៀន​ទទួល​បាន​ការ​គោរព ទទួល​ស្គាល់ កោត​សរសើរ ស្ញប់ស្ញែង និង​លើក​តម្កើង។

បច្ចុប្បន្ន ការ​ទទួល​ស្គាល់​ពី​គុណ​តម្លៃ​នៃ​​អាជីព​ជា​គ្រូ​បង្រៀន គឺ​នៅ​តែ​មាន​ក្នុង​សង្គម​ខ្មែរ។ ទទួល​ស្គាល់ ទើប​ពលរដ្ឋ​ខ្មែរ​បញ្ជូន​កូន​ឲ្យ​ទៅ​រៀន​នៅ​សាលា ដែល​ជា​កន្លែង​ធ្វើការ​របស់​គ្រូ​បង្រៀន។ ប៉ុន្តែ​គ្មាន​ទេ​ការ​ឲ្យ​តម្លៃ និង​លើក​តម្កើង​ដូច​មុន។ ជាក់​ស្ដែង នៅ​ពេល​កូន​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​សិក្សា មាតា​បិតា​ខ្មែរ​មួយ​ចំនួន ច្រើន​ភ្លេច​គិត​ពី​គុណូបការៈ​របស់​គ្រូ ដែល​ចំណាយ​កម្លាំង​កាយ​ចិត្ត បង្ហាត់​បង្រៀន​កូន​របស់​ខ្លួន ដោយ​គិត​តែ​ម្យ៉ាង​ថា លទ្ធផល​ល្អ​នៃ​ការ​សិក្ស​របស់​កូន គឺ​មក​ពី​ជាតិ​កំណើត ឬ​វង្ស​ត្រកូល​របស់​ពួក​គេ​ផ្ទាល់។

ជា​ការ​ពិត ជាតិ​កំណើត ឬ​ពូជ​ពង្ស​វង្ស​ត្រកូល​របស់​គ្រួសារ គឺ​ជា​កត្តា​មួយ ប៉ុន្តែ​បើ​គ្មាន​គ្រូ​បង្រៀន ដែល​ជា​អ្នក​បង្ហាត់​ចំណេះ​ជំនាញ​និង​ជួយ​បង្ហាញ​ផ្លូវទេ​នោះ សិស្ស​ពិតជា​ពិបាក​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​សិក្សា​ណាស់។

នៅ​កម្ពុជា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​របស់​គ្រូ​បង្រៀន បាន​ទាញ​វិស័យ​អប់រំ ឲ្យ​ធ្លាក់​ចុះ​ជាមួយ​ដែរ។ ដូច្នេះ​ហើយ តម្លៃ​របស់​គ្រូ​បង្រៀន​នៅ​កម្ពុជា ត្រូវ​លើក​កម្ពស់​ជា​ចាំ​បាច់ ប្រសិន​បើ​គេ​ចង់​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា ឲ្យ​មាន​ភាព​ប្រសើរ​ជាង​នេះ!

វិធានការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន និង​កំពុង​ព្យាយាម​តម្លើង​ប្រាក់​ខែ​ជូន​គ្រូ​បង្រៀន គឺ​ជា​ប្រការ​មួយ​គួរ​លើក​ទឹក​ចិត្ត។ ប៉ុន្តែ​ការងារ​នេះ​ចាំ​បាច់​ត្រូវរៀបចំ​ឲ្យ​បាន​លឿន។ ទន្ទឹម​គ្នា​នេះ គេ​ក៏​មិន​ត្រូវ​ភ្លេច​ផង​ដែរ ការ​លើក​កម្ពស់​សីលធម៌​របស់​សិស្ស​ដែល​ធ្លាក់​ចុះ និង​ជា​ពិសេស​ពង្រឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​គ្រូ​បង្រៀន។ ចំណែក​ប្រជាពលរដ្ឋ​ទូទៅ ក៏​គួរ​តែ​ចាប់​ផ្ដើម​ផ្ដល់​តម្លៃ និង​លើក​តម្កើង​គ្រូ​បង្រៀន​ឡើង​វិញ។ ត្រូវ​ផ្ដល់​តម្លៃ និង​លើក​តម្កើង​គ្រូ​បង្រៀន​ សូម​កុំ​ភ្លេច​ថា ប្រសិន​បើ​គ្មាន​គ្រូ​បង្រៀន សិស្ស​និង​និស្សិត រាប់សែន​នាក់​ ប្រាកដ​ជា​មិន​អាច​បញ្ចប់​ការ​សិក្សា​ជា​រៀងរាល់​ឆ្នាំ​ដូច្នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ