អានតួអត្ថបទ
កម្ពុជា

អ្នក​សង្កេត​ការណ៍​៖ ការ​ហែក្បួន​ឃោសនា​បោះឆ្នោត​២​ថ្ងៃ​នេះ មាន​ភាព​ចាស់​ទុំ!​

ការ​ហែក្បួន​ព្យុហយាត្រា​ឃោសនា​បោះឆ្នោត ចំនួន​២​ថ្ងៃ​នេះ គឺ​មាន​ភាព​ចាស់​ទុំ មាន​ការ​គោរពវិន័យ​ និង​យោគយល់​អធ្យាស្រ័យ​គ្នា​បាន​ល្អ​!​ វាគឺជាការ​បង្ហាញ​សញ្ញាណ​វិជ្ជមាន​នៃ​ដំណើរ​ការ​បោះឆ្នោត​។​  នេះ​គឺជាការ​មើល​ឃើញ​របស់​គ.ជ.ប. និង​អ្នក​សង្កេត​ការណ៍​របស់​សង្គម​ស៊ីវិល។  

រូប​ថត​តំណាង៖ សកម្មជនគណបក្សពីរស្វាគមន៍គ្នាពេលក្បួនឃោសនាជួបគ្នាជាសារសន្តិភាព
រូប​ថត​តំណាង៖ សកម្មជនគណបក្សពីរស្វាគមន៍គ្នាពេលក្បួនឃោសនាជួបគ្នាជាសារសន្តិភាព Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំពាក្យ​បន្ទប់​ស្ថានការណ៍​ ដែល​ជាបណ្តុំ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ លោក សម គន្ធាមី បាន​បង្ហាញ​ការ​សង្កេត៣ចំណុច ​ប្រាប់​វិទ្យុ​បារាំង RFI ថា ទី១ បក្ស​នយោបាយ​និង​សកម្មជន​ មាន​វិន័យ មាន​របៀប​រយ និង​មាន​ក្រម​សីលធម៌​ច្រើន​ជាង​ការ​ឃោសនា​អាណត្តិមុនៗ​។ ទី២ ការ​និយាយ​ឃោសនា ស្រែក​ជ័យឃោស គឺ​មិន​ប៉ះពាល់​បក្ស​ផ្សេងៗ​ ហើយទី៣ ការ​ហែក្បួន​ជាទូទៅ​ មាន​សណ្តាប់​ធ្នាប់​និង​សន្តិសុខល្អ​។ អ្នក​ជំនាញ​ការ​បោះឆ្នោត​រូប​នេះ បញ្ជាក់ថា ទាំង​នេះ​គឺជាសញ្ញាណ​ល្អ ហើយ​ស្តែងឲ្យ​ឃើញ​​ថា បក្ស​នយោបាយ​​ទាំងអស់​មាន​ភាព​ចាស់​ទុំ​ច្រើន​។

ដូច​គ្នា​នេះដែរ​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ បានសង្កេត​ឃើញថា​​ បក្ស​នយោបាយ​ដែល​ផ្តើម​ហែក្បួន​និងធ្វើ​យុទ្ធនាការ​បោះឆ្នោត​ នៅ​ក្នុង​ដំណាក់កាល​​ថ្ងៃ​ដំបូងៗ​នេះ គឺមាន​ភាព​យល់​ដឹងច្រើន​ ពី​បទបញ្ជា​ និងគោរព​នីតិវិធី​របស់​ច្បាប់​បោះឆ្នោត។  អ្ន​ក​នាំពាក្យ​គ.ជ.ប. បណ្ឌិត​ ហង្ស​ ពុទ្ធា​ សង្កត់​ធ្ងន់ថា ​គ.ជ.ប.​ អំពាវវនាវ​ឲ្យ​គ្រប់​គណបក្ស​ត្រូវ​យក​ចិត្ត​ទុកដាក់បន្ថែម​ទៀត ក្នុង​ការ​ពង្រឹង​ក្រុម​ការ​ងាររបស់​ខ្លួន, ផ្តល់ការ​​អធ្យាស្រ័យ​រវាង​ក្រុមគ្នាឯង​ក្នុង​បក្ស​ ហើយ​យោគយល់​អធ្យាស្រ័យរវាង​បក្ស​នយោបាយ​​ផ្សេងៗ​ ដែល​មាន​និន្នាការ​ផ្ទុយ​គ្នា។​

 
ទោះ​យ៉ាងណាក្តី មាន​ការ​ប្តឹង​និង​ចំណុច​ប្រតិកម្មខ្លះដែរ តែ​តិច​តួច​បំផុត បើ​តាម​ការ​មើលឃើញ​របស់​គ.ជ.ប.​។ នោះ​គឺ​មាន​ការ​​ប្តឹង​មួយ​ករណី នៅ​ស្រុក​កោះអណ្តែត​​ខេត្ត​តាកែវ ដោយក្រុម​ដង្ហែ​របស់បក្ស​ប្រជាជនកម្ពុជា​​ប្តឹង​ក្រុម​ដង្ហែ​បក្ស​សង្គ្រោះជាតិ​ ហើយ​មាន​ការ​បង្ហើប​ឡើង​របស់​បេក្ខនារីឈរឈ្មោះ​​ម្នាក់​នៅ​សង្កាត់​គោកចកខេត្ត​សៀមរាម ថា​មាន​អំពើ​គំរាម​កំហែង​។​ ក្រៅពីនេះ គឺគ្មាន​អ្វី​ធំដុំ​គួរ​ឲ្យ​កត់​សម្គាល់​នោះទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​គ.ជ.ប.។ 

បើ​តាម​​បណ្ឌិត ហង្ស ពុទ្ធា ដដែល​, គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ សម្តែង​សុទិដ្ឋិនិយមថា ក្នុង​ការ​បោះឆ្នោត​លើកនេះ គឺទំនង​ជា​​អាច​មាន​រឿង​បញ្ហា​តិច​តួច។​ ដូច​គ្នា​ដែរ​ នាយកប្រតិបត្តិ​អង្គការ​និចហ្វិក លោក សម គន្ធាមី សូម​កោតសរសើរ​ និង​ក៏​សង្ឃឹមថា​ នឹង​មានការ​​រក្សា​សញ្ញាណ​ល្អ​បែប​នេះ តទៅទៀត​រហូត​ដល់​ចប់​ការ​បោះឆ្នោត​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ