អានតួអត្ថបទ
កម្ពុជា

គជប ផ្តល់​សុពល​ភាព​បេក្ខជន​ឈរ​ឈ្មោះបោះ​ឆ្នោត​ឃុំ​សង្កាត់​សរុប​ជាង ៩​ម៉ឺន​នាក់ ខណៈ​បក្ស ខ្លះ​ពិបាក​រក​បេក្ខជន​ឈរ​ឈ្មោះ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គជប) នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​ទទួល​ស្គាល់​ បេក្ខភាព​សម្រាប់​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ សរុប​ជាង ៩​ម៉ឺន​នាក់​ ក្នុង​នោះ​ស្រ្តី​មាន​ជាង ២​ម៉ឺន​នាក់​។ បើ​តាម​ គ.ជ.ប ដោយ​សារ គណបក្ស​នយោបាយ​ខ្លះ​ពិបាកស្វែង​រក​បេក្ខជន​មក​ឈរ​ឈ្មោះ ទើប​ធ្វើ​ឲ្យ​ចំនួន បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទីបួន​នេះ មាន​តិច​ជាង បេក្ខជន​ឈរ​ឈ្មោះ​អាណត្តិ​ទី​បី ដែល​មាន​បេក្ខជន​សរុបជាង ១១​ម៉ឺន​នាក់​។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសទទួលស្គាល់ បេក្ខភាពសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅព្រឹកថ្ងៃអង្គារ ទី១៨ មេសា ២០១៧
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសទទួលស្គាល់ បេក្ខភាពសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅព្រឹកថ្ងៃអង្គារ ទី១៨ មេសា ២០១៧ @RFI/Sopheak
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ​ជ​ប​) នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែ​មេសា​នេះ បាន​ប្រកាស​ទទួល​ស្គាល់​បេក្ខភាព​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិទី​បួន សរុប ៩៤.៥៩៥ នាក់ ក្នុង​នោះ​បេក្ខនារី ​មាន​សរុប ២៥.៧៨៨ នាក់។ តួ​លេខ​នេះ គឺ​តិចជាង បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ ឆ្នាំ​២០១២ ដែល​កាល​នោះ មាន ១០ គណបក្ស​នយោបាយ​ចូលរួម និង​មាន បេក្ខជន​ឈរ​​ឈ្មោះ ជាង ១១ម៉ឺន​នាក់​។

ក្នុង​ចំណោម​គណបក្ស​ទាំង ១២ ដែល​ចូល​រួម​បោះឆ្នោត​ឆ្នាំ​២០១៧​នេះ មាន​តែ ពីរ​គណបក្ស​នយោបាយ​ប៉ុណ្ណោះ គឺ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ ដែល​មាន​សមត្ថ​ភាព ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៅ គ្រប់​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​។ ខណៈ គណ​បក្សជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា ដាក់​បេក្ខជន​ឈរ​ឈ្មោះ​១៧​ឃុំ​សង្កាត់ និង បក្ស​សាធារណរដ្ឋ​ប្រជាធិ​បតេយ្យ​ ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ត្រឹម ១៤ ឃុំ សង្កាត់​ប៉ុណ្ណោះ ។ បេក្ខ​ជន​​ទាំង​នេះ នឹង​ត្រូវ​ចូលរួម​បោះឆ្នោត​ប្រជែង យក​តំណែង ប្រធាន អនុប្រធាន និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ សរុប ១១៥៧២ អាសនៈ ដែល​មាន​នៅ​ក្នុង​ចំណោម​ឃុំ​សង្កាត់ សរុប ១៦៤៦ ទូទាំងប្រទេស​។

អ្នក​នាំ​ពាក្យ គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គជប) លោក ហង្ស ពុទ្ធា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង នៅ​ថ្ងៃអង្គារ​នេះ​ថា គណបក្ស​នយោបាយ​មិន​សូវ​ល្បី​ឈ្មោះ​មួយ​ចំនួន មាន​ការពិបាក​ស្វែង​រក​បេក្ខជន​មក​ឈរ​ឈ្មោះបោះឆ្នោត​តំណាង​ឲ្យ​គណបក្ស​របស់​ខ្លួន​។ លោក​បន្ថែម​ថា អំឡុង​ចុះ​បញ្ជី​បេក្ខជន​ មាន​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជាង ១០​នាក់ បាន​សុំ​លា​ឈប់ ដោយ​សារ​មាន​ការ​មិន​ពេញ​ចិត្ត​នឹង លេខ​រៀង​បាត​តារាង​ក្នុង​បញ្ជី​ផ្ទៃក្នុង​គណបក្ស​នយោបាយ​របស់​ពួកគេ ហើយ​មាន​បំណង​លោត​ទៅ​ឈរ​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខជន​គណបក្ស​ផ្សេង​ដែល​នៅ​លេខ​រៀង​ល្អ អាច​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​។ យ៉ាង​ណា​ក៏​ដោយ គជប បាន​បដិសេធន៍ លុបឈ្មោះ​បេក្ខជន​ទាំង​នោះ​សិន ដើម្បី​ចៀសវាង​ភាព​ច្របូក​ច្របល់​ ដល់​ការ​រក​បេក្ខជន​ជំនួស ឬនាំឲ្យ​ខូច​បញ្ជី​ឈ្មោះ​បេក្ខជន​ទំាង​ស្រុង​ នៅ​មុន​ពេល​ផ្តល់​សុពលភាព​បញ្ជីបេក្ខជន​គណបក្សនយោបាយ​។ ការ​ចុះ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​អាណត្តិនេះ ​ មាន​បណ្តឹង​តែ ១០ គត់​ប្តឹងមក គជប ទាក់​ទង​នឹង គណបក្ស​នយោបាយ បំពេញ​​ឯកសារ​យឺត មិន​ទាន់​ពេល​វេលា​កំណត់ ។

គួរ​ជម្រាប​ថា តាម​ប្រតិទិន​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណតិ្ត​ទី​៤ ឆ្នាំ២០១៧ បន្ទាប់​ពី​ប្រកាស​ផ្តល់​សុពលភាព​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ផ្លូវការ គជប នឹង​ផ្តើម​ចែក​បណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត នៅ​តាម​ភូមិ ក្នុង​ឃុំ​សង្កាត់ ចាប់ពីថ្ងៃទី១៧ ខែ​មេសា ដល់​ថ្ងៃទី​១៦ ខែ​ឧសភា​។ បើ​លើស​រយះ​ពេល​នេះ ពលរដ្ឋ​ក៏​អាច​ ទៅ​ទទួលយក បណ្ណព័ត៌មាន​អ្នក​បោះឆ្នោត ដែល​មាន​ទិន្នន័យ ឈ្មោះ​អ្នកបោះឆ្នោត លេខ​កូដ និង​ទីតាំងការិយា​ល័យ នៅ តាម​សាលា​ឃុំ​សង្កាត់ រហូត​ដល់​ថ្ងៃទី​០២ ខែ​មិថុនា ឆ្នាំ​២០១៧​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ