អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណ​បក្ស​ហ៊្វុនស៊ិនប៉ិច៖ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​មិន​បាន​សមស្រប​ទៅ​នឹង​ស្ថានភាព​ជាក់​ស្តែង​

គណ​បក្ស​ហ៊្វុនស៊ិនប៉ិច កាលពី​ថ្ងៃ​ទី០៧ ខែ​សីហា ម្សិលមិញ បាន​អះអាង​តាម​រយៈ​លិខិត​មួយ​ថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ​កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា មិន​សមស្រប​ទៅ​នឹង​ស្ថានភាព​ជាក់​ស្តែង។ ទោះ​ជា​បែប​នេះ​ក្តី គណ​បក្ស​នេះ​អះអាង​ថា គណ​បក្ស ​មាន​សំឡេង​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

ការជួបជុំអ្នកគាំទ្រគណបក្សហ្វ៊ុនស៊ិនប៉ិច មុនពេលហែក្បួនឃោសនា
ការជួបជុំអ្នកគាំទ្រគណបក្សហ្វ៊ុនស៊ិនប៉ិច មុនពេលហែក្បួនឃោសនា @RFI
ផ្សាយពាណិជ្ជកម្ម

លិខិត​ដែល​មាន​ហត្ថ​លេខា​របស់​លោក យូ ហុកគ្រី អនុ​ប្រធាន​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ចុះ​ថ្ងៃ​ទី៧ ខែ​សីហា បាន​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​គាំទ្រ សមាជិក សមាជិកាគណ​បក្ស ដែល​បាន​ប្រឹង​ប្រែង ពុះពារជំនះគ្រប់​ឧបសគ្គ ចូល​រួម​ធ្វើ​សកម្មភាព​ស្រប​ច្បាប់​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាល​ទី៦ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា កន្លង​ទៅ។ គណ​បក្ស​នេះ បញ្ជាក់​ថា ការ​បោះ​ឆ្នោត​បាន​ប្រព្រឹត្តិ​ទៅ​ក្នុង​បរិយាកាស​មួយ​ល្អ​ប្រសើរ គ្មាន​​អំពើ​ហិង្សា។

ប៉ុន្តែ​ក្នុង​លិខិត​ដ​ដែល​បាន​លើក​ឡើង​ថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​មិន​បាន​សមស្រប​ទៅ​នឹង​ស្ថានភាព​ជាក់​ស្តែង។ មិន​បាន​សមស្រប​ទៅ​នឹង​ស្ថានភាព​ជាក់​ស្តែង ដោយ​សារតែ​គណ​បក្ស និង​អ្នក​គាំទ្រ​បាន​ខិតខំ គ្រប់​យ៉ាង ហើយ​មាន​អ្នក​ចូល​រួម​ជា​មួយ​គណ​បក្ស​ច្រើន ធ្វើ​ឲ្យ​គណ​បក្ស​រំពឹង​ថា​លទ្ធផល​ច្រើន​ជាង​នេះ។ នេះ​បើ​តាម​ការបញ្ជាក់​បន្ថែម​របស់ លោក ញ៉េប ប៊ុនជិន អ្នក​នាំ​ពាក្យ​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​​នៅ​ថ្ងៃ​ពុធ​នេះ។

ទោះ​បីជា​យ៉ាង​នេះ​ក្តី គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិចបញ្ជាក់​ថា ខ្លួន​មាន​សំឡេង​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ដែល​អាចឈរ​នៅ​លំដាប់​លេខ​២ ក្នុង​ចំណោម​គណ​បក្ស​នយោបាយ​ចំនួន​២០ ដែល​បាន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​ទៅ​នេះ។

គិត​រហូត​មក​ដល់​ពេល​នេះ​យ៉ាង​ហោច​ណាស់​មាន​គណ​បក្ស​នយោបាយ​ចំនួន​២ ហើយ បាន​ចេញ​ប្រកាស​ជាសាធារណ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត ដោយ​ថា​មាន​ភាព​មិន​ប្រក្រតីជា​ច្រើន។ គណ​បក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ក្រៅ​ពី​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត គណ​បក្ស​នេះ​ក៏​ព្រមាន​ធ្វើ​បាតុកម្ម​ដែរ។ ចំណែក​គណ​បក្ស​រស្មីខេមរា បាន​ផ្ញើ​លិខិត​ទៅ​កាន់​ស្ថានទូត​ចំនួន​៨ ដោយ​បញ្ជាក់​ថាការ​បោះ​ឆ្នោត​មិន​មាន​ភាពសេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។

សូម​ជម្រាប​ជូន​ថា ការ​បោះ​ឆ្នោត​ដែល​គ្មាន​​អតីត​គណ​បក្ស​សង្រ្គោះជា​តិច​ូល​រួម​កាលពី​ចុង​ខែ​កក្កដា ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ ពិសេស សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប កាណាដា អូស្រ្តាលី បារាំង អង់គ្លេស ជា​ដើម ចោទ​ជាសំនួរ​ចំពោះ​ភាព​ត្រឹម​ត្រូវ​នៃ​ការ​បោះ​ឆ្នោត។ ដោយ​ឡែក​ភាគី​ជប៉ុន ដែល​ជា​អ្នក​ផ្តល់​ជំនួយ​ដល់​ការ​បោះ​ឆ្នោត ក៏​បាន​សម្តែង​ការខក​ចិត្ត​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ