ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
កម្ពុជា

បញ្ហា​កង្វះ​អគ្គិសនី​ត្រូវ​បាន​ដោះស្រាយ​បន្ទាប់​ពី​រដូវ​វស្សា​ឈានចូល​មក​ដល់

media  
ក្រុមការងារអគ្គិសនីកម្ពុជាកំពុងធ្វើការលើអាកាស EDC

ស្ថានភាព​អគ្គិសនី​នៅ​ទូទាំង​ប្រទេស ​បានវិលមក​ស្ទើរ​ប្រក្រតី​វិញ​ហើយ ​បន្ទាប់ពី​មានការ​ខ្វះខាត​ រយៈពេល​៣​ខែ​កន្លង​ទៅ​នេះ ​នៅ​ក្នុង​រដូវប្រាំង​។ ​ថាមពល​អគ្គិសនី ​ដែល​បានកើនឡើង​វិញ​នាពេលនេះ ​គឺ​បន្ទាប់ពី​រដូវវស្សា ​ឈាន​ចូល​មកដល់ ​ធ្វើ​ឲ្យ​វារីអគ្គិសនី ​មាន​ទឹក​រុញ​តួប៊ីន ​ផ្តល់​ថាមពល​អគ្គិសនី​ខ្ពស់ ​រួមផ្សំ​ជាមួយ​ថាមពល​អគ្គិសនី​ដែលបាន​មកពី​ប្រភព​ផ្សេង​ៗ​ទៀត​។

ជាការ​ពិត​ស្ថានភាព​ដាច់​អគ្គិសនី​មួយ​ព្រឹក ​ឬមួយ​ល្ងាច​ នៅ​តំបន់​មួយ ​ហើយ​មាន​អគ្គិសនី​មួយព្រឹក ​ឬ​មួយល្ងាច​ នៅ​តំបន់មួយ​ផ្សេង​ទៀត ​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ​លែង​កើត​មានហើយ ​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ​។ ​ក៏​ប៉ុន្តែ​តំបន់​មួយចំនួន​ នៅ​ក្នុងប្រទេស​កម្ពុជា​ ស្ថិត​នៅ​សភាព​ ខ្វះខាត​អគ្គិសនី ​នៅឡើយ​។

វត្តមាន​របស់​ទឹកភ្លៀង​ខ្លះ ​នៅ​ដើម​រដូវ​វស្សានេះ ​ធ្វើឲ្យ​វារីអគ្គិសនី​កម្ពុជា ​មាន​ទឹក​សម្រាប់ដំណើរការ​បង្កើន​ថាមពល​អគ្គិសនី ​បាន​ច្រើន​ជាងមុន​។ ​នេះ​បើតាម​លោក ​វ៉ិចទ័រ ហ្សូនា ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​។ លោក​បន្ត​ថា តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ ដែល​មានការ​កើនឡើង​ជាប្រចាំ​ប្រមាណ​១៥​ភាគរយ​នោះ ​បាន​ធ្លាក់ចុះ​មកវិញ ​ដោយសារ​ទឹកភ្លៀង​បាន​នាំមក​នូវ​អាកាសធាតុ​ចុះត្រជាក់​ជាងមុន​។

តាម​ក្រសួង​រ៉ែ​និង​ថាមពល ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី​បច្ចុប្បន្ន​នេះ ​មាន​ចំនួន​១៦៥០​ម៉េហ្គាវ៉ាត់ ក្នុងនោះ​បានមកពី​ប្រទេស​ជិតខាង​ចំនួនជាង​៤០០​ម៉េហ្គាវ៉ាត់ ​ថាមពល​វារីអគ្គិសនី​ប្រមាណ​ពី៤៥០ ​ទៅ​៥៥០​ម៉េហ្គាវ៉ាត់ ​រួមនឹង​អគ្គិសនី​ដែល​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម​ចំនួន​៥០០​ម៉េហ្គាវ៉ាត់​ទៀត​។

ទោះយ៉ាងណា ​លោក​ វ៉ិចទ័រ ហ្សូនា ​បញ្ជាក់​ថា ​បច្ចុប្បន្ន​អគ្គិសនី​កម្ពុជា​នៅតែ​បន្ត​កាត់​ភ្លើង ប្រចាំថ្ងៃ​ នៅ​តំបន់​ខ្លះ​ឆ្លាស់គ្នា​ដែរ ​គឺ​ដោយ​បន្ថយ​ការកាត់​ពី​៣៥០​ម៉េហ្គាវ៉ាត់ ​មក​ត្រឹម​៥០​ម៉េហ្គាវ៉ាត់​វិញ​នៅ​ទូទាំង​ប្រទេស​។ ​ប៉ុន្តែ​បញ្ហា​អគ្គិសនី​នេះ ​នឹង​នៅតែ​ប្រឈម​ប្រសិនបើ​មាន​ការ​រាំង​ភ្លៀង​យូរ​ថ្ងៃ​ទៅ​វិញ​។

សូម​បញ្ជាក់​ថា ​នៅ​រដូវប្រាំង​កន្លងទៅ​នេះ ​ប្រទេស​កម្ពុជា​បានជួប​បញ្ហា​ខ្វះខាត​អគ្គិសនី​ប្រមាណ​៤០០​មេហ្គាវ៉ាត់ ​នៅ​ទូទាំង​ប្រទេស​។ ​ប្រការនេះ​ធ្វើឲ្យ​អគ្គិសនី​កម្ពុជា​បិទ​តំបន់​មួយបើក​តំបន់​មួយទៀត​ឆ្លាស់គ្នា ​ដើម្បី​បាន​អគ្គិសនី​ប្រើប្រាស់​ទាំងអស់​គ្នា ​ក៏​ប៉ុន្តែ​នៅ​ពេលយប់​ ឬថ្ងៃឈប់​សម្រាក​មិនមាន​ការ​កាត់​ភ្លើង​ទេ​។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ​ហ៊ុន សែន ​នៅក្នុង​វេទិការ​សាធារណៈ​កន្លងទៅ ​ក៏បាន​សុំការ​យោគយល់​ពី​ប្រជាពលរដ្ឋ​ដែរ​ ខណៈ​មាន​ការរិះគន់​ថា ​ការ​គិតគូរ​ពី​ផែនការ​យុទ្ធសាស្ត្រ​ផ្នែក​អគ្គិសនី ​មិនស្រប​ទៅនឹង​ការ​អភិវឌ្ឍ​របស់​ប្រទេសជាតិ​នាដំណាក់កាល​ចុងក្រោយ​នេះ​។

ទោះយ៉ាងណា ​ក្រសួង​រ៉ែ​និង​ថាមពល ​តាមរយៈ​លោក ​វ៉ិចទ័រ ហ្សូនា ​បានចាត់ទុក​ថា​បទពិសោធន៍​កង្វះ​អគ្គិសនី​ឆ្នាំ​នេះ ​នឹង​ក្លាយ​ជា​មេរៀន ​ដែល​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ល្អ​នៅ​ឆ្នាំ​ក្រោយ៕ ​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ