អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ចរន្ត​អគ្គិសនី​ជា​ហេតុផល​ចំបង​បង្ក​អគ្គិភ័យ​ខណៈ​ការ​បង្កា​របស់​ប្រជាជន​នៅ​មាន​កម្រិត

ចុះផ្សាយ​នៅ​ថ្ងៃ៖

អគ្គិភ័យ​កាន់​តែ​មាន​កំណើន​ច្រើន​ទៅ​ៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ដែល​នេះ​បង្ក​ជា​សោកនាដកម្ម​បន្ថែម​ទៀត​ទៅ​លើ​គ្រួសារ​ខ្មែរ​ ដែល​ខ្លះ​មាន​ជីវភាព​លំបាក​ស្រាប់។ កំណើន​អគ្គិភ័យ​ត្រូវ​គេ​រក​ឃើញ​ថា​ភាគ​ច្រើន​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​ និង​ការ​ធ្វេស​ប្រហែស​ពី​ប្រជាពលរដ្ឋ​ម្ចាស់​លំនៅឋាន។កង្វះ​ខាត​នៃ​ការ​ផ្សព្វផ្សាយ​ពី​ការ​បង្ការ​ និង​ការ​អនុវត្ត​ច្បាប់​ ជា​កត្តា​មួយ​ធ្វើ​ឲ្យ​ប្រជាជន​មួយ​ចំនួន​ធំ​មិន​ចាប់​អារម្មណ៍​ពី​សារៈសំខាន់​ ក្នុង​ការ​ការពារ​ភ្លើង​ទុក​ជាមុន។ ទោះ​យ៉ាង​នេះ​ក្តី​ ប្រជាជន​មួយ​ចំនួន​ជា​ពិសេស​នៅ​ទី​ប្រជុំជន​មាន​ការ​យល់​ដឹង​ជា​បណ្តើរ​ៗ​ហើយ។

ផ្ទះ​ប្រជាពលរដ្ឋ​​ចំនួន​៦៧​ខ្នង​​ត្រូវ​បាន​​អគ្គិភ័យ​​លេប​ត្របាក់​​ទាំង​ស្រុង​ ​កាល​ពី​ពេល​កន្លង​មក។
ផ្ទះ​ប្រជាពលរដ្ឋ​​ចំនួន​៦៧​ខ្នង​​ត្រូវ​បាន​​អគ្គិភ័យ​​លេប​ត្របាក់​​ទាំង​ស្រុង​ ​កាល​ពី​ពេល​កន្លង​មក។ ©​ លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

ជា​មធ្យម​អគ្គិភ័យ​បាន​កើត​ឡើង​រវាង​ពី​២​ទៅ​៣​ថ្ងៃ​ម្តង​ នៅ​រាជធានី​ភ្នំពេញ​ ហើយ​លើក​យក​ស្ថានភាព​ខែ​មេសា​ឆ្នាំ​២០១៥​នេះ​ជា​តឹកតាង​ ដោយ​មិន​ទាន់​គិត​អគ្គិភ័យ​ដែល​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស។ ស្ថិតិ​បែប​នេះ​នរណា​ក៏​លាន់មាត់​ដែរ​ថា​ មាន​ភ្លើង​ឆេះ​ផ្ទះ​ឬ​សហគ្រាស​ផ្សេង​ៗ​ស្ទើរ​រាល់​ថ្ងៃ។ នៅ​ភ្នំពេញ ​គ្រាន់​តែ​រយៈ​ពេល​មិន​ដល់​៥​ខែ​ផង​ អគ្គិភ័យ​បាន​កើត​ឡើង​ ៦៥ករណី គិត​មក​ទល់​នឹង​ករណី​ចុងក្រោយ​ ឆេះ​នៅ​ម្តុំ​ឬស្សីកែវ​កាល​ពី​យប់​ថ្ងៃ​ទី​២៦​ឧសភា។ ជា​សរុប​មនុស្ស​ចំនួន​៥​នាក់​ បាន​ស្លាប់​នៅ​ក្នុង​អណ្តាត​ភ្លើង។

ជា​ការ​កត់​សម្គាល់​ ភាគច្រើន​នៃ​អគ្គិភ័យ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ ឬ​និយាយ​សាមញ្ញ​ទុស្សេ​ខ្សែ​ភ្លើង។ ការ​ធ្វេស​ប្រហែស​ ដោយ​ការ​ប្រើប្រាស់​និង​ទុកដាក់​ហ្គាស ​ប្រេងសាំង ឬ​វត្ថុ​ឆេះ​ឯ​ទៀត គឺ​ជា​រឿង​មួយ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ដែរ ក៏​ប៉ុន្តែ​បញ្ហា​ខ្សែ​ភ្លើង​ដែល​មាន​ភាព​រញ៉េរញ៉ៃ​ និង​ស្មុគ្រស្មាញ​នៅ​ក្នុង​លំនៅឋាន​នោះ ​គឺ​ជា​បញ្ហា​ដ៏​ចំបង​ដែល​ពិបាក​នឹង​ដោះស្រាយ។

ការ​ត្រៀម​លក្ខណៈ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​បង្ការ​និង​ប្រឆាំង​ភ្លើង​បឋម​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ទូទៅ។ មាន​ន័យ​ថា​ប្រជាពលរដ្ឋ​តិចតួច​នៅ​ឡើយ​ដែល​មាន​ការ​ចាប់​អារម្មណ៍​នឹង​គ្រោះ​មហន្តរាយ​ដោយ​អគ្គិភ័យ ​ហើយ​បាន​ទិញ​បំពង់​ពន្លត់​អគ្គិភ័យ​សម្រាប់​ការពារ​ជា​មុន​ បង្ការ​ក្រែង​មាន​អគ្គិភ័យ​កើត​ឡើង​ជាយថាហេតុ។

ប្រជាជន​រស់នៅ​ជាមួយ​នឹង​ប្រព័ន្ធ​ខ្សែ​ភ្លើង​ដែល​មាន​អាយុកាល​យូរឆ្នាំ ​ប្រព័ន្ធ​ការពារ​ចរន្ត​ ឬ ផ្តាច់​ចរន្ត​ មិន​មាន​គុណភាព ខណៈ​ដែល​សម្ភារៈ​ប្រើ​ដោយ​ចរន្តអគ្គិសនី​ មាន​ការ​កើនឡើង​ជា​លំដាប់។ ការ​ត្រួត​ពិនិត្យ​មើល​គុណភាព​នៃ​ការ​ប្រើប្រាស់​អគ្គិសនី​មិនមាន​ និង​ការ​តម្លើង​បណ្តាញ​ក្នុង​ផ្ទះ​ដោយ​មិន​គោរព​តាម​បទដ្ឋាន​ត្រឹមត្រូវ​ជា​ហេតុផល​ អាច​បង្ក​អគ្គិភ័យ​ជា​ញឹកញយ។

តាម​ទម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​ចាប់​អារម្មណ៍​និង​ស្វះស្វែង​រក​វិធី​បង្ការ​និង​ការពារ​អគ្គិភ័យ​នៅ​ពេល​ដែល​មាន​ហេតុការណ៍​អគ្គិភ័យ​នៅ​តំបន់​ដែល​ខ្លួន​រស់នៅ​ឬ​នៅ​ក្បែរ​គេហដ្ឋាន​របស់​ខ្លួន​ប៉ុណ្ណោះ។ ដោយ​ឡែក​អាជីវករ​ដែល​មួយ​ថ្ងៃ​ៗ​ដែល​លក់​ដូរ​នៅ​ឯផ្សារ​ ឬ​ក៏​គេ​ច្រើន​និយាយ​​ថា​យក​ផ្សារ​ធ្វើ​ផ្ទះ​នោះ ​នោះ​លំនៅឋាន​របស់​ពួកគេ​មិន​សូវ​ជា​យក​ចិត្ត​ទុកដាក់​ការពារ​​អគ្គិភ័យ​ទេ។

ទោះ​យ៉ាង​នេះ​ក្តី ​អាជីវករ​ដែល​ ប្រកប​អាជីវកម្ម​របស់​ខ្លួន​នៅ​តាម​ផ្ទះ ​ពោរពេញ​ទៅ​ដោយ​អីវ៉ាន់​ និង​សម្ភារៈ​ជា​ច្រើន​នោះ​ ភាគច្រើន​មាន​ការ​យល់ដឹង​ និង​ត្រៀម​បំពង់​ពន្លត់​អគ្គិភ័យ ​បាន​ស្ទើរ​គ្រប់​ផ្ទះ។

ផ្ទុយ​ទៅ​វិញ​ការ​យល់​ដឹង​បែប​នេះ​មិន​សូវ​មាន​ទេ​ ក្រៅ​ពី​ទី​ប្រជុំជន ​នៅ​តាម​ជនបទ។ កត្តា​សេដ្ឋកិច្ច ​អាច​ជា​ការ​ជម្រុញ​ដល់​អារម្មណ៍​ប្រជាជន​ មិន​រវីរវល់​នឹង​ការ​ការពារ​អគ្គីភ័យ​ ដោយសារ​វិធានការ​ទាំង​អស់​នោះ​ ទាក់ទង​ទៅនឹង​ការ​ចំណាយ​ថវិកា​ ហើយ​ការ​ចំណាយ​ថវិកា​ណា​មួយ​ដែល​មិនមែន​ជា​គោលដៅ​បំរើ​ដល់​ការ​រស់នៅ​ប្រចាំថ្ងៃ​ ជា​ពិសេស​ការ​ចំណាយ​ទៅ​លើ​អាហារ​ហូបចុក​ ពួកគាត់​មិន​ចាប់​អារម្មណ៍​ឡើយ។

កង្វះ​ខាត​ព័ត៌មាន​ធ្វើ​ឲ្យ​ប្រជាជន​ ដែល​មិន​សូវ​ចាប់​អារម្មណ៍​ស្រាប់​នោះ ​កាន់​តែ​ធ្វើ​មិន​ដឹង​មិន​ឮ​បន្ថែម​ទៀត។ ជាមួយ​គ្នា​នេះ​ច្បាប់​ស្តី​ពី​ការ​បង្ការ​និង​ទប់ស្កាត​អគ្គិភ័យ ​ដែល​បាន​អនុម័ត​ដោយ​រដ្ឋសភា​កាល​ពី​ឆ្នាំ​២០១៣​ កន្លង​ទៅ​ហាក់​ដូចជា​មិន​ទាន់​មាន​ប្រសិទ្ធិភាព​នៅ​ក្នុង​ការ​ អនុវត្ត​នៅ​ឡើយ។

ជា​ការ​ពិត​ សុភាសិត​ខ្មែរ​តែង​ពោល​ថា​«សូវ​ស្លាប់​បា​កុំ​ឲ្យ​ស្លាប់​មេ​ សូវ​លង់​ទឹក​កណ្តាល​ទន្លេ​កុំ​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ»។ តាមរយៈ​សុភាសិត​នេះ​ បុព្វបុរស​ខ្មែរ​ប្រដៅថា​ តែ​កាលណា​ភ្លើងឆេះ​ផ្ទះ​ហើយ​អត់​សល់​អ្វី​ទេ។ ដូចនេះ​គេ​គួរតែ​មាន​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ពី​បញ្ហា​ភ្លើង​ ផ្សែង​នេះ​ដោយ​ហេតុថា ​វា​កាន់​តែ​មាន​ទំហំ​នៃ​ការ​ខូចខាត​ធំ​ទៅ​ៗ​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ដើម្បី​ចៀសវាង​ការ​ខូចខាត​និង​សោកនាដកម្ម​បណ្តាល​មក​ពី​អគ្គិភ័យ​បន្ត​ទៅ​ទៀត​ បើ​មាន​លទ្ធភាព​គួរ​តែ​ទិញ​បំពង់​ពន្លត់​ភ្លើង​ យ៉ាង​ហោច​ណាស់​ក៏​មាន​មួយ​ ឬ​ពី​បំពង់ដែរ​ទុក​នៅ​តាម​គេហដ្ឋាន​នីមួយ​ៗ​ ខណៈ​ដែល​បំពង់​ពន្លត់​ភ្លើង​បច្ចុប្បន្ន​មាន​ការ​ធូរ​ថ្លៃ​ច្រើន​ ធៀប​ទៅ​នឹង​ប៉ុន្មាន​ឆ្នាំ​មុន។

កែ​សម្រួល​ប្រព័ន្ធ​ខ្សែ​ភ្លើង​អគ្គិសនី​នៅ​តាម​លំនៅឋាន​ឡើង​វិញ​ដែល​ផ្ទះ​សម្បែង​មួយ​ចំនួន​ជា​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ​បាន​ធ្វើ​ឡើង​កាល​ពី​១០​ឬ​២០​ឆ្នាំ​មុន​ មិន​មាន​គុណភាព​និង​បច្ចេកទេស​ត្រឹមត្រូវ។ ត្រូវ​មាន​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ ​ភ្លើង ផ្សែង វត្ថុ​ងាយ​ឆេះ​ ប្រេង ខ្លាញ់ បំពង់ហ្គាស ។ល។ រក្សា​ទុក​ឲ្យ​ឆ្លាយ​ពី​កំដៅ។ យក​ល្អ​គួរតែ​មាន​បំពង់​ពន្លត់​ភ្លើង​មួយ​សម្រាប់​ផ្ទះ​បាយ​ទាំង​មូល។

ប្រជាពលរដ្ឋ​ខ្លួនឯង​ផ្ទាល់​ត្រូវ​មាន​ការ​យល់ដឹង​និង​កែប្រែ​ទម្លាប់​ព្រងើយ​កន្តើយ​ ពោល​គឺ​ត្រូវ​ធ្វើ​របង​ឲ្យ​រឹងម៉ាំ ​មុន​នឹង​ក្របី​បាត់។ ជាមួយ​គ្នា​នេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទទួល​បន្ទុក​អគ្គិភ័យ​ក៏​ត្រូវ​តែ​បង្ហាញ​ពី​ភាព​ ច្បាស់លាស់​ដែរ​នូវ​ឆន្ទៈ​ជួយ​សង្គ្រោះ​ពិត​ប្រាកដ​ ខណៈ​ដែល​រលក​នៃ​ការ​រិះគន់​ពី​អំពើ​ពុក​រលួយ​នៅ​ពេល​អន្តរាគមន៍​ពន្លត់​ភ្លើង​ នៅ​តែ​បន្ត​កើត​មាន។

ម៉្យាង​ទៀត​ ការ​ផ្សព្វផ្សាយ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ ដើម្បី​ពន្យល់​ពី​វិធី​បង្ការ​និង​កាត់​បន្ថយ​អគ្គិភ័យ​ក៏​គួរ​តែ​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ