សិស្សនៅបឋមសិក្សាត្រូវបានកត់សម្គាល់ថាកាន់តែខ្សោយការអាននិងសរសេរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥៥
ក្រុមគ្រូបង្រៀននៅកំរិតមធ្យមសិក្សាបានរអូរទាំនិងលើកឡើងថាការសិក្សាសិស្សមួយចំនួនខ្សោយក្នុងការអាន ដោយមានការកត់សម្គាល់ថាសិស្សដែលបានបញ្ចប់ថ្នាក់បឋមសិក្សាទៅហើយនោះ ខ្លះនៅអានអក្សររដាក់រដុប និងមិនសូវចេះអានពាក្យពិបាក បើទោះណាជាគេធ្លាប់ជួបកន្លងមកច្រើនដងទៅហើយក៏ដោយ។ កម្សោយក្នុងការអាននិងសរសេរភាសាខ្មែររបស់សិស្សថ្នាក់បឋមសិក្សា បានភ្ជាប់ទៅនឹងហេតុផលមួយចំនួនដូចជាវត្តមានកាន់តែច្រើននៃបច្ចេកវិជ្ជាទំនើប ការបង្រៀនរបស់គ្រូមានកំរិត និងបញ្ហាសង្គមជាច្រើនទៀត។
តាមប្រវត្តិសាស្ត្រប្រទេសកម្ពុជាកាលពីទសវត្សមុនៗ មិនដែលឮពាក្យថា កូនខ្មែរមានបញ្ហាក្នុងការអាននិងសរសេរទេ ដោយសារចំណេះដែលសម្គាល់អត្តសញ្ញាណទាំងនេះ បានចេញមកពីវត្តអារ៉ាម។វត្តអារ៉ាមជាកន្លែងដែលបណ្តុះអក្សរខ្មែរ បានយ៉ាងច្បាស់លាស់និងប្រកបដោយប្រសិទ្ធិភាព។
ក៏ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះ ការអានត្រូវគេសង្កេតឃើញនៅថ្នាក់បឋមសិក្សាថា មានគំលាតគ្នាយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងសិស្សកាលពីប៉ុន្មានទសវត្សមុន កុំថាឡើយប្រៀបធៀបជាមួយសិស្សរៀនចេញពីវត្ត ដែលមានសក្តានុពលក្នុងការអាន និងសរសេរបានយ៉ាងល្អ។
ការកត់សម្គាល់ដូច្នេះគឺត្រូវបានរកឃើញដោយគ្រូៗមួយចំនួននៅថ្នាក់មធ្យមសិក្សាបឋមភូមិនិងនៅថ្នាក់ទុតិយភូមិ ដោយសារសិស្សរៀនកាន់តែខ្ពស់ ហើយការអាននៅតែមានលក្ខណៈប្រកបរដាក់រដុប និងមិនសូវស្គាល់ពាក្យពិបាកៗជាដើម។
ស្ថានភាពបែបនេះ ចង់មិនចង់គេត្រូវបន្ទោសលើមូលដ្ឋានគ្រឹះរបស់សិស្សនៅថ្នាក់បឋមសិក្សា ដែលថាសិស្ស មានគ្រឹះមិនរឹងមាំ ហើយជាការព្រួយបារម្ភមួយដែលកូនខ្មែរខ្សោយភាសារជាតិ។ហេតុផលដ៏គួរឲ្យចាប់អារម្មណ៍នេះ គឺបណ្តាលមកពីកត្តាមួយចំនួន ដែលជាការរួមចំណែកទទួលខុសត្រូវពីលោកគ្រូ អ្នកគ្រូ ពីសង្គមបរិយាកាស និងពីសិស្សខ្លួនឯងផ្ទាល់។
ទាក់ទងទៅនឹងការទទួលខុសត្រូវនៅសាលា ប្រាក់បៀវត្សន៍នៅតែជាបញ្ហានៅឡើយបើទោះណាជារដ្ឋាភិបាលបានប្រកាសពីការលើកទឹកចិត្តតម្លើងប្រាក់បៀវត្សន៍ដល់គ្រូបង្រៀនពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ។ លោកគ្រូ អ្នកគ្រូមិនអាចថាមិនពឹងពាក់ប្រាក់កាស ដែលផ្តល់ឲ្យដោយសិស្សជារៀងរាល់ថ្ងៃបាននោះទេ។ កង្វះខាតខាងជីវភាពរបស់បុគ្គលិកសិក្សាអាចជាការជម្រុញឲ្យការបង្រៀនមិនបានដិតដល់ ថាមពលបង្រៀនរបស់លោកគ្រូ អ្នកគ្រូ នៅមិនទាន់អាចបញ្ចេញឲ្យអស់ពីសមត្ថភាពនោះឡើយ។
រួមផ្សំនឹងការលើកឡើងនេះដែរ សិស្សតូចៗនៅបឋមសិក្សាបានបាត់បង់ការតាំងចិត្តរៀនឲ្យបានពេញលេញទៅហើយ ដោយសារពេលវេលាអានអក្សររបស់ពួកគេនៅឯផ្ទះ ការធ្វើចំណោទដែលគ្រូដាក់ឲ្យ ត្រូវបានជំនួស ដោយការកាន់អាយផែត ឬទូរស័ព្ទស្មាតហ្វូនវាសចុះវាសឡើងស្ទើរសឹកម្រាមដៃ។ការលេងហ្គេមដែលផ្តើមចេញពីបច្ចេកវិជ្ជាទំនើប ទាន់សម័យ ទាំងអស់នេះបានឆក់យកពេលវេលាមួយចំនួនសម្រាប់សិស្ស ដែលមានថ្នាលអក្សរខ្មែរ នៅខ្ចីនៅឡើយ។
មួយវិញទៀត បរិយាកាសនៅជុំវិញសិស្សសាលាបឋមសិក្សាសព្វថ្ងៃកំពុងស្ថិតនៅក្នុងសភាពមិនលូតលាស់ខាងចំណេះដឹង ប្រសិនបើមាតាបិតា ឬអាណាព្យាបាលមិនយកចិត្តទុកដាក់។ការគេចសាលាចូលទៅកន្លែងលេងហ្គេមនៅតាមផ្ទះបើកបំរើអាំងទែណែតនានា និងឥទ្ធិពលនៃគ្រឿងញៀនដែលសាយភាយគ្រប់ទីកន្លែងក៏ជាហេតុផលមួយទាញកុមារក្មេងៗឲ្យភ្លេចការរៀនសូត្រដែរ។
ជាការពិតការអាននៅមានការខ្វះខាតច្រើន ហើយការសរសេរទៀតសោធក៏មានកំហុសអក្ខរាវិរុទ្ធ មិនតិចដែរ។ ដូចនេះដើម្បីឲ្យការអាននិងការសរសេររបស់សិស្ស វិលទៅរកភាពត្រឹមត្រូវដូចកាលពីការសិក្សារបស់មនុស្សជំនាន់មុន គប្បីត្រូវមានការរួបរួមគ្នាគិតពីបញ្ហានេះឡើងវិញ ដោយផ្តើមចេញពីក្រសួងអប់រំជាតិ និងស្នើឲ្យមានការយកចិត្តទុកដាក់ពីសំណាក់អ្នកពាក់ព័ន្ធ។
មានន័យថាមាតាបិតាឬអាណាព្យាបាលគួរតែកុំបណ្តោយហួសហេតុ ដល់កូនរបស់ខ្លួនដែលនៅមានខួរក្បាលក្មេងខ្ចីនៅឡើយ ឲ្យពួកគេងប់ងល់នឹងបច្ចេកវិជ្ជាទំនើប ដូចជាស្មាតហ្វូន ឬឧបករណ៍អេឡិចត្រូនិចមួយចំនួនទៀត។ ការប្រើប្រាស់ឬលេងឧបករណ៍ទំនើបទាំងអស់នេះ មិនមានអ្វីអវិជ្ជមាននោះទេព្រោះជាការដើរទាន់សម័យស៊ីវិល័យរបស់ស្រុកទេស។ ក៏ប៉ុន្តែប្រសិនបើបើកជ្រុល ដោយមិនមានការហាមឃាត់ ឬដាក់កំហិត នោះប្រាកដជាខួរក្បាលរបស់ក្មេងតូចៗ នឹកឃើញតែហ្គេម និងការសប្បាយតាមសម្ភារៈទំនើប ច្រើនជាងការរៀនសូត្រ។
នោះហើយជាចំណុចគ្រោះថ្នាក់របស់ជាតិ ដោយសារប្រទេសចេះតែវិវត្តិទៅមុខ ហើយធនធានមនុស្សចេះតែដើរថយក្រោយ។
គេគួរតែពង្រឹង និងផ្លាស់ប្តូរទំលាប់លោកគ្រូអ្នកគ្រូមួយចំនួន ដែលធ្លាប់តែព្រងើយកន្តើយ និងមិនសូវយកចិត្តទុកដាក់ក្នុងការបង្រៀនសិស្ស ដោយសំអាងទៅលើប្រាក់បៀវត្សន៍តិចតួចឲ្យវិលទៅរកភាពចាំបាច់ក្នុងការផ្តល់ចំណេះដឹងឲ្យសិស្សវិញជាពិសេសផ្នែកអក្សរសាស្ត្រ ដែលមានការកត់សម្គាល់ថា នៅមានភាពទន់ខ្សោយនៅឡើយនៅក្នុងអំណាន។
ដោយឡែក ឪពុកម្តាយ គួរតែយកចិត្តទុកដាក់លើការសិក្សារបស់កូនៗឲ្យបានខ្ពស់ ដោយហេតុថាពួកគេនៅតូចៗកំរិតបឋមសិក្សា ងាយនឹងរងនូវភាពមិនរីកដុះដាលខាងគំនិតដោយសារភាពមិនច្បាស់លាស់នៃមូលដ្ឋានគ្រឹះរបស់គេ។
ជាទូទៅការលំបាកក្នុងការសិក្សា និងហេតុផលផ្សេងៗនៅក្នុងគ្រួសារបានជម្រុញឲ្យសិស្សកំរិតបឋមសិក្សាមិនត្រឹមតែមិនសូវចេះអានប៉ុណ្ណោះទេ ថែមទាំងសិស្សមួយចំនួនសម្រេចចិត្តបោះបង់ចោលការសិក្សាផងដែរ។ជាក់ស្តែងចំនួនសិស្សដែលបានបញ្ចប់បឋមសិក្សាហើយចុះឈ្មោះចូលរៀន កំរិតអនុវិទ្យាល័យក្នុងឆ្នាំ២០១៤កន្លងទៅគឺមានត្រឹមតែ ៥៣ភាគរយប៉ុណ្ណោ។ នេះបើតាមតួលេខអង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល(NEP)។ ហើយអត្រាបោះបង់ការសិក្សារបស់សិស្សកំរិតនេះត្រូវបានរកឃើញថាស្ថិតនៅរង្វង់២០ភាគរយ។
ទោះជាយ៉ាងនេះក្តីគេនៅរំពឹងថា កំណែទម្រង់របស់ក្រសួងអប់រំ ដែលទើបតែមានអាយុកាលមួយរយៈពេលខ្លីនៅឡើយ នឹងផ្តោតការយកចិត្តទុកដាក់លើបញ្ហានេះ ហើយនឹងអាចកែប្រែស្ថានការណ៍បាន នាំសិស្សានុសិស្សវិលទៅរកការរៀនសូត្រពិតប្រាកដដូចសម័យកាលមុនៗ ដែល ចំណេះដឹងភាសាខ្មែរមានការរីកចំរើនខ្លាំងក្នុងជួរសិស្សានុសិស្ស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ