អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សិស្ស​នៅ​បឋមសិក្សា​ត្រូវបាន​កត់សម្គាល់ថា​កាន់តែ​ខ្សោយ​ការអាន​និង​សរសេរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​គ្រូបង្រៀន​នៅ​កំរិត​មធ្យម​សិក្សា​បាន​រអូ​រទាំ​និង​លើក​ឡើង​ថា​ការ​សិក្សា​សិស្ស​មួយ​ចំនួន​ខ្សោយ​ក្នុង​ការ​អាន​ ដោយ​មាន​ការ​កត់​សម្គាល់​ថា​សិស្ស​ដែល​បាន​បញ្ចប់​ថ្នាក់​បឋម​សិក្សា​ទៅ​ហើយ​នោះ​ ខ្លះ​នៅ​អាន​អក្សរ​រដាក់​រដុប​ និង​មិន​សូវ​ចេះ​អាន​ពាក្យ​ពិបាក​ បើ​ទោះ​ណា​ជា​គេ​ធ្លាប់​ជួប​កន្លង​មក​ច្រើន​ដង​ទៅ​ហើយ​ក៏​ដោយ។​ កម្សោយ​ក្នុង​ការ​អាន​និង​សរសេរ​ភាសាខ្មែរ​របស់​សិស្ស​ថ្នាក់​បឋម​សិក្សា ​បាន​ភ្ជាប់​ទៅ​នឹង​ហេតុផល​មួយ​ចំនួន​ដូចជា​វត្តមាន​កាន់​តែ​ច្រើន​នៃ​បច្ចេកវិជ្ជា​ទំនើប​ ការ​បង្រៀន​របស់​គ្រូ​មាន​កំរិត​ និង​បញ្ហា​សង្គម​ជា​ច្រើន​ទៀត។

សិស្ស​នៅ​ក្នុង​ពេល​ប្រឡង​បាក់ឌុបនាពេលលន្លងមក
សិស្ស​នៅ​ក្នុង​ពេល​ប្រឡង​បាក់ឌុបនាពេលលន្លងមក RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

តាម​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​កាល​ពី​ទសវត្ស​មុន​ៗ​ មិន​ដែល​ឮ​ពាក្យ​ថា​ កូន​ខ្មែរ​មាន​បញ្ហា​ក្នុង​ការ​អាន​និង​សរសេរ​ទេ​ ដោយសារ​ចំណេះ​ដែល​សម្គាល់​អត្តសញ្ញាណ​ទាំង​នេះ ​បាន​ចេញ​មក​ពី​វត្ត​អារ៉ាម។​វត្តអារ៉ាម​ជា​កន្លែង​ដែល​បណ្តុះ​អក្សរ​ខ្មែរ​ បាន​យ៉ាង​ច្បាស់​លាស់​និង​ប្រកប​ដោយ​ប្រសិទ្ធិភាព។

ក៏​ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ន​នេះ​ ការ​អាន​ត្រូវ​គេ​សង្កេត​ឃើញ​នៅ​ថ្នាក់​បឋម​សិក្សា​ថា​ មាន​គំលាត​គ្នា​យ៉ាង​ខ្លាំង​បើ​ប្រៀបធៀប​ទៅ​នឹង​សិស្ស​កាល​ពី​ប៉ុន្មាន​ទសវត្ស​មុន ​កុំ​ថា​ឡើយ​ប្រៀបធៀប​ជាមួយ​សិស្ស​រៀន​ចេញ​ពី​វត្ត​ ដែល​មាន​សក្តានុពល​ក្នុង​ការ​អាន​ និង​សរសេរ​បាន​យ៉ាង​ល្អ។

ការ​កត់​សម្គាល់​ដូច្នេះ​គឺ​ត្រូវ​បាន​រក​ឃើញ​ដោយ​គ្រូ​ៗ​មួយ​ចំនួន​នៅ​ថ្នាក់​មធ្យម​សិក្សា​បឋម​ភូមិ​និង​នៅ​ថ្នាក់​ទុតិយភូមិ​ ដោយ​សារ​សិស្ស​រៀន​កាន់​តែ​ខ្ពស់ ​ហើយ​ការ​អាន​នៅ​តែ​មាន​លក្ខណៈ​ប្រកប​រដាក់​រដុប​ និង​មិន​សូវ​ស្គាល់​ពាក្យ​ពិបាក​ៗ​ជា​ដើម។

ស្ថានភាព​បែបនេះ​ ចង់​មិន​ចង់​គេ​ត្រូវ​បន្ទោស​លើ​មូលដ្ឋាន​គ្រឹះ​របស់​សិស្ស​នៅ​ថ្នាក់​បឋម​សិក្សា ​ដែល​ថា​សិស្ស​ មាន​គ្រឹះ​មិន​រឹង​មាំ​ ហើយ​ជា​ការ​ព្រួយ​បារម្ភ​មួយ​ដែល​កូន​ខ្មែរ​ខ្សោយ​ភាសារ​ជាតិ។ហេតុផល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ​ គឺ​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ ដែល​ជា​ការ​រួម​ចំណែក​ទទួល​ខុស​ត្រូវ​ពី​លោកគ្រូ ​អ្នកគ្រូ​ ពី​សង្គម​បរិយាកាស ​និង​ពី​សិស្ស​ខ្លួន​ឯង​ផ្ទាល់។

ទាក់ទង​ទៅនឹង​ការ​ទទួល​ខុស​ត្រូវ​នៅ​សាលា ​ប្រាក់​បៀវត្សន៍​នៅ​តែ​ជា​បញ្ហា​នៅ​ឡើយ​បើទោះ​ណា​ជា​រដ្ឋាភិបាល​បាន​ប្រកាស​ពី​ការ​លើកទឹក​ចិត្ត​តម្លើង​ប្រាក់​បៀវត្សន៍​ដល់​គ្រូ​បង្រៀន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ក៏​ដោយ។ ​លោកគ្រូ អ្នកគ្រូ​មិន​អាច​ថា​មិន​ពឹង​ពាក់​ប្រាក់កាស​ ដែល​ផ្តល់​ឲ្យ​ដោយ​សិស្ស​ជា​រៀងរាល់​ថ្ងៃ​បាន​នោះ​ទេ។ កង្វះ​ខាត​ខាង​ជីវភាព​របស់​បុគ្គលិក​សិក្សា​អាច​ជា​ការ​ជម្រុញ​ឲ្យ​ការ​បង្រៀន​មិន​បាន​ដិតដល់ ​ថាមពល​បង្រៀន​របស់​លោកគ្រូ ​អ្នកគ្រូ នៅ​មិន​ទាន់​អាច​បញ្ចេញ​ឲ្យ​អស់​ពី​សមត្ថភាព​នោះ​ឡើយ។

រួមផ្សំ​នឹង​ការ​លើក​ឡើង​នេះ​ដែរ​ សិស្ស​តូច​ៗ​នៅ​បឋម​សិក្សា​បាន​បាត់បង់​ការ​តាំង​ចិត្ត​រៀន​ឲ្យ​បាន​ពេញ​លេញ​ទៅ​ហើយ​ ដោយសារ​ពេល​វេលា​អាន​អក្សរ​របស់​ពួកគេ​នៅ​ឯផ្ទះ​ ការ​ធ្វើ​ចំណោទ​ដែល​គ្រូ​ដាក់​ឲ្យ​ ត្រូវ​បាន​ជំនួស​ ដោយ​ការ​កាន់​អាយផែត​ ឬ​ទូរស័ព្ទ​ស្មាតហ្វូន​វាស​ចុះ​វាស​ឡើង​ស្ទើរ​សឹក​ម្រាមដៃ។ការ​លេង​ហ្គេម​ដែល​ផ្តើម​ចេញ​ពី​បច្ចេក​វិជ្ជា​ទំនើប​ ទាន់​សម័យ​ ទាំង​អស់​នេះ​បាន​ឆក់​យក​ពេល​វេលា​មួយ​ចំនួន​សម្រាប់​សិស្ស ​ដែល​មាន​ថ្នាល​អក្សរ​ខ្មែរ​ នៅ​ខ្ចីនៅ​ឡើយ។

មួយ​វិញ​ទៀត​ បរិយាកាស​នៅ​ជុំវិញ​សិស្ស​សាលាបឋម​សិក្សា​សព្វ​ថ្ងៃ​កំពុង​ស្ថិត​នៅ​ក្នុង​សភាព​មិន​លូតលាស់​ខាង​ចំណេះដឹង​ ប្រសិន​បើ​មាតាបិតា​ ឬ​អាណាព្យាបាល​មិន​យក​ចិត្ត​ទុក​ដាក់។​ការ​គេច​សាលា​ចូល​ទៅ​កន្លែង​លេង​ហ្គេម​នៅ​តាម​ផ្ទះ​បើក​បំរើ​អាំងទែណែត​នានា​ និង​ឥទ្ធិពល​នៃ​គ្រឿង​ញៀន​ដែល​សាយ​ភាយ​គ្រប់​ទីកន្លែង​ក៏​ជា​ហេតុផល​មួយ​ទាញ​កុមារ​ក្មេង​ៗ​ឲ្យ​ភ្លេច​ការ​រៀន​សូត្រ​ដែរ។

ជា​ការ​ពិត​ការ​អាន​នៅ​មាន​ការ​ខ្វះខាតច្រើន​ ហើយ​ការ​សរសេរ​ទៀត​សោធ​ក៏​មាន​កំហុស​អក្ខរាវិរុទ្ធ​ មិន​តិច​ដែរ។ ដូចនេះ​ដើម្បី​ឲ្យ​ការ​អាន​និង​ការ​សរសេរ​របស់​សិស្ស ​វិល​ទៅ​រក​ភាព​ត្រឹមត្រូវ​ដូច​កាល​ពី​ការ​សិក្សា​របស់​មនុស្ស​ជំនាន់​មុន​ គប្បី​ត្រូវ​មាន​ការ​រួបរួម​គ្នា​គិត​ពី​បញ្ហា​នេះ​ឡើង​វិញ​ ដោយ​ផ្តើម​ចេញ​ពី​ក្រសួង​អប់រំ​ជាតិ​ និង​ស្នើ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អ្នក​ពាក់ព័ន្ធ។

មាន​ន័យថា​មាតាបិតា​ឬ​អាណាព្យាបាល​គួរ​តែ​កុំ​បណ្តោយ​ហួសហេតុ​ ដល់​កូន​របស់​ខ្លួន​ដែល​នៅ​មាន​ខួរក្បាល​ក្មេង​ខ្ចី​នៅ​ឡើយ​ ឲ្យ​ពួក​គេ​ងប់ងល់​នឹង​បច្ចេកវិជ្ជា​ទំនើប​ ដូចជា​ស្មាតហ្វូន​ ឬ​ឧបករណ៍​អេឡិច​ត្រូនិច​មួយ​ចំនួន​ទៀត។ ​ការ​ប្រើប្រាស់​ឬ​លេង​ឧបករណ៍​ទំនើប​ទាំង​អស់​នេះ​ មិន​មាន​អ្វី​អវិជ្ជមាន​នោះ​ទេ​ព្រោះ​ជា​ការ​ដើរ​ទាន់​សម័យ​ស៊ីវិល័យ​របស់​ស្រុក​ទេស។ ​ក៏​ប៉ុន្តែ​ប្រសិន​បើ​បើក​ជ្រុល ​ដោយ​មិន​មាន​ការ​ហាម​ឃាត់​ ឬ​ដាក់​កំហិត​ នោះ​ប្រាកដ​ជា​ខួរក្បាល​របស់​ក្មេង​តូច​ៗ​ នឹក​ឃើញ​តែ​ហ្គេម​ និង​ការ​សប្បាយ​តាម​សម្ភារៈ​ទំនើប​ ច្រើន​ជាង​ការ​រៀន​សូត្រ។

នោះ​ហើយ​ជា​ចំណុច​គ្រោះថ្នាក់​របស់​ជាតិ​ ដោយសារ​ប្រទេស​ចេះ​តែ​វិវត្តិ​ទៅ​មុខ​ ហើយ​ធនធាន​មនុស្ស​ចេះ​តែ​ដើរ​ថយ​ក្រោយ។

គេ​គួរ​តែ​ពង្រឹង​ និង​ផ្លាស់​ប្តូរ​ទំលាប់​លោក​គ្រូ​អ្នក​គ្រូ​មួយ​ចំនួន​ ដែល​ធ្លាប់​តែ​ព្រងើយ​កន្តើយ​ និង​មិន​សូវ​យកចិត្ត​ទុកដាក់​ក្នុង​ការ​បង្រៀន​សិស្ស ​ដោយ​សំអាង​ទៅ​លើ​ប្រាក់​បៀវត្សន៍​តិច​តួច​ឲ្យ​វិល​ទៅ​រក​ភាព​ចាំបាច់​ក្នុង​ការ​ផ្តល់​ចំណេះដឹង​ឲ្យ​សិស្ស​វិញ​ជា​ពិសេស​ផ្នែក​អក្សរសាស្ត្រ​ ដែល​មាន​ការ​កត់​សម្គាល់​ថា​ នៅ​មាន​ភាព​ទន់ខ្សោយ​នៅ​ឡើយ​នៅ​ក្នុង​អំណាន។

ដោយ​ឡែក​ ឪពុកម្តាយ គួរ​តែ​យក​ចិត្ត​ទុកដាក់​លើ​ការ​សិក្សា​របស់​កូន​ៗ​ឲ្យ​បាន​ខ្ពស់​ ដោយ​ហេតុថា​ពួកគេ​នៅ​តូច​ៗ​កំរិត​បឋម​សិក្សា ​ងាយ​នឹង​រងនូវ​ភាព​មិន​រីកដុះ​ដាល​ខាង​គំនិត​ដោយ​សារ​ភាព​មិន​ច្បាស់លាស់​នៃ​មូលដ្ឋាន​គ្រឹះ​របស់​គេ។

ជាទូទៅ​ការ​លំបាក​ក្នុង​ការ​សិក្សា ​និង​ហេតុផល​ផ្សេង​ៗ​នៅ​ក្នុង​គ្រួសារ​បាន​ជម្រុញ​ឲ្យ​សិស្ស​កំរិត​បឋម​សិក្សា​មិន​ត្រឹម​តែ​មិន​សូវ​ចេះ​អាន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​សិស្ស​មួយ​ចំនួន​សម្រេច​ចិត្ត​បោះ​បង់​ចោល​ការ​សិក្សា​ផង​ដែរ។​ជាក់ស្តែង​ចំនួន​សិស្ស​ដែល​បាន​បញ្ចប់​បឋម​សិក្សា​ហើយ​ចុះ​ឈ្មោះ​ចូល​រៀន​ កំរិត​អនុវិទ្យាល័យ​ក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ​គឺ​មាន​ត្រឹមតែ​ ៥៣​ភាគរយ​ប៉ុណ្ណោ។​ នេះ​បើ​តាម​តួលេខ​អង្គការ​ភាព​ជា​ដៃ​គូ​អប់​រំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​(NEP)។ ហើយ​អត្រា​បោះបង់​ការ​សិក្សា​របស់​សិស្ស​កំរិត​នេះ​ត្រូវ​បាន​រក​ឃើញ​ថា​ស្ថិត​នៅ​រង្វង់​២០​ភាគរយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី​គេ​នៅ​រំពឹង​ថា​ កំណែ​ទម្រង់​របស់​ក្រសួង​អប់រំ​ ដែល​ទើប​តែ​មាន​អាយុកាល​មួយ​រយៈពេល​ខ្លី​នៅ​ឡើយ​ នឹង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ​ ហើយ​នឹង​អាច​កែប្រែ​ស្ថានការណ៍​បាន​ នាំ​សិស្សានុសិស្ស​វិល​ទៅ​រក​ការ​រៀន​សូត្រ​ពិត​ប្រាកដ​ដូច​សម័យកាល​មុន​ៗ​ ដែល​ ចំណេះ​ដឹង​ភាសាខ្មែរ​មាន​ការ​រីក​ចំរើន​ខ្លាំង​ក្នុង​ជួរ​សិស្សានុសិស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ